អភិបាលខណ្ឌ ចំការមន ស្នើនិយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថានគោរពច្បាប់ ស្តីពី របបសន្តិសុខសង្គម

ភ្នំពេញ៖ លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ បានស្នើឲ្យនិយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន ទាំងអស់នៅក្នុង ខណ្ឌទាំងមូល ត្រូវចូលរួមអនុវត្តច្បាប់ស្តីពី របបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោម បទប្បញ្ញត្តិនៃច្បាប់ស្តីពី ការងារឲ្យមាន ប្រសិទ្ធភាពខ្ពស់ ។

នៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយគោល នយោបាយ សន្តិសុខសង្គម នៃបេឡាជាតិ របបសន្តិសុខសង្គម នៅព្រឹកថ្ងៃទី ១មីនា លោក ព្រុំ សំខាន់ ក៏បានអំពាវនាវឲ្យ ភាគីថៅកែត្រូវមក ចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត របស់ខ្លួនឲ្យបាន ទាន់ពេលវេលា សម្រាប់របបធានារ៉ាប់រង ហានិភ័យការងារ ដើម្បីកុំឲ្យបាត់បង់ ដល់អត្ថប្រយោជន៍ របស់កម្មករនិយោជិត។

លោកបន្តថា អង្គភាព មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធ ទាំងអស់នៅក្នុងខណ្ឌ ចូលរួមសហការ ជាមួយអង្គភាពបេឡាជាតិ របបសន្តិសុខសង្គម ក្នុងការអនុវត្តច្បាប់នេះ មានប្រសិទ្ធភាព ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍សង្គមជាតិ ឲ្យមានការរីកចំរើន និងភាពសុខដុមរមនា។

លោកបន្ថែមថា បេឡាជាតិរបប សន្ដិសុខសង្គម អង្គភាពនេះគឺជា គ្រឹះស្ថានសាធារណៈ រដ្ឋបាល ដែលមានបេសកកម្ម បម្រើសេវាសាធារណៈ មានលក្ខណៈសង្គម អនុលោមតាមច្បាប់ ស្ដីពីរបបសន្ដិសុខ សង្គមសម្រាប់ជន ទាំងឡាយដែលស្ថិត នៅក្រោមបទប្បញ្ញត្ដិ នៃច្បាប់ស្ដីពីរការងារ។ បេឡាជាតិរបប សន្ដិសុខសង្គម ស្ថិតនៅក្រោមអាណា ព្យាបាលបច្ចេកទេស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាណាព្យាបាលហិញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានក្រុមប្រឹក្សាភិបាល ដែលចូលរួមដោយត្រីភាគី មានតំណាងរដ្ឋាភិបាល តំណាងនិយោជក និងតំណាងកម្មករ និយោជិតក្នុងការ អនុវត្តជាជំហានៗ។

បេឡាជាតិរបប សន្ដិសុខសង្គម គឺរបបធានារ៉ាប់រង ហានិភ័យការងារ គ្រឹះស្ថានបានកំណត់ វិសាលភាពអនុវត្ត ចំពោះសហគ្រាស គ្រឹះស្ថាន ដែលមានកម្មករ និយោជិតចាប់ពី៨នាក់ ឡើងទៅត្រូវមានកាតព្វកិច្ច មកចុះបញ្ជិកានិងបង់ វិភាគទាននៅបេឡាជាតិ របបសិន្ដសុខសង្គម ដើម្បីទទួលបានការធានារ៉ាប់រង ហានិភ័យការងារ៕