ឌុន រដ្ឋា ទូទាត់បំណុល ចាស់នឹងវ៉ែន សុវណ្ណ នៅសង្វៀន TIFFY ARENA នាល្ងាចថ្ងៃសៅរ៍

ភ្នំពេញ៖ អ្នកប្រដាល់ ឌុន រដ្ឋា ក្លិបអេភូថងកីឡា ប៉ះអ្នកប្រដាល់ វ៉ែន សុវណ្ណ ក្លិបកងកេងមានរិទ្ធ ខេត្តបាត់ដំបង ដើម្បីទូទាត់បំណុលចាស់ រីឯអ្នក ប្រដាល់ សេន កុសល ក្លិបមោងឬស្សីមរតក គុនខ្មែរ ខេត្តបាត់ដំបង ជួបប្រកួតជាមួយ អ្នកប្រដាល់ ជុន សាវុធ ក្លិបពោធិជ័យកីឡា នាល្ងាចថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០១៦នេះ នៅលើសង្វៀនTIFFY ARENA។

វ៉ែន សុវណ្ណ ជាជើងខ្លាំង និងជាជើងចាស់ ដែលធ្លាប់ឈ្នះខ្សែក្រវាត់ គ្រឿងញៀនម្តង ចំពោះសុវណ្ណ ជាអ្នកប្រដាល់ មានកណ្ដាប់ដៃល្អខ្លាំង ហើយ ជើងទាត់ក៏ខ្លាំងដែរ គ្រាន់តែគេអន់កម្លាំង សម្រុកតែប៉ុណ្ណោះ ក្នុងពេលបច្ចុប្បន្ននេះ វ៉ែន សុវណ្ណ ប្រកួតចុងក្រោយ វាយឈ្នះ វង្ស ស៊ីថៃ អ្នកប្រដាល់ ក្លិបកងពលតូចលេខ៧០ ដោយពិន្ទុ។ រីឯឌុន រដ្ឋា វាយលែងស្ពឹកនិងយឺត ដូចមុនហើយ ឯស្នៀតប្រដាល់វិញនោះ ក៏ល្អជាងមុនដែរ  ឌុន រដ្ឋា ប្រកួតចុងក្រោយ វាយចាញ់អ្នកប្រដាល់ថៃYodsiam Sopasok ដោយពិន្ទុ។

អ្នកប្រដាល់ សេន កុសល ក្លិបមោងឬស្សីមរតកគុន ខ្មែរ ខេត្តបាត់ដំបង ជួបប្រកួតជាមួយអ្នកប្រដាល់ ជុន សាវុធ ក្លិបពោធិជ័យកីឡា។ សេន កុសល មានស្នៀតប្រដាល់ល្អនោះ ក៏មានកលល្បិច ក្នុងការប្រកួត ច្រើនណាស់ដែរ ដែលតាមការវាយតម្លៃ  នៅពេលធ្វើការ ប្រកួតដ៏ស្វិតស្វាញ បំផុត ហើយបើអ្នកណាឈ្នះ ក៏ឈ្នះដោយវេទនាដែរ។ ជុន សាវុធ បើនិយាយពី កម្លាំងកាយសម្បទា តែសម្រាប់បទពិសោធន៍ប្រកួត សាវុធ អាចលើ កុសល វិញ។ សាវុធ ស្គាល់រេញប្រកួត មុន កុសលប្រមាណជាងមួយឆ្នាំឯណោះ ដូច្នេះស្ថិតិប្រកួតរបស់គេ ច្រើនជាងកុសល។

ការប្រកួតចុងក្រោយ កុសល វាយឈ្នះ ថន វាសនា ក្លិបនាគរាជមានជ័យដោយពិន្ទុ ក្នុងការប្រកួតជម្រុះដណ្ដើម ពានរង្វាន់ Tiffy ទម្ងន់៥៧គីឡូក្រាម ចំពោះការប្រកួតចុងក្រោយរបស់ ជុន សាវុធ វិញវាយចាញ់ ម៉ន ភីរម្យ អ្នកប្រដាល់ក្លិប ការិយាល័យទី៥ កងទ័ពជើងគោក ដោយពិន្ទុ។

អ្នកប្រដាល់ យិន បូរិន ក្លិបអាស៊ីកីឡា នឹងជួបប្រកួតជាមួយ ផាន់ ពិសិដ្ឋ អ្នកប្រដាល់ក្លិបគុជ សាកីឡាដោយពិន្ទុ ប្រកួតគ្នាក្នុងទម្ងន់៥៧គីឡូក្រាម៕

ឌុន រដ្ឋា ទូទាត់បំណុល ចាស់នឹងវ៉ែន សុវណ្ណ នៅសង្វៀន TIFFY ARENA នាល្ងាចថ្ងៃសៅរ៍