កុងត្រូលជជុះ​របស់​គ​យ​ចល័ត​ក្នុងស្រុក​អន្លង់វែង កំពុង​ប្រឈម​នឹង​ការរិះគន់​រឿង​ជំរិត​យកលុយ​

កំណែទម្រង់​របស់​ស្ថាប័នគយ​ត្រូវ​បរាជ័យ​ទាំងស្រុង ព្រោះ​មន្ត្រី​គយ​នៅតែ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន ហើយ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ បណ្ដែតបណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ជាក់ស្តែង​ក្រុមអាជីវករ​និង​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​សៀម តាម​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ បាន​រិះគន់​ក្រុម​គយ​ចល័ត​ដែល​បង្កើត​កុងត្រូលជជុះ​ជំរិត​យកលុយ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្រុម​ឈ្មួញ​និង​អាជីវករ​បាន​ឲ្យ​ដឹង​ទៀតថា ពេល​ពួកគាត់​នាំចូល​ទំនិញ​គឺ​បង់ពន្ធ​ជូន​សមត្ថកិច្ច​គយ​នៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​តាម​ការកំណត់ ហើយ​បែរជា​មក​រងគ្រោះ​ដោយសារ​គយ​ចល័ត​ដាក់​កុងត្រូលជជុះ​ជំរិត​យកលុយ​មួយ​ជាន់​ទៀត​។

តាម​ការអះអាង​របស់​ឈ្មួញ​និង​ក្រុមអាជីវករ​នាំចូល​ទំនិញ​ពី​ប្រទេស​សៀម តាម​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ បាន​ឲ្យ​ដឹងថា ប៉ុស្តិ៍​ជជុះ​របស់​គយ​ចល័ត​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មាន​ទីតាំងនៅ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ​។ ក្រុមមន្ត្រី​គយ​ចល័ត​ប្រចាំ​ច្រក​នេះ បាន​តម្រូវ​ឲ្យ​អាជីវករ​និង​ឈ្មួញ​បង់លុយ​ឲ្យ​ពួកគេ​ជាប្រចាំ ហើយ​បើ​អ្នកណា​តវ៉ា​ត្រូវ​ប្រឈម​នឹង​ការគំរាមកំហែង​យ៉ាង​កំរោល​តែម្តង​។ បញ្ហា​នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ត្រូវ​ពិនិត្យមើល​ខ្លះ​ផង ព្រោះ​គយ​ចល័ត​របស់​អគ្គនាយក​ដ្ឋា​ន​គយ​និង​រដ្ឋាករ ដែល​ឈរជើង​ក្នុងស្រុក​អន្លង់វែង កំពុង​ប្រព្រឹត្ត​អំពើអាក្រក់​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។

ឈ្មួញ​និង​អាជីវករ​បានលើកឡើង​ទៀតថា ក្រុម​គយ​ចល័ត​ប្រចាំ​ប៉ុស្តិ៍​ជជុះ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ ស្រុក​អន្លង់វែង មិនបាន​អនុវត្តន៍​តាម​តួនាទី​របស់ខ្លួន​ក្នុងការ​ត្រួតពិនិត្យ​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ដោយ​ឈ្មួញ​ធំៗ​នាំចូល​យ៉ាង​គគ្រឹកគគ្រេង​នោះទេ​។ ផ្ទុយទៅវិញ​គយ​ចល័ត​ប្រចាំ​ប៉ុស្តិ៍​ជជុះ​គិតតែ​រឿង​រាប់​ក្បាល​រថយន្ត​ពួកគាត់​ដែលជា​ឈ្មួញ និង​អាជីវករ​តូចតាច​យកលុយ​តាម​ការកំណត់ បើទោះបី​ពួកគាត់​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​យ៉ាងណាក៏ដោយ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរពិនិត្យមើល​អំពើពុករលួយ​របស់​គ​យ​ចល័ត​ក្នុងស្រុក​អន្លង់វែង​ជាបន្ទាន់​ផងដែរ ព្រោះ​ពួកគេ​កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​របរ​រកស៊ី​របស់​ឈ្មួញ​និង​អាជីវករ ដែល​នាំចូល​ទំនិញ​ស្របច្បាប់​តាម​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​៕

custom-kun-nhim1-500x333លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ WAT-25024​    ​