សាក្សី៖ ជនជាតិចាម ងើបបះបោរ តស៊ូជាមួយ ខ្មែរក្រហម ធ្វើឲ្យស្លាប់ ជាច្រើននាក់

ភ្នំពេញ៖ សាក្សីដែលជា ជនជាតិចាម ដែលនៅសេសសល់ ពីរបបខ្មែរក្រហម បានលើកឡើងថា ដោយសារមិនអាចទ្រាំនឹង ការធ្វើបាបពីសំណាក់ មេដឹកនាំផ្តាច់ការ ខ្មែរក្រហមបាន ពួកគាត់បានធ្វើការតស៊ូ និងងើបបះបោរ ជាមួយរបបមួយនេះ  ប៉ុន្តែជាលទ្ធផលគឺបណ្តាលឲ្យជនជាតិស្លាប់ជាច្រើន។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុង អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជាដែល ហៅកាត់ថា សាលាក្ដីខ្មែរក្រហម បានបើកសវនាការ លើដើមបណ្តឹង រដ្ឋប្បវេណីចំនួន៥រូប ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ប្រឆាំង ជនជាតិចាម ជនជាតិវៀតណាម និងការសម្លាប់ទៅលើអតីតមន្ត្រី រដ្ឋការបរទេសនៃសម័យ សាធារណរដ្ឋខ្មែរ ចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី ២ ខែ មីនា  ឆ្នាំ ២០១៦។

ដើមបណ្តឹងរដ្ឋប្បវេណី លោក ម៉ាន ស្លេះ មានដើមកំណើតនៅ ឃុំស្វាយឃ្លាំង ត្រូវបានអង្គជំនុំជម្រះស្តាប់ការបង្ហាញ ពីទុក្ខវេទនារបស់គាត់ និងបងប្អូនជនជាតិចាម ផ្សេងទៀត នៅក្នុងរបបខ្មែរក្រហមផងដែរ ដោយលោកបានលើកឡើងថា ខ្មែរក្រហមបានលុបបំបាត់ សាសនាដុតគម្ពីរគួរអាន និងបានចាប់ខ្លួនទៅលើមេដឹកនាំ សាសនា និងអ្នកចេះដឹងផ្សេងទៀត ក្នុងនោះមានទាំងឪពុករបស់ លោកមួយរូបផងដែរ។

លោកបានថ្លែងថា “ក្រុមយុវជនជនជាតិចាម ដែលមានរូបលោកផងដែរ បាននាំគ្នាបះបោរវាយតប ជាមួយក្រុមខ្មែរក្រហម ដើម្បីជីវិតរស់ និងសាសនាបានរស់ ប៉ុន្តែត្រូវបានក្រុមខ្មែរក្រហមបង្ក្រាប និងសម្លាប់ជនជាតិចាមយ៉ាងច្រើន”។

លោកម៉ាន ស្លេះ បានជម្រាបទៅអង្គជំនុំជម្រះសាលាដំបូងថា ខ្មែរក្រហមបានជម្លៀសរូបគាត់ និងក្រុមគ្រួសាចេញពីភូមិកំណើត និង ត្រូវបានខ្មែរក្រហមធ្វើ ទុក្ខបុកម្នេញយ៉ាងខ្លាំង។ លោកបានថ្លែងថា សមាជិកក្រុមគ្រួសារ របស់លោកចំនួន ៥ រូបមានទាំងឪពុកម្តាយបងប្អូន ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោល។

ដើមបណ្ដឹងរដ្ឋប្បវេណី ម្នាក់ទៀត ឈ្មោះ ម៉ើ ពៅ ជនជាតិចាមមូស្លីម បានឲ្យដឹងថា កម្មាភិបាលខ្មែរក្រហមបានចាប់ រូបលោកយកទៅឃុំខ្លួន នៅក្នុងមន្ទីរឃុំឃាំង ជាមួយក្រុមយុវជនផ្សេងៗទៀត ដោយបានដាក់ខ្នោះដៃជើង និងធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃបំផុត ព្រមទាំងបង្ខំឲ្យធ្វើការទាំងខ្លួនគ្មានកម្លាំង។

មានដើមកំណើតនៅស្រុកបាកាន ខេត្តពោធិ៍សាត់ លោក ម៉ើ ពៅ បានថ្លែងថា រូបលោក ត្រូវបង្ខំចិត្តដូរឈ្មោះរបស់ខ្លួនពី អែល ម៉ូហាម៉ាត មកជា ម៉ើ ពៅ ដែលជាឈ្មោះខ្មែរវិញ។ លោកបានថ្លែងទាំងទឹកភ្នែកថា ក្រៅពីការធ្វើទារុណកម្ម លើរាងកាយ កម្មាភិបាលខ្មែរក្រហម នៅបន្ដគំរាមផ្លូវចិត្តរបស់លោកទៀត។

លោកក៏បានបញ្ជាក់ដែរថា កម្មាភិបាលខ្មែរក្រហម ក៏បង្ខំឲ្យក្រុមយុវជនរបស់លោក ទៅឈរមើល ពួកគេសម្លាប់មនុស្សផ្សេងៗទៀតផងដែរ ដោយលោកថា ប្រសិនបើនរណាមានការតក់ស្លុត ពេលឃើញទិដ្ឋភាពនៃការសម្លាប់នោះ កម្មាភិបាលខ្មែរក្រហមនឹង ចោទថាជាខ្សែរបណ្ដាញអ្នកដែល ត្រូវបានគេសម្លាប់នោះ ហើយពួកគេនឹងយកទៅសម្លាប់ជាមួយគ្នា៕

សាក្សី៖ ជនជាតិចាម ងើបបះបោរ តស៊ូជាមួយ ខ្មែរក្រហម ធ្វើឲ្យស្លាប់ ជាច្រើននាក់

លោក ម៉ើ ពៅ