សុខភាព &raquo សុខភាព

កូ​ឡេ​ស្តេ​រ៉ូ​ល​គឺជា​ប្រភេទ​ខ្លាញ់​ពិសេស​ម្យ៉ាង​ស្ថិត​នៅ​ក្នុង​ឈាម​របស់​មនុស្ស​គ្រប់​រូប ។ វា​ជា​ផ្នែក​មួយ​យា​៉​ង​សំខាន់​ជួយ​ដល់​ការ​បំពេញ​មុខងារ​ច្រើន​យ៉ាង​របស់​រាង​កាយ ប៉ុន្តែ​មនុស្ស​ភាគច្រើន​ក្នុង​សម័យ​បច្ចុប្បន្ន​ផ្ទុក​ខ្លាញ់​នេះ​ច្រើន​លើស​កម្រិត ។ គេ​ត្រូវ​ដឹង​ថា កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​ជា​កត្តា​ចម្បង​នៃ​ការ​កើត​ជំងឺ​បេះដូង​។ ទោះជា​យ៉ាងនេះ​ក្តី ដំណឹង​ល្អ​គឺថា គេ​អាច​បញ្ចុះ​ខ្លាញ់​នេះ​បាន​ក្នុង​រយៈពេល​ត្រឹម​៣​ខែ​ដោយ​គ្រាន់តែ​ដាក់​បញ្ចូល​អាហារ​មួយ​ចំនួន​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ។

១-​បណ្តា​អាហារ​ទទួលទាន​បាន​ភ្លាម​ៗ ៖ អាហារ​ទាំងនេះ​មាន​ដូច​ជា យ៉ា​អួ Flora pro-activ និង Benecol ក៏​ដូច​ជា​ផលិតផល​ដទៃ​ទៀត​ដែល​មាន​ផ្ទុក Stanols & Sterols​។ បណ្តា​ម៉ូលេគុល​សរីរាង្គ​ដែល​កើត​ពី​ធម្មជាតិ​ទាំងនេះ​បាន​រាំង​ខ្ទប់​ការ​ស្រូប​យក​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​របប​អាហារ ដែល​បន្ទាប់​មក​ត្រូវ​បញ្ចេញ​ចោល​ពី​រាង​កាយ​តាម​រយៈ​កាក​សំណល់​ផ្សេង​ៗ ។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​បាន​រក​ឃើញ​ថា Sterols របស់​រុក្ខជាតិ​អាច​បញ្ចុះ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​បាន​ពី​៧%-១០%​អំឡុង​ពេល​៣​ស​ប្តា​ហ៍ ។ ចូរ​ទទួលទាន​ត្រឹម​២​ក្រាម​សម្រាប់​មួយ​មុខ​អំឡុង​ពេល​បរិភោគ​អាហារ​៣​ពេល ។

២-​ពពួក​អាហារ​សម្បូរ​ដោយសារ​ធាតុ​សរសៃ ៖ អាហារ​ប្រភេទ​នេះ​តួយ៉ាង​ដូច​ជា សណ្តែក​(​ធ្វើ​នំ​និង​ប្រើ​ជា​បន្លែ​)​ក៏​ដូច​ជា​បណ្តា​គ្រាប់​ធញ្ញជាតិ​ផ្សេង​ទៀត​មិន​អាច​នឹង​ត្រូវ​បាន​រំលាយ​ដោយ​ងាយស្រួល​ពី​ពោះវៀន​នោះ​ទេ​។ សារធាតុ​សរសៃ​ក្នុង​អាហារ​ទាំងនេះ​បាន​ចង​រឹត​កូ​ឡេ​ស្តេ​រ៉ូ​ល រួច​បញ្ចេញ​ទៅ​ក្រៅ​តាម​រយៈ​លាមក​។ ដោយឡែក​នំប៉័ង​ដែល​សម្បូរ​ដោយសារ​ធាតុ​សរសៃ​(​នំប៉័ង​ខ្មៅ​)​និង​បន្លែ​-​ផ្លែ​ឈើ​ក៏​ជា​ផ្នែក​មួយ​ដែល​គេ​គួរ​ដាក់​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ផង​ដែរ ។

