អង្គ​ជំនុំជម្រះ​សាលាដំបូង​ស្ដាប់​ការ​ថ្លែង​ទុក្ខសោក​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​៣​រូប

អង្គ​ជំនុំជម្រះ​សាលាដំបូង នៅ​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ បាន​ស្ដាប់​ការ​ថ្លែង​ទុក្ខសោក​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី ៣​រូប ដែល​រង​ផល​ប៉ះពាល់​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទាំង​នេះ គឺ​ជា​អ្នក​រង​ទុក្ខ​ដោយ​ការ​ប្រព្រឹត្ត​របស់​ក្រុម​ខ្មែរក្រហម ទៅ​លើ​ក្រុម​មនុស្ស​ដែល​គេ​កំណត់​ជា​គោលដៅ​ជាក់លាក់ គឺ​ជនជាតិ​ចាម និង​វៀតណាម។

ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទាំង ៣​រូប សុទ្ធ​តែ​បាន​ថ្លែង​ប្រាប់​អង្គ​ជំនុំជម្រះ​ថា ពួក​គាត់​រង​ទុក្ខ​ដោយសារ​តែ​ពួក​ខ្មែរក្រហម​ធ្វើបាប និង​កាប់​សម្លាប់​សមាជិក​គ្រួសារ​របស់​ខ្លួន។

ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទី​១ ក្នុង​ចំណោម ៣​រូប ឈ្មោះ ម៉ើ ពៅ ជា​ជនជាតិ​ចាម មក​ពី​ភូមិ​ក្រោល​ក្របី ឃុំ​ត្រពាំងជង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ថ្លែង​ថា របប​ខ្មែរក្រហម​បាន​បំបាត់​សាសនា​អ៊ីស្លាម​ហើយ​បង្ខំ​ឱ្យ​លោក​ធ្វើ​អ្វីៗ តាម​បញ្ជា​របស់​អង្គការ។

លោក​ត្រូវ​បង្ខំ​ឱ្យ​រស់​នៅ​បែក​ពី​គ្រួសារ​គ្មាន​សាលារៀន និង​គ្មាន​សាសនា៖ «រស់​នៅ​តាម​អង្គការ​កំណត់។ អង្គការ​ប្រើប្រាស់​ខ្ញុំ​ឱ្យ​ហូប​ពុំ​គ្រប់គ្រាន់។ ធ្វើ​ការ​តាម​អង្គការ​កំណត់​ទាំង​យប់​ទាំង​ថ្ងៃ ស្គម​ស្បែក​ដណ្ដប់​ឆ្អឹង បបរ​តែ​មួយ​វែក។ បើ​សិន​ធ្វើ​មិន​បាន​សម្រេច​តាម​ផែនការ​ទេ អង្គការ​ដក​របប​យើង​បន្ថែម​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជា​ទុក្ខសោក​វេទនា កម្លាំង​ខ្ញុំ​ក្មេង អាយុ ១៣ ឬ ១៤​ឆ្នាំ បាត់បង់​ឪពុក​ម្ដាយ ឈឺ​ថ្កាត់​ដេក​ក្រោម​ឈើ​ម្នាក់​ឯង ជម្រក​ផ្ទះ​សម្បែង​ក៏​គ្មាន ដេក​ហាល​ភ្លៀង​ហាល​ផ្គរ មូស​ខាំ សាច់ញាតិ​ក៏​គ្មាន។ អ្វីៗ ទាំង​អស់​នេះ​ហើយ​បាន​ជា​ខ្ញុំ​ពិបាក»

លោក​ថ្លែង​ថា ឪពុក​ម្ដាយ​មីង​មា និង​សាច់ញាតិ​របស់​លោក​ចំនួន ១៧​នាក់ បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ដោយ​ការ​ហូប​ចុក​មិន​គ្រប់គ្រាន់ ហើយ​ខ្លះ​ទៀត ត្រូវ​បាន​ពួក​ឈ្លប​ខ្មែរក្រហម​យក​ទៅ​សម្លាប់។

លោក​បញ្ជាក់​ថា បាន​រស់​ក៏​ដោយសារ​តែ​លោក​លាក់​ឈ្មោះ​ពិត ហើយ​ដូរ​ឈ្មោះ​ជា​ខ្មែរ។ លោក ម៉ើ ពៅ អះអាង​ថា លោក​ត្រូវ​បាន​គេ​ចាប់​ដាក់​មន្ទីរ​ឃុំឃាំង​ចោទ​ថា​ក្បត់​នឹង​អង្គការ។ លោក​បាន​ឃើញ​ពួក​ឈ្លប​ខ្មែរក្រហម​សម្លាប់​មនុស្ស​ដោយ​ផ្ទាល់​ភ្នែក៖ «ថ្ងៃ​មួយ​ពេល​ខ្ញុំ​ចេញ​ទៅ​ធ្វើការ វា​ចោទ​ស្ត្រី​ថា ជា​សីលធម៌ (ខុស​សីលធម៌)។ អ៊ីចឹង​ស្ត្រី​នោះ​គេ​ឱ្យ​អាក្រាត​អស់​ហើយ​គេ​វះ ពី​ខ្មាស​រហូត​ដល់​ស្បូន។ ស្ត្រី​បាន​ស្រែក​ឈឺ​ខ្លោច​ផ្សា ហើយ​ខ្ញុំ​ជា​កុមារ​ជា​អ្នក​ជាប់​ទោស គេ​ឱ្យ​យើង​ឈរ​មើល។ គេ​ធ្វើ​មីទីង​មួយ​សម្រាប់​មិន​ឱ្យ​យើង​ទាំង​អស់​គ្នា ខុស​សីលធម៌​ដូច​បែបបទ​នារី​នោះ។ ពេល​នោះ​វា​វះ​យក​ថ្លើម​មក​ឆា​ស៊ី។ វា​ថា បើ​មិត្ត​ឯង​ក្បត់ ថ្លើម​អ្នក​ឯង ត្រូវ​តែ​អញ​ស៊ី​អ៊ីចឹង។ នេះ​ហើយ​ហៅ​ថា​ការ​ភ័យ​ខ្លាច ការ​រន្ធត់​ដែល​ខ្ញុំ​នៅ​តូច​ផង។ អ៊ីចឹង​ពេល​នោះ អ្វីៗ ក៏​ខ្ញុំ​លះបង់​ដែរ»

