ពិធី​ចុះហត្ថលេខា​លើ​កិច្ចសហការ​ជាមួយ​ដៃគូ​ធានារ៉ាប់រង​បន្ត​និង​កិច្ចព្រមព្រៀង​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ជាតិ​ធានារ៉ាប់រង​កម្ពុជា​“​កា​មិន​កូ​”

: ពិធី​ចុះហត្ថលេខា​លើ​កិច្ចសហការ​ជាមួយ​ដៃគូ​ធានារ៉ាប់រង​បន្ត​និង​កិច្ចព្រមព្រៀង​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន កា​មិន​កូ ត្រូវបាន​ប្រព្រឹត្ត​ទៅនា​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦​នៅ​ទីក្រុង ប៉េកាំង នៃ សាធារណរដ្ឋ​ប្រជាមានិត ចិន​។​ក្នុង​ពិធី​នោះ​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​សំណាក់ លោកជំទាវ​ខែ​ក​ស៊ី​សូ​ដា​ឯកអគ្គរាជទូត វិសាមញ្ញ និង ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ សាធារណរដ្ឋ​ប្រជាមានិត ចិន​, ឯកឧត្តម​ប៉ែន​ដា​រ៉ា​រ័ត្ន ជំនួយការ​ផ្ទាល​ឯកអគ្គរាជទូត​,​លោក​វ៉ាង​យូ​ឡី អគ្គនាយក នៃ​ក្រុមហ៊ុន​ជាតិ​ធានារ៉ាប់រង​កម្ពុជា​“​កា​មិន​កូ​”, លោកស្រី​Li Xiang Li​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង THE PEOPLE’S INSURANCE COMPANY(GROUP) OF CHINA (PICC) លោក​Fook Kong Lye​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​HANNOVER RE​លោក Zheng Xiao Zhe​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង China United Property Insurance Company​លោក Huang Jun Bin​នៃ​ក្រុមហ៊ុន​Ping An Insurance (Group) Company of China, Ltd​លោក Su Wei Xiu​នៃ​ក្រុមហ៊ុន China Export and Credit Insurance Corporation (SINOSURE), លោក Liang Ming​នៃ​ក្រុមហ៊ុន​Starr Property & Casualty Insurance (China) Company Limited ,​លោក​Zhang Shao Wen​នៃ​ក្រុមហ៊ុន​China Cooperation Insurance Broker Co.,Ltd  ព្រមទាំង​អ្នកតំណាង​ផ្សេងទៀត​របស់​ក្រសួង​ដែល​ពាក់ព័ន្ធ​។​

​គោលបំណង​នៃ​កិច្ចសហការ​នេះ​គឺធ្វើឡើង​ដើម្បី​ពង្រឹង​និង​ពង្រីក​អាជីវកម្ម​ធានារ៉ាប់រង
​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់​តែមាន​ភាពជិតស្និទ្ធ ដែល​ប្រកបដោយ​ជំនាញ​ច្បាស់លាស់​និង​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស​លើ​ការអភិវឌ្ឍ​វិស័យ​ធានារ៉ាប់រង​នៅ​អនុតំបន់​ទន្លេមេគង្គ និង​អាស៊ាន​។​

​លោក​អគ្គនាយក​ក្រុមហ៊ុន​ជាតិ​ធានារ៉ាប់រង “​កា​មិន​កូ​”​បានធ្វើ​ការណែនាំ​អំពី​សាវតារ និង​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន កា​មិន​កូ ក្នុងពេល​បច្ចុប្បន្ន ហើយ​លោក​ក៏បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ខ្លាំង​ចំពោះ​កិច្ចសហការ​រវាង​ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្មែរ​និង​ចិន ដើម្បី​បំពេញតម្រូវការ​អតិថិជន សេវាកម្ម​អតិថិជន​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​មុន​។

​នៅក្នុង​ពិធី​ចុះហត្ថលេខា​នេះ ក្រុមហ៊ុន​ជាតិ​ធានារ៉ាប់រង​កម្ពុជា​“​កា​មិន​កូ​”​បាន​ចុះហត្ថលេខា​លើ​កិច្ចសហការ​ជាមួយ​ដៃគូ​ធានារ៉ាប់រង​បន្ត និង កិច្ចព្រមព្រៀង​ជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​នៃ​សាធារណរដ្ឋ​ប្រជាមានិត ចិន ចំនួន ៥ ដែល​រួមមាន​China United Property Insurance Company, Ping An Insurance (Group) Company of China, Ltd, Starr Property & Casualty Insurance (China) Company Limited,Hannover Re,​និង​China Cooperation Insurance Broker Co., Ltd​។​

​ក្រុមហ៊ុន​ជាតិ​ធានារ៉ាប់រង​កម្ពុជា​“​កា​មិន​កូ​”​គឺជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ដែល​ត្រូវបាន​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​បង្កើតឡើង​មុនគេ​បង្អស់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ឆ្នាំ​១៩៩០​។ ក្នុង​ឆ្នាំ​២០០៣ ដោយមាន​ការសហការ​រវាង​ក្រុមហ៊ុន​ឯកជន​និង​ក្រសួង ភាគហ៊ុន​របស់​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ត្រូវបាន​រក្សា​ត្រឹម​២៥% រីឯ​ភាគហ៊ុន​ដែល​នៅសល់​គឺ​ភាគហ៊ុន​របស់​ឯកជន ហើយ​បច្ចុប្បន្ននេះ ក្រុមហ៊ុន​“​កា​មិន​កូ​”​គឺជា​ក្រុមហ៊ុន​ធានារ៉ាប់រង​តែមួយគត់​ដែលមាន​ភាគហ៊ុន​ជាមួយ​ស្ថាប័នរដ្ឋ​។ ក្នុង​ឆ្នាំ​២០១៥ ក្រុមហ៊ុន​ “​កា​មិន​កូ​” ​បានចាប់ផ្តើម​ខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍន៍​ក្រុមហ៊ុន​ឲ្យ​ក្លាយជា​ក្រុមហ៊ុន​លំដាប់ថ្នាក់​អន្តរជាតិ​នាពេល​អនាគត ដោយមាន​ការចូល​ហ៊ុន​ពី​ក្រុមហ៊ុន​បរទេស​ផងដែរ​។ ការចុះ​កិច្ចព្រមព្រៀង​លើក​នេះ​គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​អាជីវកម្ម​ធានារ៉ាប់រង​រវាង​កម្ពុ​ជា និង សាធារណរដ្ឋ​ប្រជាមានិត ចិន​។​

​ក្រៅពី​ពិធី​ចុះហត្ថលេខា​ខាងលើ ក្នុងឱកាស​នេះ គណៈប្រតិភូ​កម្ពុជា​ក៏មាន​គម្រោង​ធ្វើការ​ពិភាក្សា​លំអិត​អំពី​កិច្ចសហការ​លើ​អាជីវកម្ម​ធានារ៉ាប់រង​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ផ្សេងៗ​ទៀត​នៅ​សាធារណរដ្ឋ​ប្រជាមានិត ចិន​។​

ពិធី​ចុះហត្ថលេខា​លើ​កិច្ចសហការ​ជាមួយ​ដៃគូ​ធានារ៉ាប់រង​បន្ត​និង​កិច្ចព្រមព្រៀង​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ជាតិ​ធានារ៉ាប់រង​កម្ពុជា​“​កា​មិន​កូ​”