សុខភាព &raquo សុខភាព

តាម​ការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​បាន​បង្ហាញ​ថា ទម្លាប់​ទទួលទាន​បណ្តា​អាហារ​ដែល​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព អាច​កាត់​បន្ថយ​ករណី​ថ្មី​ៗ​នៃ​អត្រា​អ្នក​កើត​ជំងឺ​មហា​រីក​ដោះ​នៅ​ជុំវិញ​ពិភពលោក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។ ចូរ​ព្យាយាម​ដាក់​បញ្ចូល​អាហារ​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ៖

១-​បណ្តា​ផ្សិត ៖ លទ្ធផល​នៃ​ការ​សិក្សា​ដែល​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ Nutrition and Cancer កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​បាន​បង្ហាញ​ថា បង្កើន​ការ​ទទួលទាន​ផ្សិត​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឱ្យ​ថយ​ចុះ​ហានិភ័យ​មហារីក​សុដន់​ក្នុង​ចំណោម​ស្ត្រី​ស្ថិត​ក្នុង​ដំណាក់កាល​ឈាន​ទៅ​អស់​រដូវ ។ ផ្សិត​ត្រូវ​គេ​រក​ឃើញ​មាន​ផ្ទុក​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ឈ្មោះ L-ergothioneine ។

២-​សណ្តែកបណ្តុះ ៖ សណ្តែកបណ្តុះ​ផ្ទុក​ទៅ​ដោយ Sulforaphane យ៉ាង​ខ្ពស់ ។ វា​ជា​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​សាកលវិទ្យាល័យ​មី​ស៊ី​ហ្គែន សហរដ្ឋអាមេរិក​អះអាង​ថា មាន​លទ្ធភាព​បំផ្លាញ​ចោល​បណ្តា​កោសិកា​ជំរុញ​ដល់​ការ​លូតលាស់​ដុំ​សាច់ ។

៣-​ផ្លែ​ទទឹម ៖ គ្រាប់​ដែល​អាច​ខំ​បំបែក​ដោយ​ធ្មេញ​របស់​ផ្លែ​ទទឹម​សម្បូរ​យ៉ាង​ក្រាស់ក្រៃ​នូវ​អាស៊ីត Ellagic acid ជា​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​មាន​សមត្ថភាព​រារាំង​អង់​ហ្ស៊ី​ម​ជំរុញ​កើត​មហារីក​ដោះ ។ នេះ​បើ​យោង​តាម​អ្នក​វិទ្យាសាស្ត្រ​វិទ្យាស្ថាន​ស្រាវជ្រាវ Beckman ។

៤-​គ្រាប់​វ៉​ល​ណាត់ ៖ ការ​ទទួលទាន​៦០​ក្រាម​ក្នុង​មួយ​ថ្ងៃ​គឺ​អាច​កាត់​បន្ថយ​ការ​អភិវឌ្ឍ​ជា​ដុំ​សាច់​មហារីក​ដោះ​បាន​ពាក់កណ្តាល ។ ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ Marshall ពិសោធ​ឃើញ​ថា អូ​មេ​ហ្គា​-៣ សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​និង Phytosterols ដែល​មាន​ក្នុង​គ្រាប់​វ៉​ល​ណាត់​អាច​ជួយ​ពន្យឺតការ​លូតលាស់​នៃ​កោសិកា​មហារីក ។

៥-​បន្លែ​ស្លឹក spinach ៖ ស្ត្រី​ជិត​អស់​រដូវ​ដែល​បាន​ទទួលទាន​អាហារ​ផ្ទុក​សារធាតុ Folate ខ្ពស់​(​សម្បូរ​បំផុត​ក្នុង​បន្លែ Spinach) ប្រឈម​មហារីក​ដោះ​តិច​ជាង​៤០​ភាគរយ។

៦-​ស៊ុត ៖ Choline ជា​សារធាតុចិញ្ចឹម​ដ៏​សំខាន់​មាន​ច្រើន​បំផុត​ក្នុង​ពង​ក្រហម​នៃ​ស៊ុត​ជាប់​ទាក់ទង​នឹង​ការ​ជួយ​ឱ្យ​ថយ​ចុះ​ហានិភ័យ​កើត​មហារីក​ដោះ​បាន​២៤​ភាគរយ ។ នេះ​បើ​យោង​តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​មួយ​របស់​អា​មេ​រិ​កលើ​ស្ត្រី​ជាង​៣​ពាន់​នាក់ ។ ស្ត្រី​ត្រូវការ​សារធាតុចិញ្ចឹម​នេះ​៤២៥​មី​ល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ ពោល​គឺ​ប្រហាក់ប្រហែល​នឹង​ស៊ុត​ពី​៣-៤​គ្រាប់ ។

៧-​ត្រីសូ​ម៉ុង ៖ វត្តមាន​របស់​ខ្លាញ់​អូ​មេ​ហ្គា​-៣​និង​វីតាមីន D នាំ​ឱ្យ​ត្រីសូ​ម៉ុង​ក្លាយជា​អាហារ​សំខាន់​មួយ​បញ្ចុះ​ហានិភ័យ​មហារីក​ដោះ ។

៨-​នំប៉័ង​ធ្វើ​ពី​ស្រូវ​រ៉ៃ (Rye) ៖ ក្រុម​អ្នក​ស្រាវជ្រាវ​ប្រទេស​ហ្វាំ​ង​ឡង់​រក​ឃើញ​ថា ការ​ទទួលទាន​នំប៉័ង​ផលិត​ពី​គ្រាប់​ធញ្ញជាតិ​នេះ​អាច​ជួយ​ទប់ស្កាត់​មហារីក​ដោះ​បាន​។ ធាតុ​សំខាន់​ៗ​ក្នុង​នំប៉័ង​ប្រភេទ​នេះ​មាន​ដូច​ជា វីតាមីន រ៉ែ សារធាតុ​សរសៃ Lignans និង​អាស៊ីត Pytic ជាដើម ។ ចូរ​ពិនិត្យ​ស្លាក​សញ្ញា​ឱ្យ​បាន​ច្បាស់ ដ្បិត​វា​អាច​ច្រឡំ​នឹង​នំប៉័ង​ផលិត​ពី​ម្សៅ​ស្រូវ​សាឡី ៕