កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ចង្អៀត ​វៀងចន្ទន៍ ថ្ងែ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦

ភ្នំពេញ: នៅ​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ចង្អៀត នៅ​ទីក្រុង​វៀងចន្ទន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​
​    ​
​នៅ​ក្នុងឱកាស​កិច្ចប្រជុំ​នេះ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​ពិភាក្សា​អំពី​ការអនុវត្តន៍​ចក្ខុវិស័យ សហគមន៍​អាស៊ាន ឆ្នាំ​២០២៥ និង​ការអនុវត្តន៍​ផែនការ​លំអិត​របស់​ស​ហគ​មន៍​សន្តិសុខ និង នយោបាយ​អាស៊ាន ទំនាក់ទំនង​ក្រៅ​តំបន់ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​ឧបទ្វីប​កូរ៉េ និង បញ្ហា​ភេរវកម្ម និង​ក្រុម​ជ្រុលនិយម (ISIS-IS)​។
​    ​    ​
​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ស្នើអោយ​អាស៊ាន​គួរ​យកចិត្តទុកដាក់​ពិចារណា លើ​បញ្ហា​មួយចំនួន ដូចជា​៖ ការតភ្ជាប់​អាស៊ាន ការកាត់បន្ថយ​ភាពក្រីក្រ ការចូលរួម​របស់​យុវជន អាស៊ាន​ក្នុង​ការកសាង​សហគមន៍​អាស៊ាន ដោយ​យុវជន​មាន​តួនាទី​សំខាន់​ក្នុងការ​អភិវឌ្ឍន៍ ប្រទេសជាតិ  និង​ដោយ​យុវជន​មាន​ចំនួន​ប្រមាណ​ជាង ៣៥ % (១ ក្នុងចំណោម ៣​នាក់​) នៃ ប្រជាជន​កម្ពុជា​ទាំងមូល និង​ប្រមាណ ៦០% នៃ​ប្រជាជន​អាស៊ាន​សរុប​ចំនួន ៦២៥ លាន​នាក់ ការត្រៀមខ្លួន និង​ការឆ្លើយ តប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​ការសំរេចបាន​ពេញលេញ នូវ ការអនុវត្តន៍​ផែនការ​ការងារ​ទី​៣ នៃ​គំនិត​ផ្តួចផ្តើម​សំរាប់​សមាហរណកម្ម​អាស៊ាន នៅពេលដែល​ផែនការ ការងារ​នេះ ត្រូវបាន​អនុម័ត​ដោយ​ថ្នាក់ដឹកនាំ​អាស៊ាន នៅ​ខែកញ្ញា ឆ្នាំ​២០១៦ ខាងមុខនេះ ។​

​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​សង្កត់ធ្ងន់​លើ​សារសំខាន់​ចាំបាច់​ត្រូវ​ពង្រឹង​តួនាទី​ស្នូល (ASEAN Centrality) និង​ការឯកភាព (Unity) របស់​អាស៊ាន ក្នុង​ការធ្វើទំនាក់ទំនង​ជាមួយ​ប្រទេស​មហា អំណាច​នានា ជាពិសេស​ជាមួយ​ចិន អាមេរិក និង​រុស្សី​។​

 លោក​ឧបនាយករដ្ឋមន្ត្រី​បាន​លើកឡើងថា តួនាទី​ស្នូល​របស់​អាស៊ាន​សំខាន់​ណាស់ ដែល​យើង ត្រូវ​បន្ដរ​ក្សា និង​ពង្រឹង ប៉ុន្តែ​អាស៊ាន​មិនត្រូវ​ចូលរួម​ក្នុង​យុទ្ធសាស្ត្រ​សាកល​របស់​ប្រទេស​មហា អំណាច​ណាមួយ​នោះទេ ។​

