ស្ត្រី​ក្រខ្សត់​យក​ដើមឈើ​ធ្វើ​ជម្រក​

Doliprane TVC

6 Video

​ស្ត្រី​វ័យ​ជ្រេ​ម្នាក់​បានសម្រេច​ចិត្ត​ជ្រើស​រើសយក​ទីកន្លែង​រស់នៅ​ដាច់ស្រយាលក្បែរ​ជើងភ្នំ​ឆ្ងាយ​ពី​អ្នកស្រុក​អ្នកភូមិ​ក្នុង​គោលបំណង​ដើម្បី​រក​កន្លែង​ស្ងប់ស្ងាត់​រស់នៅ​ជាមួយនឹង​ព្រះធម៌ ។ ការរស់នៅ​ក្នុងព្រៃ​ដោយ​យក​ដើមឈើ​និង​សម្បកឈើ​ធ្វើជា​ជម្រក​នេះវា​ហាក់បីដូចជា​យក​ជីវិត​ដ៏​ផុយស្រួយ​របស់គាត់​ទៅ​ផ្សង​នឹង​គ្រោះថ្នាក់​គ្រប់ពេលវេលា​តែម្នាក់ឯង ។​

នៅក្នុង​ព្រៃ​ស្ងាត់​ក្បែរ​ជើងភ្នំ​ម្រេច​ដែលមាន​ចម្ងាយ​ប្រហែលជា​ដប់​គីឡូម៉ែត្រ​ពី​ភូមិ​អ្នកស្រុកក្នុង​ចំណុច​ព្រំប្រទល់​ស្រុក​វ៉ារិន និង ស្រុក​អង្គរជុំ ខេត្តសៀមរាប មាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បានជ្រើស​យក​ទីតាំង​នោះ​ផ្ញើ​ជីវិត​រស់នៅ​ក្នុងព្រៃ​យ៉ាងកណ្តោចកណ្តែង​តែម្នាក់ឯង​ដោយ​មិន​ព្រួយបារម្ភពី​អាយុជីវិត​របស់ខ្លួន​ដែល​ហ៊ុមព័ទ្ធ​ទៅដោយ​សត្វ​សាហាវៗ​និង​អាច​បង្ក​គ្រោះថ្នាក់​គ្រប់ពេលវេលា ។​

ADS Here

ស្ត្រី​ក្រខ្សត់​យក​ដើមឈើ​ធ្វើ​ជម្រក​

​ស្ថិតក្នុង​សម្លៀកបំពាក់​ចាស់​រយីក​រយាក​រូប​កាយ​ស្គមកំព្រឹងសក់​ក្បាល​សំពីងសំពោង​ចាក់ស្រេះ​គ្នា ដូច​ឫស​ឫស្សី​ស្ត្រី​ម្នាក់​កំពុង​ឈរ​មុខ​ខ្ទម​ធ្លុះធ្លាយដែល​យក​ដើម​ស្តៅ​ធ្វើជា​សសរសម្បកឈើ​ធ្វើជា​ជញ្ជាំងដំបូល​ប្រក់​ស័ង្កសី​ការពារ​កម្តៅ​ព្រះអាទិត្យ​និង​តំណក់​គ្រាប់​ភ្លៀង ។ ស្ត្រី​រូបនេះ​មិន​ព្រម​ប្រាប់ ឈ្មោះ​ទេ ប៉ុន្តែ​គាត់​បាន​រៀបរាប់​ពី​ខ្សែជីវិត​របស់គាត់​ឱ្យដឹងថា​គាត់​មាន​អាយុ​ហាសិប​ឆ្នាំ ជា​ក្រមុំចាស់​និង​មាន​បងប្អូន​ប្រាំ​បីនាក់​រស់នៅ​រាជធានី​ភ្នំពេញ ។ ស្ត្រី​រូបនេះ​បាន​បន្ត​ដោយ​សម្តី​ទន់ភ្លន់​មួយ​ម៉ាត់ៗ​ថា​គាត់​បាន​វេច​បង្វេចខោអាវ​ចាកចេញ ពី​ស្រុកកំណើត​និង​សាច់ញាតិ​ជិត​ដប់ឆ្នាំ​មកហើយ ដើម្បី​សិក្សា​ឈ្វេងយល់​ព្រះធម៌​សន្សំ​បុណ្យ​កុសល​ទុក​សម្រាប់​ជាតិ​ក្រោយ ។

