ក្រុមចោរជិះម៉ូតូ ឆក់កាបូប ពីនារីរងគ្រោះ ដួលបោកក្បាល រងរបួសធ្ងន់

ភ្នំពេញ ៖ ស្រ្តីម្នាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីត្រូវចោរឆក់កាបូប កាលពីវេលាម៉ោង៨និង៤៥នាទី យប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែងផ្លូវ១៥០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នារីរងគ្រោះមានអាយុង២០ឆ្នាំ ជិះម៉ូតូម៉ាកស្គូពីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FK-7484 ជិះម្នាក់ឯង  ពេលមកដល់កន្លែងកើតហេតុ ក៏មានជនសង្ស័យ ជិះម៉ូតូហុងដា ពណ៌ខ្មៅ មិនចាំស្លាកលេខ បានឆក់កាបួបពីនារីរងគ្រោះ បណ្តាលដួលបោកក្បាល ទៅនឹងថ្នល់៣ត្រឡប់បណ្ដាលឱ្យរងរបួសធ្ងន់ ។

ប្រភពបានបញ្ជាក់បន្ថែមទៀតថា នៅពេលជនសង្ស័យឆក់កាបួប ពីនារីរងគ្រោះនោះ មានការប្រទាញប្រទង់គ្នា ទើបដាច់ ខ្សែកាបូប ធ្វើឱ្យជនសង្ស័យ មិនអាចយកកាបូបនោះបានឡើយ ។ ក្រោយកើតហេតុ ជនសង្ស័យក៏បាន គេចខ្លួនបាត់ ស្រមោល ។ ចំណែកនារីរងគ្រោះត្រូវបានប្រជាពលរដ្ឋ រួមជាមួយសាច់ញាតិហៅ រថយន្ដសាមុយដឹក បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ។

ចំពោះសម្ភារជនរងគ្រោះរួមមាន កាបូប ទូរស័ព្ទដៃ និងម៉ូតូ ត្រូវសមត្ថកិច្ចរក្សាទុកនៅប៉ុស្ដិ៍នគរបាលទឹកល្អក់៣ រង់ចាំសាច់ញាតិមកទទួលយកត្រឡប់ទៅវិញ ៕

ក្រុមចោរជិះម៉ូតូ ឆក់កាបូប ពីនារីរងគ្រោះ ដួលបោកក្បាល រងរបួសធ្ងន់