ឆាក​ជីវិត​ជូរចត់​របស់​ ហ៊ាំង ង៉ោ តារា​ខ្មែរ​តែ​មួយ​គត់​ធ្លាប់​ទទួល​ពាន Oscar

រហូត​មក​ដល់​ពេល​នេះ សិល្បករ​រៀមច្បង ហ៊ាំង ង៉ោ​នៅ​តែ​ជា​តារា​សម្ដែង​​ប្រុស​អាស៊ី​តែ​មួយ​គត់​ដែល​ធ្លាប់​ទទួល​រង្វាន់ “តួ​រង​ប្រុស​ល្អ​បំផុត” នៅ​ក្នុង​ប្រវត្តិសាស្ត្រ Oscar។

 

លោក ហ៊ាំង សំណាង​ង៉ោ កើត​នៅ​ថ្ងៃ​ទី ២២ ខែ​មីនា ឆ្នាំ ១៩៤០ នៅ​​ឃុំ​សំរោង​យ៉ោង ខេត្ត​តាកែវ។ ថ្ងៃ ទី២៥ ខែ​មីនា ឆ្នាំ ១៩៨៥ ហ៊ាំង ង៉ោ​ត្រូវ​បាន​គេ​ប្រកាស​ឈ្មោះ​ឈ្នះ​ពាន​រង្វាន់ “តួរង​ប្រុស​ល្អ​បំផុត” សម្រាប់​ភាពយន្ត “The Killing Fields”។ គួរ​ឲ្យ​សោក​ស្ដាយ​លោក​ត្រូវ​​ក្រុម​ចោរ​ចោរ​​បាញ់​សម្លាប់​នៅ​ទីក្រុង Los Angeles នៅ​ដើម​ឆ្នាំ ១៩៩៦ ក្នុង​អាយុ ៥៥ ឆ្នាំ។ បច្ចុប្បន្ន ពាន​មាស​របស់ ហ៊ាំង ង៉ោ ត្រូវ​បាន​ក្មួយ​ស្រី​របស់​លោក​រក្សា​ទុក​នៅ​គេហដ្ឋាន​របស់​នាង។ សុភា ង៉ោ បាន​ជំពាក់​​គុណ​លោក​ពូ​ដែល​បាន​លាចាក​លោក​របស់​ខ្លួន​ច្រើន​ណាស់ ព្រោះ​លោក​ជា​អ្នក​រំដោះ​នាង​ចេញ​ពី​ប្រទេស​កម្ពុជា​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្មែរ​​ក្រហម។

 

ឆាក​ជីវិត​ជូរចត់​របស់​ ហ៊ាំង ង៉ោ តារា​ខ្មែរ​តែ​មួយ​គត់​ធ្លាប់​ទទួល​ពាន Oscar

 

ដំណើរ​ផ្សងព្រេង​ពី​ប្រទេស​កម្ពុជា​ទៅ​ដល់​កម្មវិធី​ប្រគល់​រង្វាន់ Oscar ​ក្នុង​ឆ្នាំ ១៩៨៥ របស់​ពូ​ក្មួយ​ទាំង ២​ប៊ិះ​ទទួល​បរាជ័យ​ដោយ​មូលហេតុ​គួរ​ឲ្យ​អស់​សំណើច នោះ​គឺ​ស្ទះផ្លូវ។ រថយន្ត​ Limousine ដ៏​របស់​ពួក​គេ​ត្រូវ​ជាប់​គាំង​នៅ​លើ​ផ្លូវ Los Angeles។ នៅ​ពេល​តារា​សម្ដែង Linda Hunt ប្រកាស​ឈ្មោះ​បេក្ខភាព​ប្រជែង​រង្វាន់ “តួរង​ប្រុស​ល្អ​បំផុត” ហ៊ាំង ង៉ោ និង សុភា មិន​ទាន់​ទាំង​ចូល​មក​ដល់​កៅអី​របស់​ខ្លួន​ផង។ សំណាង​ល្អ ពូ​ក្មួយ​ទាំង​២​នេះ បាន​មក​ដល់​មហោស្រពDorothy Chandler Pavilion ទាន់​ពេល​នៅ​ពេល​គេ​ប្រកាស​ឈ្មោះ​អ្នក​ឈ្នះ​ពិត​ប្រាកដ។ លោក​បាន​ប្រញាប់​រត់​ឡើង​លើ​ឆាក និង​ថ្លែង​អំណរ​គុណ​ដល់​កាយរឹទ្ធិ Pat Golden របស់​ភាពយន្ត “The Killing Fields” ផលិតកម្ម​ភាពយន្ត Warner Bros និង​ព្រះ​ជា​ម្ចាស់។ ត្រលប់​មក​ដល់​ផ្ទះ​វិញ តារា​សម្ដែង​​កើត​ឆ្នាំ ១៩៤០ បាន​ប្រគល់​ពាន​មាស​ទៅ​កាន់​ក្មួយ​ស្រី ហើយ​និយាយ​ថា៖ “រង្វាន់​មួយ​នេះ​គឺ​សម្រាប់​ក្មួយ ពូ​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​គឺ​ដើម្បី​ក្មួយ”។