ពេលនោះ​គាត់​បានសម្រេច​ចិត្ត​ដើរ​ចេញពីផ្ទះ​ដំបូង​ជីវិត​របស់គាត់​បានរ​សាត់អណ្តែត​តែលតោល​តែម្នាក់ឯង​គ្មាន​គោលដៅ​ដោយ ផ្លាស់​ពី​ទីកន្លែង​មួយ​ទៅ​ទីកន្លែង​មួយ​តាមចិត្ត​នឹកឃើញ ដោយ​មិនបាន​បារម្ភ​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក្នុង​រូបភាព​ណាមួយ​ឡើយ​រហូត​គាត់​បានមកស្នាក់នៅ​រៀន​ធម៌​នៅ​វត្ត​វឌ្ឍនៈ​បាន​ពីរ​ឆ្នាំ ។ ក្រោយ មកទៀត​បានមក​ស្នាក់នៅ​វត្ត​បន្ទាយស្រី​រយៈពេល​ពីរ​ឆ្នាំ បន្ទាប់មក​ទើប​មក​ស្នាក់នៅ​កណ្តាល​ព្រៃ​ស្ងាត់ ដែល​ពោរពេញ​ទៅដោយ​សត្វ​សាហាវៗ​នេះ​នៅក្នុង​កំលុង​ឆ្នាំ ២០១១ ។​

ស្ត្រី​ក្រខ្សត់​យក​ដើមឈើ​ធ្វើ​ជម្រក​

​ចាប់តាំងពី​ស្ត្រី​រូបនេះ​មក​រស់នៅក្នុង​ព្រៃភ្នំ​គាត់​មិនមាន​របស់ទ្រព្យ​អ្វី​សំខាន់​ភ្ជាប់​មកជា​មួយ​ទេក្រៅពី​ខ្លួន​និង​ព្រះឆាយាល័ក្ខណ៍​របស់​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង​សម្រាប់គោរពបូជា​នោះទេ ។ ពេល​គាត់​មកដល់​ដំបូង​គាត់​បាន​ប្រមែប្រមូល​មែកឈើ​យកមកដាក់​គង​គ្នា​លើ​ចំ​ពាម​ដើម​ស្តៅ​និង​យក​ខ្សែរឹត​ចង​មាន​កម្ពស់​ពី​ដី​ប្រហែល​ត្រឹម​ចង្កេះធ្វើជា​ធ្នើរ​សម្រាប់​អាស្រ័យ​នៅ ។ ចំណែកឯ​ដំបូល​វិញ​គាត់​បាន​យកតែ​ស័ង្កសី​បួន​ទៅប្រាំ​សន្លឹក​មក​គ្របពីលើ​ខ្ទម​ដ៏​កម្សត់​នោះ​ហើយ​គាត់​ក៏បាន​យក​សម្បកឈើ​គ្រប់​ប្រភេទមក​តម្រៀប​គ្នា​បាំងបិទ​ធ្វើជា​ជញ្ជាំង​ប្រសើរ​ជាង​អត់ ។ គាត់​បានសម្រេច​ចិត្តរ​ស់​នៅក្នុង ព្រៃ​ស្មសាន​ដែលមាន​សត្វ​សាហាវ​គ្រប់​ប្រភេទ​ងាយ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត របស់គាត់ តែ​សម្រាប់​គាត់​វា​ក្លាយទៅជា​រឿង​ធម្មតា​ទៅហើយ​គ្មានអ្វី​ចម្លែក​ទេ​ព្រោះ ដើម្បី​បានសម្រេច​នូវ​បំណង​ដ៏​ធំ​សម្រាប់​ជីវិត​របស់គាត់ ។

