លោក ឌី ពៅ អភិបាលរងក្រុង​បាត់ដំបង កំពុង​ប្រឈម​នឹង​ការ​ថ្កោលទោស​ពី​មហាជន​

ថ្មីៗ​នេះ​លោក ឌី ពៅ អភិបាលរងក្រុង​បាត់ដំបង បាន​ទាញ​កំណាត់​ចម្រៀក​ក្ដារ​គប់​ទៅលើ​កុមារី​អាយុ​៤​ឆ្នាំ​ម្នាក់​បណ្ដាល​ឲ្យ​រងរបួស​ផ្ទៃមុខ​និង​ប៉ោង​ភ្នែក​ម្ខាង ហើយ​គេ​សង្ស័យថា​លោក ឌី ពៅ ខឹង​កុមារី​នោះ​ឡើង​លេង​លើ​គំនរ​ខ្សាច់​របស់ខ្លួន​ដែល​ចាក់​ក្បែរ​ផ្ទះ​។ ប្រការនេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​អង្គ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​លើ​លោក ឌី ពៅ តាមច្បាប់​ជាបន្ទាន់​មិនត្រូវ​លើកលែង​ជាដាច់ខាត​។ ជាពិសេស​ស្នងការ​នគរបាល​ខេត្តបាត់ដំបង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត គួរពិនិត្យមើល​បញ្ហា​នេះ​ដើម្បី​ចាត់ការ​តាមច្បាប់​។

​ប្រភពពី​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា រឿងហេតុ​លោក ឌី ពៅ ប្រើ​អំពើហិង្សា​លើ​កុមារី​ឈ្មោះ និល ឡូង​អី អាយុ​៤​ឆ្នាំ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្នុងភូមិ​អង្គ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវបាន​មន្ត្រីនគរបាល​មូលដ្ឋាន​សមគំនិត​ជាមួយ​លោក ឌី ពៅ មិន​ចាត់ការ​តាម​នីតិវិធី​ឡើយ បើទោះបី​អាណាព្យាបាល​កុមារី​រងគ្រោះ​ដាក់ពាក្យ​បណ្ដឹង​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​យ៉ាងណាក៏ដោយ​។ គេ​សង្ស័យថា លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ គឺជា​អ្នក​ជួយ​បិទបាំង​អំពើអាក្រក់​របស់លោក ឌី ពៅ អភិបាលរងក្រុង​បាត់ដំបង​ផងដែរ​។

អ្នកភូមិ​អង្គ សង្កាត់​អូរ​ចា ដែល​ជាស​ក្សី​បាន​និយាយថា មុន​កើតហេតុ​ក្មេងស្រី​រងគ្រោះ​បាន​លេង​លើ​គំនរ​ខ្សាច់​ជាមួយ​ក្មេងប្រុស​ឈ្មោះ ពៅ ពូ​ទាក់ ហៅ​តាក់ អាយុ​៤​ឆ្នាំ ដែលជា​កូនប្រុស​របស់លោក ឌី ពៅ អភិបាលរងក្រុង​បាត់ដំបង​។ ប៉ុន្តែ​បន្ទាប់មក​ទំនង​លោក ឌី ពៅ ខឹង​ក្មេងស្រី​រងគ្រោះ​ឡើង​លេង​លើ​គំនរ​ខ្សាច់​របស់ខ្លួន​ទើប​ទាញ​កំណាត់​ចម្រៀក​ក្ដារ​គប់​ក្មេងស្រី​នោះ​បណ្ដាល​ឲ្យ​របួស​ផ្ទៃមុខ​និង​ប៉ោង​ភ្នែក​យ៉ាងដំណំ​ផ្នែក​ខាងឆ្វេង​។ ក្រោយ​កើតហេតុ​លោក ឌី ពៅ បាន​ទៅ​ជួប​សមត្ថកិច្ច​ដើម្បី​ចរចា​បិទ​សំណុំរឿង ហេតុនេះហើយ​ទើប​នគរបាល​ក្រុង​បាត់ដំបង មិន​ដោះស្រាយ​ទោះបី​អាណាព្យាបាល​កុមារី​រងគ្រោះ​ដាក់ពាក្យ​បណ្ដឹង​រួចហើយ​ក៏ដោយ​។ ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​ភូមិ​អង្គ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​តាមច្បាប់​ទៅលើ​លោក ឌី ពៅ អភិបាលរងក្រុង​បាត់ដំបង ដើម្បី​កុំ​ឲ្យ​មន្ត្រី​រូបនេះ​អាង​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​៕

1174530_1379133162317094_1884665755_nលោក ឌី ពៅ អភិបាលរងក្រុងបាត់ដំបង 12806109_898090903645390_7254756838410012164_n