ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ៖ ផ្ទុះ​រឿង​ដណ្ដើម​តំណែង​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត ខណៈ​ប្រធាន​មន្ទីរ​ចាស់​ត្រៀម​ចូល​និវត្តន៍​នៅ​ដើមខែ​មីនា ។
បើ​តាម​ប្រភព​ពី​មន្ត្រ​មន្ទីរ​ព័ត៌មាន​ខេត្ត​បានឱ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​០១ មីនា នេះ​ថា សំណុំរឿង​មិន​ប្រក្រតី​នានា ដែល​កំពុង​ឆេះ​ងំ​នៅ​ក្នុង​មន្ទីរ​ព័ត៌មាន​ខេត្ត នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​ពិសេស​រឿង​ដណ្ដើម​តំណែង​ប្រធាន​មន្ទីរ​ថ្មី ទំនង​អាច​នឹង​ផ្ទុះ​ផ្អើល​ពេញ​ខេត្ត​បាត់បង នា​ពេល​ខាង​មុខ​នេះ ។ បន្ទាប់​ពី​មន្ត្រី​មន្ទីរ​ព័ត៌មាន​មួយ​ចំនួន ដែល​មិន​ពេញចិត្ត​នឹង​សមាសភាព​ប្រធាន​ថ្មី ដែល​រៀបចំ​ទុក​រួច​ស្រេច​ដោយ​ប្រធាន​ចាស់ ឡើង​ទៅ​ជួប​លោក​អភិបាលខេត្ត និង​ស្នើ​ឱ្យ​លោក​អភិបាល​ជួយ​រក​ដំណោះស្រាយ ។

ប្រភព​ដដែល​ថា ប្រធាន​មន្ទីរ​ចាស់​លោក គ្រី ចំរើន បាន​ស្វះស្វែង​រៀបចំ​សំណុំ​បែបបទ​របៀប​ប្រកាន់​បក្សពួក​ប​ញ្ជួ​ន​ទៅ​ក្រសួង ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​ក្រសួង​ជួយ​សម្រួល​តែងតាំង​អ្នកស្រី ប៉ុក ចាន់​ធា​រី បច្ចុប្បន្ន​ជា​អនុប្រធាន​មន្ទីរ​ព័ត៌មាន​ឱ្យ​ឡើងជា​ប្រធាន​មន្ទីរ​ថ្មី ក្រោយ​ពេល​លោក​គ្រី ចំរើន ចូល​និវត្តន៍​នា​ដើមខែ​មីនា​នេះ ។

ប៉ុន្តែ​មន្ត្រី​ក្រោម​ឱវាទ​ស្ទើរ​៨០% នៅ​ក្នុង​មន្ទីរ​នេះ មិន​ពេញចិត្ត​នឹង​សមាសភាព​ប្រធាន​ថ្មី ដែល​រៀបចំ​ដោយ​លោក​ប្រធាន​ចាស់​នេះ​ទេ ដោយ​ពួក​គេ​ចង់ឱ្យ​ក្រសួង​រៀបចំ​ជ្រើសរើស​តែងតាំង​លោក​សួ​ស សុ​ភ័​ក្រ ដែល​ជា​អនុ​ប្រ​ប្រធាន​មន្ទីរ​ដែរ ជា​ប្រធាន​មន្ទីរ​ថ្មី​វិញ​។