តុលាការ​ដាក់គុក​ជន​សង្ស័យ​៣​នាក់ លួច​លក់​-​ទិញ​ជ័រ​ខ្មៅ បេ​ទី​ម​ក្រាល​ថ្នល់​កៅស៊ូ​

បន្ទាយមានជ័យ: តុលាការខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៩​កុម្ភ​: បានចេញ​ដីកា​ដាក់គុក បណ្តោះ អាសន្ន​ជនសង្ស័យ ចំនួន​៣​នាក់ ជា​អ្នកទិញ និង​អ្នកលក់ ដែល​ប្រព្រឹត្ត​អំពើ​ទុ​ច្ច​រឹត រាប់​ឆ្នាំ លួច​ជ័រ​ខ្មៅ ឬ​បេ​ទី​ម សម្រាប់​ចាក់​ក្រាល​ថ្នល់​កៅស៊ូ ពី​ក្រុមហ៊ុន​ផង និង​កែច្នៃ​បន្ថែម​អោយ​ធ្ងន់ តែ​ខូចគុណភាព​ផង​។​
   
​កងរាជអាវុធហត្ថ អនុវត្ត​ដីកា​តុលាការ ដោយ​ធ្វើការ​ឃាត់ខ្លួន ជន​ទុ​ច្ច​រឹត​ទាំង​៣​នាក់ និង​បញ្ជូន បន្ទាប់ពី​ប្រព្រឹត្ត​ចុងក្រោយ លួច​ជ័រកៅស៊ូ​ខ្មៅ​ចំនួន​៤៣​ពុ​យ នៅវេលា​ម៉ោង ៣ ល្ងាច​ថ្ងៃទី​២៧ ខែកុម្ភ​: ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​/​សង្កាត់​ទឹកថ្លា ក្រុង​សិរិ​សោភ័ណ ខេត្តបន្ទាយមានជ័យ​។
   
​លោ​វរៈសេនីយ៍ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌ នៃ​កង​អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​និយាយថា​: ជនសង្ស័យ ទាំង​៣​នាក់​នោះ មាន​: ១-​ឈ្មោះ​នឿន សុខ​នី​ម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​អ្នកបើករថយន្ត ឲ្យ​ក្រុមហ៊ុន TINCO រស់នៅ​ភូមិ​បា​លិ​លេ​យ្យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជា​អ្នកលក់​។ ២-​ឈ្មោះ​ជា ចាន់​រិទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ ព្រូឡាន រស់នៅ​ភូមិ​ច្រាំង​ចំរេះ ខ័​ណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ជា​អ្នកលក់ និង​៣-​ឈ្មោះ​កុយ ឈុន​នី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន សូ​រិន្ទ ខន់​ត្រា​ក់សិន រស់នៅ​សង្កាត់​ផ្សារ​ដើម​ផ្កូ​វ ខ័​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ជា​អ្នកទិញ​។
   
​សូមបញ្ជាក់ថា យោង​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន TINCO ដែល​ដឹក​ជ័រកៅស៊ូ​ខ្មៅ ឬ​បេ​ទី​ម បាន​ប្ដឹងទៅ​តុលាការ​ថា មាន​ជនសង្ស័យ ចំនួន​២​នាក់ គឺ​តៃកុង​ឡាន និង​ព្រូឡាន បាន​លួច​យក​ជ័រកៅស៊ូ​ខ្មៅ ពី​ក្រុមហ៊ុន​ខ្លួន យ៉ាងច្រើន យកទៅលក់​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន សូ​រិន្ទ ខន់​ត្រា​ក់សិន​។​
    
​លោក ផាន់ ភី​រម្យ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង ខេត្តបន្ទាយមានជ័យ បាន​បង្គាប់​អោយ​អាវុធហត្ថ​ខេត្ត ចុះទៅ​ឃាត់ខ្លួន​ជន​ទុ​ច្ច​រឹត ដែល​លក់ និង​ទិញ​ជ័រកៅស៊ូ ដូចខាងលើ​។​
   
