ប្រណាំង​កង់​វាល​រាប ៥កំណាត់​ផ្លូវ​​ចម្ងាយ​ ៤៧០​គីឡូម៉ែត្រ​​ចាប់​ផ្ដើម​ដើម​ខែ​នេះ

​​ព្រឹត្តិការណ៍​ប្រណាំង​​កង់​វាលរាប​​ ៥​កំណាត់​ផ្លូវ​​ឆ្លង​កាត់​ខេត្ត​កំពង់​ចាម ខេត្ត​ត្បូង​ឃ្មុំ ​ព្រៃវែង ស្វាយរៀង ​ព្រម​ទាំង​​ខេត្ត​កណ្ដាល ដែល​មាន​ចម្ងាយ​សរុប​ ៤៧០​គីឡូម៉ែត្រ​ នឹង​​​​បើក​​ការ​ប្រកួត​​ ​ចាប់​ពី​ថ្ងៃ​ទី៤ ដល់​ថ្ងៃ​ទី៨ ​ខែ​មីនា ឆ្នាំ​ ២០១៦​​ ចេញ​​​​ដំណើរ​ពី​វត្តភ្នំ​​រាជ​ធានី​ភ្នំពេញ។

 ប្រណាំង​កង់​វាល​រាប ៥កំណាត់​ផ្លូវ​​ចម្ងាយ​ ៤៧០​គីឡូម៉ែត្រ​​ចាប់​ផ្ដើម​ដើម​ខែ​នេះប្រណាំង​កង់​វាល​រាប ៥កំណាត់​ផ្លូវ​​ចម្ងាយ​ ៤៧០​គីឡូម៉ែត្រ​​ចាប់​ផ្ដើម​ដើម​ខែ​នេះ​លោក វ៉ាន់​ ថន

 

​លោក វ៉ាន់​ ថន អគ្គលេខាធិការ​​សហព័ន្ធ​កីឡា​​ទោចក្រយាន​​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ព្រឹត្តិការណ៍​បាន​បង្កើត​ឡើង​ចំនួន​ពីរ​លើក​រួច​មក​ហើយ។ ឆ្នាំ​២០១៦​នេះ​មាន​ក្រុម​ចូល​រួម​​មក​ពី​ ៩​ក្លឹប ដែល​មាន​​​កីឡា​ការិនី​​ចំនួន​ ៥​រូប​ក្នុង​ចំណោម​អ្នក​ចូល​រួម​ប្រកួតស​រុប​​ ៤០​នាក់។

 

​អគ្គលេខាធិការ​​រូប​នេះ​បន្ត​ថា ​​គោល​បំណង​បង្កើត​ព្រឹត្តិការណ៍​ខាង​លើ​​​ ពង្រឹង​សមត្ថភាព​កីឡាករ​​ឲ្យ​​រក្សា​បាន​កម្លាំង​អំណត់ និង​ល្បឿន​ឋេរ​​ ដើម្បី​ងាយ​ស្រួល​​ចូល​រួម​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេងៗ។ ​​​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​តែង​ខ្វះខាត​​​ភាព​អំណត់​ ​ដោយ​សារ​កម្លាំង​បាត់​បង់​អស់​នៅ​ពេល​ប្រកួត​ចម្ងាយ​ឆ្ងាយ ទើប​​​សហព័ន្ធ​របស់​លោក​ព្យាយាម​ពង្រឹង​​​ច្បាប់​ប្រកួត​ឲ្យ​បាន​កាន់​តែ​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

 

​ការ​ប្រកួត​នេះ​​មាន​ការ​ចូល​រួម​ឧបត្ថម្ភ​ពី​​ ក្រសួង​មហាផ្ទៃ​(អគ្គ​ភស្តុភារ) ​សាលា​​រាជធានី​ភ្នំពេញ​ សាលា​ខេត្ត​កំពង់​ចាម​ សាលា​ខេត្ត​ត្បូង​ឃ្មុំ ​​សាលា​ខេត្ត​ព្រៃវែង​ ​សាលា​ខេត្ត​ស្វាយរៀង​ សាលា​ខេត្ត​កណ្ដាល និង​ក្រុម​ហ៊ុន​​ G-Pas ​ផង​ដែរ៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​