របកគំហើញ​វិទ្យាសាស្ត្រ​មួយ​ចំនួន​បង្ហាញ​ថា  ការ​ទទួលទាន​បណ្តា​អាហារ​សម្បូរ​ដោយសារ​ធាតុ​សរសៃ​ជួយ​ទប់ស្កាត់​ការ​ឡើង​ទម្ងន់ និង​ជំងឺ​បេះដូង ។ ចំពោះ​កម្រិត​ទទួលទាន​គឺ​១៨​ក្រាម​ក្នុង​មួយ​ថ្ងៃ​(​នំប៉័ង​ខ្មៅ​=១​ចំណិត​ស្តើង សណ្តែក​=២​ស្លាបព្រា​កាហ្វេ​) ។

៣-​អាហារ​រុក្ខជាតិ​មាន​ជាតិ​ប្រេង ៖ គ្រាប់​អាល់​ម៉ុ​ន វ៉​ល​ណាត់ និង​សណ្តែកដី​ជា​ជម្រើស​ល្អ​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល ។ ប៉ុន្តែ សូម​ជៀសវាង​ការ​ដាក់​អំបិល​ច្រើន ជា​ពិសេស​ប្រសិនជា​អ្នកមាន​បញ្ហា​លើសឈាម ។ ចូរ​ទទួលទាន​អាហារ​ទាំងនេះ​រវាង​ពី​២៥​ក្រាម​ទ​ភ​៥០​ក្រាម​ក្នុង​មួយ​ថ្ងៃ ។

៤-​ប្រេង​អូ​លីវ​និង​ប្រេង Rapeseed ៖ ចូរ​ប្រើប្រាស់​២​ស្លាបព្រា​កាហ្វេ​ក្នុង​មួយ​ថ្ងៃ​ពេល​ចម្អិន​អាហារ ។ ការ​សិក្សា​មួយ​កាល​ឆ្នាំ​២០០២​រក​ឃើញ​ថា ប្រើ​ប្រេង​ខាង​ដើម​ប្រភេទ​ណាមួយ​ក្នុង​ចំនួន​ដូច​បាន​កំណត់​នេះ​រាល់ថ្ងៃ​រយៈពេល​៦​ស​ប្តា​ហ៍​អាច​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​សរុប​បាន​៨​ភាគរយ ។

៥-​ស្រូវ​សាឡី​អា​វ័ន ៖ ស្រូវ​សាឡី​ប្រភេទ​នេះ​ផ្ទុក​ទៅ​ដោយ​សមាសធាតុ​ឈ្មោះ beta glucans ។ អំឡុង​ការ​រំលាយ​អាហារ សមាសធាតុ​នេះ​បង្កើត​ជា​ជាតិ​អន្ធិល​(​ជែ​ល​)​ហើយ​បាន​ចង​រឹត​កូ​ឡេ​ស្តេ​រ៉ូ​ល​នៅ​ក្នុង​ពោះវៀន​ទប់​មិន​ឱ្យ​រាង​កាយ​ស្រូប​យក​បាន ។ បន្ទាប់​មក ទាំង​ជាតិ​អន្ធិល​ទាំង​កូ​ឡេ​ស្តេ​រ៉ូ​ល​ត្រូវ​បាន​បញ្ចេញ​ចោល​ក្នុង​នាម​ជាលា​មក។

ឯ​កម្រិត​នៃ​ការ​ប្រើប្រាស់​គឺ​៣​ក្រាម​ក្នុង​មួយ​ថ្ងៃ ។ ចំនួន​នេះ​ស្មើនឹង​បបរ​មួយ​ចានគោម​ខ្នាត​តូច នំប៉័ង​ធ្វើ​ពី​ស្រូវ​សាឡី​អា​វ័ន​២​ចំណិត ឬ​នំ Cake​ធ្វើ​ពី​ស្រូវ​សាឡី​អា​វ័ន​៣​ដុំ ៕