​លោក​វរ​:​សេនីយ៍ ព្រហ្ម ថេ​ង និយាយ​បន្តថា​: នៅមុខ​អាវុធហត្ថ ជនសង្ស័យ​ទាំង​៣​នាក់ បាន​ឆ្លើយ​សារភាពថា ពិតជា​បាន​លួច​ជ័រកៅស៊ូ​ខ្មៅ របស់​ក្រុមហ៊ុន TINCO ដឹក​ជ័រកៅស៊ូ​ខ្មៅ តាម​រថយន្ត​ពី​ប៉ោយប៉ែត ទៅ​ភ្នំពេញ រាល់​តែ​ជើង និង​មាន​រយ​:​ពេល​ពី ៨​ទៅ​១០​ឆ្នាំ​មកហើយ ហើយក៏​ប្រព្រឹត្ត​ជា​ប្រព័ន្ធ និង​មាន​អ្នក​នៅ​ពី​ក្រោយខ្នង លួច​ប្រើប្រាស់​ឈ្មោះ កូន​ប្រមុខ​ថ្នាក់ដឹកនាំ និង​ឈ្មោះ​ថ្នាក់ដឹកនាំ​ផង គឺ​ប្រព្រឹត្តិ​ទៅ នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ដោយ​ពួកខ្លួន​តែងតែ​លួច បូម​ជ័រកៅស៊ូ​ខ្មៅ ចេញពី​រថយន្ត​១​ជើងៗ ចំនួន​១​តោន​កៅស៊ូ រួច​យក​កាន​ចាក់​ដាក់​ទឹក​បំពេញ ឲ្យ​គ្រប់​១​តោន​វិញ​។ ធ្វើ​យ៉ាងនេះ ទើប​យកទៅ​ថ្លឹង មិន​បាត់​ទម្ងន់​ជ័រ តែ​វា​ខូចគុណភាព​យ៉ាងធ្ងន់ធ្ងរ ពេល​គេ​យក​ជ័រ ទៅ​ដុត​ចាក់​ក្រាល ថ្នល់​កៅស៊ូ​។​
   
​ពួកគេ បាន​និយាយ​បន្តថា​: ដោយសារ​នាំគ្នា​លួច ជា​ប្រព័ន្ធ​ដូច្នេះ ទើប​អាច​លាក់បាំង បាន​រាប់​ឆ្នាំកន្លងមក​។ ប៉ុន្តែ​ទើប​បែកការណ៍ ដោយសារ​ក្រុមហ៊ុន ដក​បុគ្គលិក​ចាស់​មួយចំនួន ហើយ​ពួកខ្លួន បាន​លួច​ចុងក្រោយ​នេះ ត្រូវ​ម្ចាស់​ក្រុមហ៊ុន តាម​ទាន់ ហើយ​ប្តឹងទៅ​តុលាការ​៕V/S

តុលាការ​ដាក់គុក​ជន​សង្ស័យ​៣​នាក់ លួច​លក់​-​ទិញ​ជ័រ​ខ្មៅ បេ​ទី​ម​ក្រាល​ថ្នល់​កៅស៊ូ​

តុលាការ​ដាក់គុក​ជន​សង្ស័យ​៣​នាក់ លួច​លក់​-​ទិញ​ជ័រ​ខ្មៅ បេ​ទី​ម​ក្រាល​ថ្នល់​កៅស៊ូ​

តុលាការ​ដាក់គុក​ជន​សង្ស័យ​៣​នាក់ លួច​លក់​-​ទិញ​ជ័រ​ខ្មៅ បេ​ទី​ម​ក្រាល​ថ្នល់​កៅស៊ូ​

តុលាការ​ដាក់គុក​ជន​សង្ស័យ​៣​នាក់ លួច​លក់​-​ទិញ​ជ័រ​ខ្មៅ បេ​ទី​ម​ក្រាល​ថ្នល់​កៅស៊ូ​