 

ឆាក​ជីវិត​ជូរចត់​របស់​ ហ៊ាំង ង៉ោ តារា​ខ្មែរ​តែ​មួយ​គត់​ធ្លាប់​ទទួល​ពាន Oscar

 

ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ទទួល​ពាន​របស់​ពូ​ក្មួយ​២​នាក់​នេះ​ចាប់​ផ្ដើម​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៧៩។ នៅ​ពេល​នោះ សុភី ទើប​តែ​មាន​អាយុ ១០​ឆ្នាំ​ប៉ុណ្ណោះ ហើយ​កំពុង​រស់​នៅ​កណ្ដាល​វាល​មីន​និង​តែង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រេកឃ្លាន​ជា​និច្ច។ ក្មេង​ស្រី​រូប​នេះ​ត្រូវ​បាន​ពូ​របស់​ខ្លួន​​ជម្លៀស​ចេញ​ពី​ការ​គ្រប់គ្រង​របស់​ខ្មែរ​ក្រហម​ទៅ​កាន់​ជំរំ​ភៀសខ្លួន​មួយ​​នៅ​ប្រទេស​ថៃ ក្រោយ​មក​ពួក​គេ​បាន​ធ្វើ​ការ​ចំណាក​ស្រុក​ទៅ​កាន់​សហរដ្ឋ​អាមេរិក។

 

រស់​នៅ​សហរដ្ឋអាមេរិក​បាន ៤ ឆ្នាំ ហ៊ាំង ង៉ោ​ក៏​ជួប​ព្រឹត្តិការណ៍​មួយ​ដែល​ផ្លាស់​ប្ដូរ​ជីវិត​របស់​ខ្លួន​ជា​រៀង​រហូត។ នៅ​ថ្ងៃ​មួយ កាយរឹទ្ធិ Pat Golden កំពុង​តែ​ស្វែង​រក​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ដើម្បី​តួ​អ្នក​កាសែត​ល្បី​ឈ្មោះ ឌិត ប្រន នៅ​ក្នុង​រឿង”The Killing Fields”។ លោក​ក៏​ចៃដន្យ​បាន​ជួប​នឹង ហ៊ាំង ង៉ោ​ នៅ​ពិធី​មង្គលការ​មួយ​នៅ​ទី​ក្រុង Long Beach រដ្ឋ California។ “កែវ​ភ្នែក​របស់​គេ​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា គេ​មាន​សមត្ថភាព​សម្ដែង​ពី​កំណើត”។ កាយរឹទ្ធិ​រូប​នេះ​ប្រាប់​ទៅកាន់ The Hollywood Reporter។

 

ឆាក​ជីវិត​ជូរចត់​របស់​ ហ៊ាំង ង៉ោ តារា​ខ្មែរ​តែ​មួយ​គត់​ធ្លាប់​ទទួល​ពាន Oscar

 

លោក​បាន​ត្រលប់​មក​ប្រទេស​ថៃ​វិញ​ដើម្បី​ថត​ភាពយន្ត “The Killing Fields”។ ប្រគល់ សុភា ឲ្យ​ម៉ែ​ដោះ​ជួយ​មើល​ថែ ហ៊ាំង ង៉ោ ត្រូវ​ប្រឈម​មុខ​នឹង​ការ​ឈឺចាប់​ម្ដង​ទៀត ព្រោះ​អនុស្សាវរីយ​ខ្មៅ​ងងឹត​ទាំង​ឡាយ​បាន​ហូរ​ត្រលប់​មក​វិញ​ពេល​លោក​ត្រូវ​ថត​ឈុត​ឆាក​ដែល​ខ្លួន​ធ្លាប់​ឆ្លង​កាត់។ មុន​ពេល​​ខ្មែរ​ក្រហម​ចូល​ប្រទេស ហ៊ាំង ង៉ោ គឺ​ជា​វេជ្ជបណ្ឌិត​មួយ​រូប។ លោក​នឹក​ឃើញ​​កាល​ដែល​លោក​ប្រទះឃើញ​​ប្រពន្ធ​ខ្លួន​ឯង​​កំពុង​ទទួលមរណភាព​​ពេល​សម្រាល​កូនទាំង​មិន​អាច​ធ្វើ​អ្វី​បាន ព្រោះ​បើ​សិន​ជា​លោក​ហ៊ាន​ឲ្យ​គេ​ដឹង​ថា​លោក​ជា​វេជ្ជបណ្ឌិត​នោះ គ្រួសារ​ទាំង​មូល​របស់​លោក​នឹង​ត្រូវ​បាន​គេ​សម្លាប់​ចោល។ យ៉ាងណាក៏ដោយ លោក​មិន​បាន​ភ័យខ្លាច​ចំពោះ​រឿង​ឈឺផ្សា​ទាំង​អស់​នោះ​ទេ។ Roland Joffe អ្នក​ដឹកនាំ​រឿង “The Killing Fields” បាន​ឲ្យ​ដឹង​ថា៖ “ការ​សម្ដែង​ទាមទារ​ឲ្យ​អ្នក​​ត្រូវ​ដាក់​ព្រលឹង​ចូល​ទៅ​ក្នុង​តួ ហើយ​នោះ​គឺ​ជា​អ្វី​ដែល ហ៊ាំង ង៉ោ បាន​ធ្វើ”។