ស្ត្រី​ដ៏​កម្សត់​រូបនេះ​បាន​ប្រាប់ ថា​«​បំណង​របស់ខ្ញុំ​មានតែ​មួយគត់​គឺ​មក​រស់នៅ​ដើម្បី​ស្វែងរក​ព្រះធម៌​របស់​ព្រះសម្មាសម្ពុទ្ធ បរមគ្រូ​នៃ​យើង ។ ពាក់ព័ន្ធ​នឹង​បញ្ហា​សុវត្ថិភាព​ផ្ទាល់ខ្លួន​វិញ​ខ្ញុំ​មិន​ខ្លាចរអា​អ្វី​នោះឡើយ​» ។ ជា​រៀងរាល់​យប់​មាន​សត្វ​ពស់​តូចធំ​ជាច្រើន​ក្បាលមាន​ទាំង​ពស់មានពិស​និង​មិន មាន​ពិស​បាន​លូន​សំដៅ​មក​ក្បែរៗ​ខ្ទម​របស់គាត់​និង​មានពេលខ្លះ​វា​លូន​ឡើង​មកលើ​ខ្ទម លៀន​អណ្តាត​ដាក់​គាត់​ទៀតផង ។ គាត់​មិន​យកចិត្តទុកដាក់​នឹង​សត្វ​ទាំងអស់​នោះឡើយព្រោះ​គាត់​យល់ថា​សេចក្តីស្លាប់​របស់​មនុស្ស​កម្ម​ជា​អ្នកកំណត់ អ្វីដែល​សំខាន់​នៅក្នុង​ចិត្ត​របស់គាត់​មានតែ​ព្រះធម៌​តែប៉ុណ្ណោះ ។ចំពោះ​ចំណីអាហារ​វិញ ការហូបចុក​ផ្សេងៗ​គឺ​អាស្រ័យ​តែ​ទៅលើ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្បែរៗ នោះ​មាន​ចិត្តបុណ្យ​យកមក​ឱ្យ​គាត់​ម្តងម្កាល​សម្រាប់​បន្តជីវិត ព្រោះ​គាត់​ជា​អ្នក​កាន់សីល​មិន​ជឿថា​ព្រះ​ទុកឱ្យ​ដាច់ពោះ​ស្លាប់​នោះទេ ។​

ស្ត្រី​ក្រខ្សត់​យក​ដើមឈើ​ធ្វើ​ជម្រក​

​លោក ជឿន ថា ហៅ ចិក ជា​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​អង្គរជុំ​បានឱ្យដឹងថា​កន្លងមក​លោកធ្លាប់​ឃើញ​មាន​ព្រះសង្ឃ​និមន្ត​ចូលក្នុង​ព្រៃ​ដើម្បី​កាប់​អុស​នៅតាម​ជើងភ្នំ​ក្បែរ​ខ្ទម​ស្ត្រី​រូបនោះ​ដែរ ហើយ ត្រូវបាន​ស្ត្រី​រូបនេះ​រៀបចំ​ចង្ហាន់​ប្រគេន​ដល់​ព្រះសង្ឃ​ទៀតផង ។ ជាមួយគ្នានេះដែរ​ការរស់នៅ​របស់គាត់ បែបនេះ លោក​ក៏​បារម្ភ​ចំពោះ​សុវត្ថិភាព​អាយុជីវិត​គាត់​ដែរ​ព្រោះ​វា​ផ្សង​នឹង​គ្រោះថ្នាក់​ខ្លាំងណាស់ ។ លោក​ចង់ឱ្យ​ស្ត្រី​រូបនេះ​មក​រស់នៅ​ក្នុងភូមិ​ជាមួយនឹង​អ្នកស្រុក​ណាស់តែ​ទោះបីជា​ប្រជាពលរដ្ឋ​ក៏ដូចជា អាជ្ញាធរ​ធ្លាប់បាន​ទៅ​ហៅ​ស្ត្រី​ចំណាស់​រូបនេះ​ឱ្យមក​រស់នៅ​ក្នុងភូមិ​យ៉ាងណាក្តី​ក៏​គាត់​មិន​ព្រម​មក​ដែរ ។​

​លោក សៅ រី​ណា ជំទប់​ឃុំ​គោក​ដូងមានប្រសាសន៍ថា​កន្លង​មក​គាត់​ធ្លាប់បាន​ប្រាប់​ឱ្យ​មន្ត្រីសាលាឃុំ ​ទៅ​ហៅ​ស្ត្រី​រូបនេះ​មក​រស់នៅ​ក្នុងភូមិ​ដែរ​ប៉ុន្តែ​គាត់​ប្រកែក​មិន​ព្រម​មកជា​ដាច់ខាត ។ ការរស់នៅ​ក្នុងព្រៃ​ខុសគេខុសឯង​របស់​ស្ត្រី​រូបនេះ​លោក​យល់ថាទំនងជា​ស្ត្រី​រូបនេះ​មានបំណង​ទៅសុំ​សីល​ឬ​ធ្វើ​សមាធិ​ផ្លូវ​ក្នុង​ហើយ ប៉ុន្តែ​ក្នុងនាម​អាជ្ញាធរ​គាត់​ព្រួយបារម្ភ​ខ្លាំងណាស់​ពី​បញ្ហា​សុវត្ថិភាពព្រោះ​ការរស់នៅ​តែម្នាក់ឯង​ក្នុងព្រៃ​ស្ងាត់​សម្បូរ​ទៅដោយ​សត្វ​កាច​សាហាវ​គ្រប់​ប្រភេទ​បែបនេះ​វា​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​គ្រប់ពេលវេលា​សម្រាប់​ស្ត្រី​ទន់ខ្សោយ​ដូចជា​រូបគាត់ ។​

​​លោក វ៉ក ដូង អាយុ​សែសិប​ឆ្នាំ រស់នៅ​ភូមិ​ដូន​ឯម ឃុំ​គោក​ដូង ស្រុក​អង្គរជុំ បាននិយាយថា​ស្ត្រី​ដែល​កំពុងតែ​រស់នៅក្នុង​ព្រៃ​នោះ​ពីមុនមក​និយាយ​ពី​រឿង​ធម៌អាថ៌​ច្រើនណាស់ រហូតពេលខ្លះ​លោក​គិតថា​ស្ត្រី​រូបនេះ​ជា​មនុស្ស​រៀន​ធម៌​ច្រើន​បែក​កម្មដ្ឋាន​ទៀតផងទើប​តែមួយ​រយៈពេល​ចុងក្រោយ​នេះ​គាត់​មិនសូវ​និយាយ​ច្រើន​ដូច​មុន ។​

​ស្រដៀង​គ្នា​នេះដែរ​ស្ត្រី​វ័យ​សែសិប​បី​ឆ្នាំឈ្មោះ ឈ​យ ហុង រស់នៅ​ភូមិ​ឃុំ​ខាងលើ​នេះដែរ​បានឱ្យដឹង​ថា នាង​ឆ្ងល់​ស្ត្រី​ខាងលើនេះ​ខ្លាំងណាស់ គ្រាន់តែរៀន​ព្រះធម៌​ចាំបាច់​អី​ទៅ​រស់នៅ​ក្នុងព្រៃ​តែម្នាក់ឯង ម្យ៉ាងទៀត​ទោះបីជា​អ្នកភូមិ​សួរនាំ​ឈ្មោះ​យ៉ាងណា​ក៏​មិន​ព្រម​ប្រាប់​គេ​ឱ្យ​ស្គាល់​ដែរហើយ​បែរជា​ឆ្លើយ ថា​ខ្លួន​រស់នៅ​ជាមួយ​ព្រះពុទ្ធ​ព្រះធម៌​ព្រះសង្ឃ​រហូតអ្នក​ស្រុកភូមិ​មួយចំនួន​និយាយថា​ស្ត្រី​វ័យ​ចំណាស់ ​រូបនេះ​ជា​មនុស្ស​បែក​កម្មដ្ឋាន ឬ ទំនង​ប្រហែលជាស្ត្រី​រូបនេះ​មាន​បញ្ហា​ផ្លូវចិត្ត​ឬក៏​ខូចចិត្ត​ពី​រឿង​អ្វីមួយហើយ​បានជា​ទៅ​រស់នៅ​ក្នុងព្រៃ​បែបនេះ ។​ ​ទោះជា​យ៉ាងនេះ​ក្តី​ប្រជាពលរដ្ឋ​មួយចំនួន​ដែល រស់នៅក្នុង​តំបន់​ក្បែរៗ​នោះបាន​នាំគ្នា​និយាយថា​ស្ត្រី​រូបនេះ​ជា​មនុស្ស​ស្លូតត្រង់ហើយ​ការដែល​មករស់នៅ​ក្នុងព្រៃ​បែបនេះ​ដើម្បី​សុំ​សីល​ទៅតាម​អ្វីដែលគាត់​យល់ឃើញថា​ល្អ​ប្រពៃ​សម្រាប់​ខ្លួន​គាត់​តែប៉ុណ្ណោះហើយ​គាត់​ក៏​មិន​ធ្វើ​អ្វីដែល​ខុសច្បាប់​សង្គម​ដែរ ៕ វិសុទ្ធ​