ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ៖ ខ្លោងទ្វារ​ទន្លេ​អុំ​នឹង​ដាក់​ជា​ផ្លូវ​ឯកទិស ចាប់ពី​ចុងខែ​មីនា ឆ្នាំ​២០១៦ ខាង​មុខ​នេះ​តទៅ ជា​ចំណុច​មួយ​ដែល​មាន​ការ​ចាប់អារម្មណ៍​ច្រើន​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។ ចំណែក​ក្រុម​មគ្គុទេសក៍​ទេសចរណ៍ បាន​សម្រុក​ដឹក​ភ្ញៀវ​នៅ​ពេល​ព្រឹក ដោយ​យានជំនិះ​ផ្សេង​ៗ ចូល​ទៅ​ប្រាសាទបាយ័ន​, ប្រាសាទបាពួន និង​លានជល់ដំរី ។

នៅ​ពេល​ល្ងាច ក៏​ជា​គោលដៅ​សម្រាប់​ភ្ញៀវ​ទេសចរ​មើល​ថ្ងៃ​លិច នៅ​លើ​ប្រាសាទ​បាក់​ខែង​ផង​ដែរ ។ ជា​រឿយ​ៗ ជា​ពិសេស​នៅ​ពេល​​ព្រឹក ដោយ​មិន​គិត​ពី​ថ្ងៃ​បុណ្យ​ធំ​ៗ ខ្លោងទ្វារ​ទន្លេ​អុំ​នេះ តែង​មានការ​កកស្ទះ​ចរាចរណ៍ ដោយសារ​មាន​ទំហំ​តូច និង​អាច​ចរា​ចរណ៍​បាន​ត្រឹម​រថយន្ត​មួយ​ប៉ុណ្ណោះ ។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​សម្រេច​យក​ខ្លោងទ្វារ​ទន្លេ​អុំ ដាក់​ជា​ផ្លូវ​ឯកទិស​នៅ​ពេល​ព្រឹក ដើម្បី​សម្រួល​បញ្ហា​កកស្ទះ​ចរាចរណ៍​ទាំងនេះ កុំឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មានការ​រ​អូរ​ទាំ​ពេល​ចេញ​-​ចូល​ទៅ​មើល​ប្រាសាទបាយ័ន​ម្តង​ៗ ។ ហើយ​បញ្ហា​កកស្ទះ​ចរាចរណ៍ នៅ​ច្រក​​ខ្លោងទ្វារ​ទន្លេ​អុំ​នោះ បាន​កើត​ឡើងជា​យូរ​មក ហើយ​ដោយសារ​បញ្ហា​នេះ ទើប​ធ្វើ​ឱ្យ​ប៉ះពាល់​ពេលវេលា​ទស្សនា​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ព្រោះថា ពួក​គេ​ត្រូវ​រង់ចាំ​នៅ​ច្រកចូល​ខ្លោងទ្វារ​ទន្លេ​អុំ ។

យ៉ាង​ហោច​ណាស់​ពី​១៥ ទៅ​២០​នាទី​ឯណោះ រាល់ពេល​មានការ​កកស្ទះ​ម្តង​ៗ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ បាន​អាជ្ញាធរ​ជាតិ​អប្សរា និង​កំណត់​ផ្លូវ​ខ្លោងទ្វារ​ទន្លេ​អុំ ដែល​ជា​ច្រក​ទ្វារ​ខាងត្បូង​ប្រាសាទបាយ័ន ឱ្យទៅ​ជា​ផ្លូវ​ឯកទិស​នៅ​ពេល​ព្រឹក គឺ​ចាប់ពី​ម៉ោង​៧​កន្លះ ដល់​ម៉ោង​១១​កន្លះ​។

អាជ្ញាធរ​ជាតិ​អប្សរា​តាម​រយៈ​លិខិត បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​អនុវត្ត​ចរាចរណ៍​ឯកទិស នៅ​ខ្លោងទ្វារ​ទន្លេ​អុំ ។ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ថា ការ​អនុវត្ត​ចរាចរណ៍​ឯកទិស​នៅ​ខ្លោងទ្វារ​ទន្លេ​អុំ​នេះ ដោយសារ​បច្ចុប្បន្ន តែងតែ​មានការ​កកស្ទះ​ចរាចរណ៍ នៅ​​ខ្លោងទ្វារ​ទន្លេ​អុំ​នៅ​ពេល​ព្រឹក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រំខាន​ដល់​ការ​ទស្សនា​របស់​ភ្ញៀវ​ទេសចរ ប៉ះពាល់​ដល់​ខ្លោងទ្វារ និង​បំពុល​បរិ​ស្ថាន​។

ហើយ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​ដាក់​ដំណើរការ​ចរាចរណ៍​ឯកទិស នៅ​ខ្លោងទ្វារ​ទន្លេ​អុំ ចាប់ពី​ថ្ងៃ​ទី​២៨ មីនា ២០១៦ តទៅ ដោយ​អនុ​ញ្ញាត​ឱ្យ​មាន​តែ​ចរាចរណ៍​ចូល និង​គ្មាន​ចរាចរណ៍​ចេញ (​លើកលែងតែ​ថ្មើរជើង និង​កង់​) តែ​ប៉ុ​ណោះ ចាប់ពី​ម៉ោង​៧:៣០ នាទី​ដល់​ម៉ោង​១១ និង​៣០​ព្រឹក ។

ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៩ កុម្ភៈ នេះ អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ថា ការ​អនុវត្ត​ផ្លូវ​ឯកទិស​នៅ​ខ្លោងទ្វារ​ទន្លេ​អុំ នឹង​ចាប់​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​២៨ មីនា ឆ្នាំ​២០១៦ តទៅ ។  អាជ្ញាធរ​ជាតិ​អប្សរា​បាន​យោង​ហេតុផល​ថា ដើម្បី​សម្រួល​ចរាចរណ៍​ឱ្យ​ល្អ​ឡើង​វិញ ការ​បញ្ចៀស​សការ​រំខាន​ដល់​ភ្ញៀវ​ទេសចរ និង​ផល​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​តំបន់​អង្គរ ដែល​បង្ក​ឡើង​ដោយ​ផ្សែង​យាន​យន្ត​ជាដើម ។