 

ក្រោយ​ពេល​ទទួល​បាន​ពាន Oscar ដ៏​មាន​តម្លៃ ហ៊ាំង ង៉ោ បាន​ទទួល​ថត​ភាពយន្ត​ក៏​ដូច​ជា​រឿង​ភាគ​ជា​ច្រើន​ទៀត​ក្នុង​រយៈពេល ១០​ឆ្នាំ​ក្រោយ​មក។ លោក​ក៏​បាន​ឆក់​ឱកាស​នេះ ដើម្បី​ធ្វើ​កម្មវិធី​ជជែក​គ្នា​ដើម្បី​និយាយ​ដល់​ស្រុក​កំណើត​ដែល​បាន​បាត់​បង់​ប្រជាជន​ជាង ២​លាន​នាក់​ក្នុង​របប​ខ្មែរ​ក្រហម​ផង​ដែរ។

 

ឆាក​ជីវិត​ជូរចត់​របស់​ ហ៊ាំង ង៉ោ តារា​ខ្មែរ​តែ​មួយ​គត់​ធ្លាប់​ទទួល​ពាន Oscar

 

ក្មួយ​ស្រី ង៉ោ សុភា នៅ​ពេល​នេះ​មាន​អាយុ ៤៦ ឆ្នាំ​ហើយ។ នាង​តែងតែ​មាន​អារម្មណ៍​ថា​ឈឺចាប់​រាល់​ពេល​នឹក​ដល់​លោក​ពូ​របស់​ខ្លួនដែល​បាន​លាចាក​លោក​។ “គាត់​​គឺ​ជា​អ្វី​ៗ​គ្រប់​យ៉ាង​របស់​ខ្ញុំ។ គាត់​គឺ​​ជា​ ឪពុក ជា​ម្ដាយ ជា​ពូ ហើយ​ក៏​ជា​មិត្តភ័ក្ដិ​ម្នាក់​ផង​ដែរ។ នៅ​ពេល​ដែល​លោក​ត្រូវ​គេ​សម្លាប់ ពួក​គេ​យក​​សាច់ញាតិ​បួន​នាក់​របស់​ខ្ញុំ​ចេញ​ពី​ជីវិត​របស់​ខ្ញុំ​ជា​រៀង​រហូត”។ ពាន​មាស Oscar របស់ ហ៊ាំង ង៉ោ នៅ​ពេល​នេះ​ត្រូវ​បាន សុភា យក​ក្រណាត់​ខ្មៅ​គ្រប​ទុក​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ។ ចាប់​តាំង​ពី​ថ្ងៃ​លោក​ពូ​ខ្លួន​ចាក​ចេញ​ទៅ ក្មួយ​ស្រី​រូប​នេះ មិន​ដែល​ឆ្លើយ​តប​នឹង​អ្នក​កាសែត​នោះ​ទេ​ព្រោះ​នាង​មិន​ចង់​នឹក​ដល់​រឿង​ដែល​កន្លង​ផុត​ទៅ។ “ប៉ុន្តែ​ខ្ញុំ​គិត​ថា ខ្ញុំ​ត្រូវ​តែ​រឹងមាំ។ ភាព​ល្បី​ឈ្មោះ​បាន​ធ្វើ​ឲ្យ​ពាក្យ​សម្ដី​របស់​ពូ​ខ្ញុំ​ទៅដល់​អ្នក​គ្រប់​គ្នា។ គ្រប់​ពេល​ដែល​អ្នកណា​ម្នាក់​មើល​ឃើញ​ពាន Oscar របស់​លោក គេ​តែង​តែ​សួរ​ខ្ញុំ​ពី​ប្រទេស​កម្ពុជា។ ខ្ញុំ​គិត​ថា​កេរ្តិ៍​ឈ្មោះ​របស់​លោក​នឹង​រស់រាន​ជា​រៀង​រហូត”។ សុភា និយាយ៕

 

ចុចអាន៖Leonardo Dicaprio ឈ្នះ​ពាន Oscar លើក​ដំបូង​ ក្រោយ​​ការ​រង់​ចាំ​ជាង​២០​ឆ្នាំ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing