Stem IT Academy បើក​វគ្គ​អប់រំអភិវឌ្ឍ​សមត្ថភាព​ផលិត​ហ្គេម​​របស់​កុមារ

វិទ្យាស្ថាន​ឧត្ដម​សិក្សា​ព័ត៌មានវិទ្យា IT Academy Step កាល​ពី​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​មុន​នេះ បាន​រៀបចំ​កម្មវិធី​អប់រំ​មួយ​ដែល​មាន​ការ​ចូលរួម​ពី​កុមារ​តូចៗ​ជា​ច្រើន​នាក់ ដើម្បី​ផ្តល់​ការ​សិក្សា​និង​ការ​អនុវត្ត​​​ពី​ការអភិវឌ្ឍន៍​ហ្គេម​កម្សាន្ត​​ផ្ទាល់​ខ្លួន​។

 

Stem IT Academy បើក​វគ្គ​អប់រំអភិវឌ្ឍ​សមត្ថភាព​ផលិត​ហ្គេម​​របស់​កុមារ

 

លោក​ស្រី Nataly Rodionova នាយក​គ្រប់គ្រង​វិទ្យាស្ថាន​ឧត្ដម​សិក្សា​ព័ត៌មានវិទ្យា IT Academy Step Cambodia បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​សប្ដាហ៍ ​វិទ្យាស្ថាន​តែងតែ​រៀបចំ​វគ្គ​អប់រំ​សម្រាប់​កុមារ​តូចៗ​​ដែល​មាន​អាយុ​ពី ៨ ឆ្នាំ​ដល់ ១៥ ឆ្នាំ​​ស្វែង​យល់​​ពី​ការ​ប្រើប្រាស់​​កុំព្យូទ័រ​និង​មុខវិជ្ជា​មួយ​ចំនួន​ទាក់ទង​​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា។

 

ដោយ​ឡែក​នៅ​សប្ដាហ៍​នេះ វិទ្យា​ស្ថាន​​បាន​បើក​វគ្គ​អប់រំ​​​​ផ្ដោត​លើ​ការ​ផលិត​ហ្គេម ដោយ​អនុញ្ញាត​ឲ្យ​កុមារ​តូចៗ​ជា​ច្រើន​នាក់​មាន​ឱកាស​បាន​រៀន​បង្កើត​ហ្គេម​ដោយ​ខ្លួន​ឯង ដោយ​មាន​ការ​ណែនាំ​ពី​អ្នក​ជំនាញ​ដែល​ធ្វើការ​លើ​វិស័យ​ហ្គេម​កម្សាន្ត។

 

លោក​ស្រី​បញ្ជាក់​ថា ហ្គេម​ជា​ចំណង់ចំណូលចិត្ត​របស់​កុមារ និង​ក៏​មាន​ការ​រីកចម្រើន​យ៉ាង​ខ្លាំង។ តាម​រយៈ​ការ​ផ្ដល់​វគ្គ​អប់រំ​នេះ​នឹង​ជួយ​ដល់​កុមារ​មិន​ត្រឹម​តែ​ចេះ​​​លេង​កម្សាន្ត​​ ក៏​មាន​ឱកាស​​អាច​​​ដកស្រង់​បទពិសោធន៍​ពី​ការ​រៀន​បង្កើត​ហ្គេម​ផ្ទាល់​ខ្លួន។

 

Stem IT Academy បើក​វគ្គ​អប់រំអភិវឌ្ឍ​សមត្ថភាព​ផលិត​ហ្គេម​​របស់​កុមារ

 

លោក អ៊ូ សុធារ៉ាន់ Senior Game Distribution Officer តំណាង​មក​ពី Sabay ដែល​បាន​ចូលរួម​ផ្តល់​ការ​ប្រឹក្សា​ណែនាំ​បាន​មើល​ឃើញ​សារប្រយោជន៍​​វគ្គ​អប់រំ​នេះ ដែល​នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​ហ្គេម​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

 

លោក​ថា តាម​រយៈ​ការ​វាយ​តម្លៃ​ផ្ទាល់​ឃើញ​ថា កុមារ​តូចៗ​មាន​ទេពកោសល្យ​និង​ភាព​ច្នៃ​ប្រឌិត​ខ្ពស់។ យ៉ាង​ណា​ពួកគេ​ត្រូវការ​ពេលវេលា​​ និង​ការ​ជំរុញ​លើកទឹកចិត្ត​​បន្ថែម​ទៀត ដើម្បី​​​មាន​សមត្ថភាព​​គ្រប់គ្រាន់​អាច​ឈាន​ទៅ​ចាប់​អាជីព​អ្នក​អភិវឌ្ឍន៍​ហ្គេម​កម្សាន្ត​​នៅ​ពេល​​អនាគត​។

 

 

ក្នុង​វគ្គ​សិក្សា​ក៏​មាន​ប្រកួតប្រជែងពី​កុមារ​ដែល​បាន​ចូលរួម​លើ​ការ​បង្កើត​ហ្គេម​ ​ដើម្បី​វិនិច្ឆ័យ​និង​ចាត់​ចំណាត់​ថ្នាក់​ស្នាដៃ​​ផលិត​ហ្គេម​​ដែល​មាន​ភាព​​លេចធ្លោ​ជាង​គេ​។

 

Stem IT Academy បើក​វគ្គ​អប់រំអភិវឌ្ឍ​សមត្ថភាព​ផលិត​ហ្គេម​​របស់​កុមារ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា