ឃុំខ្លួន​ជន​ឆបោក​នាំ​មនុស្ស​ចូលធ្វើការ ក្នុង​ក្រុមហ៊ុន DSCWADO នៅ​ក្រុង​ប៉ោយប៉ែត​

បន្ទាយមានជ័យ: កាលពី​ថ្ងៃទី​២៩ កុម្ភ​: តុលាការខេត្ត​បន្ទាយមានជ័យ បានចេញ​ដីកាឃុំខ្លួន ជនសង្ស័យ ពីបទ​ឆបោក ដែល​យកលុយ អ្នក​ចង់​ចូលធ្វើការ ក្នុង​ក្រុមហ៊ុន បន្ទាប់ពី​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត ចាប់​ឃាត់ខ្លួន​ជន​នោះ កាលពី​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​២៧ ខែកុម្ភ​: ឆ្នាំ​២០១៦​។​
   
​លោក​វរ​:​សេនីយ៍ ជា ដា មេបញ្ជាការ​មូលដ្ឋាន កង​រាជ​អា​វុ​ហត្ថ ក្រុង​ប៉ោយប៉ែត បាន​និយាយថា​: ជនសង្ស័យ​នោះ រង​ការចោទប្រកាន់ ពីបទ​ឆបោក ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២២ ខែកុម្ភ​: ឆ្នាំ​២០១៦ កន្លងមកនេះ ទៅលើ​ជនរងគ្រោះ ចំនួន​៣៧​នាក់ ហើយ ។ ជនសង្ស័យ ឈ្មោះ អ៊ុន នារ​តី ហៅ សម្បត្តិ ហៅ ស្វិត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​បន្ទប់​ជួល ភូមិ​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ មេការ​ផ្នែក​តម្រង់​ឌី​ស ក្នុង​រោងចក្រ ឌី អេស ស៊ី វ៉ា ដូ​។​
 
​លោក​បាន​និយាយ​បន្តថា​: ជននេះ បាន​ឆបោក ដោយ​អះអាងថា គេ​ជួយ​រត់ការ ចូលធ្វើការ ក្នុង​ក្រុមហ៊ុន​ផលិត​ហាត​ឌី​ស របស់​ជប៉ុន​ឈ្មោះ ក្រុមហ៊ុន DSCWADO នៅ​ភូមិ​/​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។​
 
​ជននេះ​ប្រកាសថា គិតពី​ដើម ខែមករា រហូតមកដល់​ថ្ងៃទី​២៧ ខែកុម្ភ​: ឆ្នាំ​២០១៦ "​បើ​អ្នកណា ចង់​ធ្វើការ​នៅ​រោងចក្រ​ឌី អេស ស៊ី វ៉ា ដូ រូបខ្ញុំ​អាច​នាំចូល​អោយធ្វើ​ការ​បាន ដោយ​យកប្រាក់​ជួយ​រត់ការ ក្នុង​ម្នាក់ៗ ចំនួន ១០០ ដុល្លារ​អាមេរិក​"​។ ប៉ុន្តែ​ក្រោយពី​បាន​ប្រាក់ ជនសង្ស័យ ពុំបាន​យក​អ្នកណាម្នាក់ ចូលធ្វើការ​ឡើយ​។ ឃើញថា ជា​អំពើ​ឆបោក ទើប​ជនរងគ្រោះ ជាច្រើន​នាក់ បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត ។ កម្លាំង​អាវុធ​ក្រុង បាន​ឃាត់ខ្លួន​ជន​នោះ នៅ​រោងចក្រ ឌី អេស ស៊ី វ៉ា ដូ ស្ថិត​ក្នុងភូមិ​/​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត​តែម្តង​។​
   
​លោក​វរ​:​សេនីយ៍ ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត ទទួល​លើ​ការងារ​ស្រាវជ្រាវ​យុត្តិធម៌ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មុននឹង​ជឿ​គេ សូម គិត​អោយបាន​ច្បាស់ ហើយ​ត្រូវ​សួរ​ទៅ​អាជ្ញាធរ ឬ​សមត្ថកិច្ច​នៅ​មូលដ្ឋាន ជៀសវាង​ចាញ់បោក ជន​ខិល​ខួច​មួយចំនួន​។​
        
​ជនសង្ស័យ​ឈ្មោះ អ៊ុន នារ​តី បាន​ឆ្លើយ​សារភាពថា គាត់​បាន​ប្រព្រឹត្តិ អំពើ​ឆបោក​នេះ​មែន ព្រោះ​ត្រូវការ​លុយ យកទៅ​ចាយវាយ ចាំបាច់​បន្ទាន់​មួយ​៕V/S