ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​ប្រកាស​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​យានយន្ដ​គ្រប់​ប្រភេទ ត្រូវ​រៀបចំ​ឯកសារ​បើកបរ​ឱ្យ​បាន​ត្រឹមត្រូវ និង​លក្ខខណ្ឌ​គ្រប់គ្រាន់ ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ដល់​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ ខណៈ​ពេល​កម្លាំង​មាន​សមត្ថកិច្ច​ចាប់ផ្ដើម​ចុះ​អនុវត្ដ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ចាប់ពី​ថ្ងៃ​ទី​១៥ មីនា ខាង​មុខ​ទៅ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៦ បញ្ជាក់​ថា​«​ដើម្បី​បន្ដ​រួម​គ្នា​សម្រេច​ឱ្យ​បាន​ក្នុង​ការ​ធានា​ឱ្យ​មាន​សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម និង​ទប់ស្កាត់​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ តាម​រយៈ​ការ តម្រូវ​ឱ្យ​គ្រប់​យានយន្ដ​មាន​លក្ខណៈ​បច្ចេកទេស​គ្រប់គ្រាន់ អ្នកបើកបរ​មានគុណ​សម្បត្ដិ សមត្ថភាព​សម​ស្រប​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ប្រកប ដោយ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់ ដែល​កម្លាំង​មាន​សមត្ថកិច្ច​នឹង​ចាប់ផ្ដើម​អនុវត្ដ​ច្បាប់​ចរាចរណ៍ ដោយ​ត្រូវ​ត្រួតពិនិត្យ​លើ​ឯកសារ​យានយន្ដ​ចាប់ពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៦​តទៅ​» ។

ប្រភព​ដដែល​បន្ដ​ទៀត​ថា ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន សូម​រំឭក​ដល់​សាធារណជន​ទាំងអស់ ដែល​មិន​ទាន់​មាន​ឯកសារ​យានយន្ដ​ណាមួយ រួម​ទាំង​ការ​មក​ទទួល​ប្រាក់​ទូទាត់​ថ្លៃ​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ដែល​មាន​កម្លាំង​ក្រោម​១២៥​សេ​សេ សូម​មេត្ដា​រូតរះ​មក​ទទួល​សេវា​សា ធារ​ណៈ​នៅ​តាម​គ្រប់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន និង​ច្រក​ចេញចូល​តែ​មួយ​រាជធានី​-​ខេត្ដ និង​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន គ្រប់ពេល​ម៉ោង​ធ្វើការ ។

ទន្ទឹម​នឹង​នេះ ក្រសួង​នឹង​ដាក់​ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស យានយន្ដ​នៅ​ខេត្ដក្រចេះ នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃ​ទី​២៩ ខែកុម្ភៈ តទៅ បន្ថែម​លើ​មជ្ឈមណ្ឌល​ឆៀក​ដែល​មាន​ស្រាប់​នៅ​រាជធានី​ភ្នំពេញ អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន និង​នៅ​ចំការ​ដូង នៅ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ដកំពង់ចាម សៀមរាប បាត់ដំបង ខេត្ដ​ព្រះ​សីហ​នុ និង​ខេត្ដកំពង់ស្ពឺ ដែល​ម្ចាស់​យានយន្ដ​នានា​អាច ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៅ​ទីតាំង​ណាមួយ​ក៏​បាន ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ក៏​បាន​លើក​ឡើង​ទៀត​ថា ដើម្បី​លុប​បំបាត់​អំពើ​អសកម្ម​នានា ដែល​រួម​មាន ការ​ទារ​កម្រៃ​លើស​ពី​តម្លៃ​ដែល​បាន​កំណត់​ក្នុង​តារាង​សេវា​សាធា​រណៈ សូម​សាធារណជន​មេត្ដា​ផ្ដល់​ព័ត៌មាន​ជា​បន្ទាន់​មក​មន្ដ្រី ទទួល​បន្ទុក​នៅ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន តារាង​តម្លៃ និង​ឈ្មោះ​មន្ដ្រី​ទំនាក់​ទំនង​ដែល​មាន​បិទ​នៅ​គ្រប់ ទីកន្លែង​ផ្ដល់​សេវា​សាធារណៈ​ទាំងអស់​ខាងលើ និង​ទីស្ដីការក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​តាម​រយៈ​លេខ​ទូរស័ព្ទ ០១២ ៩០០ ៧៣៥ ឬ​០១១ ៧៨៦ ៨៩៩ ដើម្បី​មាន​វិធានការ​ចំពោះ អំពើ​មិន​គប្បី​នានា​ឱ្យ​បាន​តឹង​រ៉ឹ​ង ។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​បងប្អូន ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ ដែល​បាន​ចូលរួម​គោរព​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ដោយ​បាន​ខិតខំ​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការ​មក​ស្នើ​សុំ​សេវា​សាធារណៈ ដែល​ច្បាប់​បាន តម្រូវ​ឱ្យ​មាន ពាក់ព័ន្ធ​នឹង​ឯកសារ​យានយន្ដ រួម​មាន​ប័ណ្ណ​សម្គាល់ និង​ផ្លា​ក​លេខ​យានយន្ដ ប័ណ្ណបើកបរ​រថយន្ដ និង​ទោចក្រយានយន្ដ​ដែល​មាន​កម្លាំង​លើស​ពី​១២៥​សេ​សេ​ឡើង ប័ណ្ណ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ដ លិខិតអនុញ្ញាត ធ្វើ​អាជីវកម្ម​ជាដើម ៕