​ទាក់ទង​នឹង​បញ្ហា​តំបន់ និង​អន្តរជាតិ  រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​ពិភាក្សា​លើ​បញ្ហា​ភេ​វរ​កម្ម និង​ក្រុម​ជ្រុលនិយម (ISIS-IS) និង​វិធានការ​ផ្សេងៗ ដើម្បី​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការរីក​រាល ដាល​នៃ​អំពើ​ភេរវកម្ម និង​ក្រុម​ជ្រុលនិយម មក​ក្នុង​តំបន់​អាស៊ាន​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ស្នើថា អាស៊ាន​គួរ​ពង្រឹង​ការអនុវត្តន៍​ច្បាប់ ការផ្លាស់ប្តូរ​ពត៌មាន​សំងាត់ និង​ការគ្រប់គ្រង​ព្រំដែន តាមរយៈ​ការអនុវត្តន៍​ផែនការ​ការងារ​អាស៊ាន​ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភ​វរ​កម្ម (២០១៦-២០១៨) អោយមាន​ប្រសិទ្ធភាព ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ភេ​វរ​កម្ម និង​ក្រុម​ជ្រុលនិយម​ទាំងនោះ​។​
​    ​
​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក៏បាន​ពិភាក្សា​ផងដែរ​អំពី​ការវិវត្តន៍ និង​សភាពការណ៍​ថ្មីៗ នៅក្នុង សមុទ្រ​ចិន​ខាងត្បូង​។ ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ នៅក្នុង​តំបន់ រដ្ឋមន្ត្រីការបរទេស អាស៊ាន​បាន​ជំរុញ​អោយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​អនុវត្ត​អោយមាន​ប្រសិទ្ធភាព និង​ពេញលេញ​នូវ សេចក្តីថ្លែងការណ៍ ស្តីពី​ការប្រតិបត្តិ​របស់​ភាគី​ពាក់ព័ន្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC)  និង​ជំរុញ បង្កើន​ការពិគ្រោះ​យោបល់ ស្តីពី​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង (COC) ដើម្បី​ឈានទៅ សំរេចបាន​ក្រម​ប្រតិបត្តិ នេះ អោយបាន​ឆាប់​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក៏បាន​បញ្ជាក់​ផងដែរ អំពី​សារសំខាន់​នៃ​សេរីភាព​ការធ្វើ​នាវាចរណ៍​នៅក្នុង និង​ការហោះហើរ​លើ​សមុទ្រ​ចិន​ខាងត្បូង​។

​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក៏បាន​ឯកភាព អោយមាន​ជំនួប​រវាង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ជាមួយ រដ្ឋមន្ត្រីការបរទេស​ចិន នៅពេល​អនាគត ដើម្បី​ពិភាក្សា​បញ្ហា​ទំនាក់ទំនង​អាស៊ាន​-​ចិន រួមទាំង បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ជាពិសេស​រិះរក​វិធានការ​សមស្រប ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង និង ដោះស្រាយ​បញ្ហា​ជំលោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​ក្នុងឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ចង្អៀត  លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ជួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ថៃ រដ្ឋមន្ត្រីការបរទេស​ឡាវ និង​រដ្ឋមន្ត្រី ការបរទេស​សិង្ហ​បុរី ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិ​បិ​ត្តិ​ការ​ទ្វេភាគី លើ​គ្រប់​វិស័យ និង ក៏​ដើម្បី​ជំរុញ​ការធ្វើសមាហរណ៍កម្ម​អាស៊ាន ដោយ​ផ្តោតលើ​សរសរ​ស្តម្ភ​ទាំងបី​របស់​អាស៊ាន​។​
​    ​
​ក្នុងឱកាស​នេះ​ផងដែរ រដ្ឋមន្ត្រីការបរទេស​ថៃ បានស្នើ​អញ្ជើញ លោក​ឧបនាយករដ្ឋមន្ត្រី ទៅ ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​កិច្ចសន្ទនា​សហប្រតិបត្តិការ​អាស៊ី​លើក​ទី​១៤ (14th Asia Cooperation Dialogue Ministerial Meeting) ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី ១០ ខែមីនា ឆ្នាំ​២០១៦ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​៕​

កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ចង្អៀត   ​វៀងចន្ទន៍ ថ្ងែ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦

កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ចង្អៀត   ​វៀងចន្ទន៍ ថ្ងែ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