ទាក់ទង​នឹង​ការ​សម្លាប់​ជនជាតិ​ចាម​នេះ​ដែរ អង្គ​ជំនុំជម្រះ​ក៏​បាន​ស្ដាប់​ការ​ថ្លែង​ទុក្ខសោក​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ជា​ជនជាតិ​មួយ​រូប​ទៀត ឈ្មោះ ម៉ាន ស្លេះ មក​ពី​ឃុំ​ស្វាយឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម។ ដើម​បណ្ដឹង​រូប​នេះ ជម្រាប​អង្គ​ជំនុំជម្រះ​ថា លោក​រង​ទុក្ខ​ដោយសារ​តែ​ពួក​យោធា​ខ្មែរ​ក្រហម​សម្លាប់​ឪពុក​ម្ដាយ និង​បងប្អូន​របស់​លោក​បន្ទាប់​ពី​ការ​បំបាត់​សាសនា ហើយ​បង្ក្រាប​ការ​បះបោរ​នៅ​ទី​នោះ។ ក្រោយ​ការ​ថ្លែង​ទុក្ខសោក លោក​សួរ​ទៅ​ជនជាប់ចោទ នួន ជា និង ខៀវ សំផន ថា ហេតុ​អ្វី​បាន​ធ្វើ​ដូច្នេះ៖ «សំណួរ​ទី​មួយ ហេតុ​អី​បាន​ជា​ខ្មែរក្រហម​ស្អប់​ជនជាតិ​ចាម​ម្ល៉េះ? សំណួរ​ទី​ពីរ ហេតុ​អី​បាន​ជា​ខ្មែរក្រហម​ចង់​សម្លាប់​ចាម​ឱ្យ​ផុត​ពូជ? សំណួរ​ទី​បី ហេតុ​អី​បាន​ជា​ចាត់​ទុក​សាសនា​ព្រះ​មហា​ម៉ាត់ ជា​សាសនា​សក្ដិភូមិ ប្រតិកិរិយា?»

ទោះ​ជា​លោក​សួរ​ដូច្នេះ​ក្ដី ជនជាប់ចោទ នួន ជា និង ខៀវ សំផន រក្សា​សិទ្ធិ​មិន​ឆ្លើយ​តប​ទេ។

ដោយ​ឡែក ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទី​៣ គឺ​អ្នកស្រី សៀង ចន្ថី មក​ពី​ខេត្ត​ស្វាយរៀង ក៏​បាន​ថ្លែង​ទុក្ខ​សោក​នៅ​ចំពោះ​មុខ​អង្គ​ជំនុំជម្រះ​ថា បង​ប្រុស​របស់​អ្នក​ស្រី​ត្រូវ​ពួក​ខ្មែរក្រហម​សម្លាប់ ហើយ​ឪពុក​ធ្វើ​អត្តឃាត ដោយសារ​តែ​គាត់​ជា​ជនជាតិ​វៀតណាម៖ «គាត់​ភ័យ​គាត់​ខ្លាច។ គ្រួសារ​វៀតណាម ពីរ​គ្រួសារ​គេ​យក​ទៅ​អស់​ហើយ។ យក​កូន​គាត់​ទៅ​សម្លាប់​ប្រាំពីរ​ថ្ងៃ​ហើយ គាត់​ខ្លាច​ស្លាប់​ដូច​កូន​គាត់ បាន​ជា​គាត់​ចង​ក»

អ្នកស្រី សៀង ចន្ថី ថ្លែង​ថា ឪពុក​អ្នកស្រី​ដាច់​ចិត្ត​ចង​ក​សម្លាប់​ខ្លួន​ឯង គឺ​គាត់​ឃើញ​ពួក​ខ្មែរក្រហម​ចាប់​គ្រួសារ​វៀតណាម ពីរ​គ្រួសារ​យក​ទៅ​សម្លាប់។ ឪពុក​អ្នកស្រី​ប្រាប់​មុន​ពេល​ស្លាប់​ថា ការ​ដែល​គាត់​ធ្វើ​អត្តឃាត គឺ​ដើម្បី​កូន​រស់។ អ្នកស្រី​នឹង​ត្រូវ​មក​ថ្លែង​ទុក្ខសោក​នៅ​ចំពោះ​មុខ​អង្គ​ជំនុំជម្រះ​ជា​បន្ត​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​មីនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។