ល្បែងស៊ីសង​ក្នុង​ខេត្តសៀមរាប រាលដាល​កាន់តែខ្លាំង​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​សង្គម​

លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​បានល្អ​ប្រសើរ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ផ្ទុយទៅវិញ​នៅក្នុង​ក្រុង​សៀមរាប ដែលជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ កំពុង​ពោ​ពេញ​ទៅដោយ​ល្បែងស៊ីសង​គ្រប់​ប្រភេទ ព្រមទាំង​អំពើចោរកម្ម លួច​ឆក់​ប្លន់ និង​បទល្មើស​គ្រឿងញៀន​រាលដាល​កាន់តែខ្លាំង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ព្រួយបារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​។ ដូច្នេះ​ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ជាបន្ទាន់​។

​សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៦ កម្លាំង​នគរបាល​និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​កាស៊ីណូ​លួចលាក់​មួយកន្លែង​ដែល​ជ្រក​ក្រោម​ស្លាក​ភោជនីយដ្ឋាន សាន់ ស៊ាំ​ង ក្នុង​តំបន់​បុរី​ប្រិមប្រិយ នៃ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​។ នៅ​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​សួរចម្លើយ​មនុស្ស​ប្រុស​ស្រី​១០​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​នៅក្នុង​កាស៊ីណូ ដើម្បី​តាម​វែកមុខ​មេខ្លោង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការលួចបើក​កាស៊ីណូ​ល្បែងស៊ីសង​នៅ​កណ្ដាល​ក្រុង​សៀមរាប​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ទៅលើ​ម្ចាស់​កាស៊ីណូ ដែល​ជ្រក​ក្រោម​យីហោ​ភោជនីយដ្ឋាន សាន់ ស៊ាំ​ង ព្រោះ​សមត្ថកិច្ច​ប្រមូលបាន​វត្ថុតាង​ដូចជា ទូ​ហ្គេម​រាប់សិប​គ្រឿង ទូ​រ៉ូ​ឡែ​ត​សម្រាប់​បង្វិល​ចាក់​ប្រាក់ បៀ​ជាច្រើន​ហ៊ូ ព្រមទាំង​សម្ភារៈ​ជាច្រើន​ទៀត​បើ​គិត​ជា​ទឹកប្រាក់​គឺ​ច្រើន​ម៉ឺន​ដុល្លារ​។

​ដោយឡែក​នៅ​រសៀល​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​បង្ក្រាប​ល្បែង​ឆ្នោត​នៅក្នុង​សាខា​ក្រុមហ៊ុន​Cootel ផ្គត់​ផ្គង​សេវា​អ៊ី​ន​ធឺ​ណេ​ត​។ ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា សាខា​ក្រុមហ៊ុន​Cootel ដែលមាន​ទីតាំងនៅ​ទល់មុខ​មន្ទីរពេទ្យ​កុមារ ជិត​វិទ្យាល័យ​១០​មករា បានក្លាយ​ទៅជា​កន្លែង​បង្កប់​ល្បែង​លក់​ឆ្នោត​យ៉ាង​ធំ ហើយ​អ្នកញៀន​ល្បែង​នេះ​ប្រមូលផ្ដុំ​គ្នា​លេង​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​ញញើត​នឹង​សមត្ថកិច្ច​ឡើយ​។ តាមរយៈ​ការបង្ក្រាប​ល្បែងស៊ីសង​២​ទីតាំង​ខាងលើនេះ បង្ហាញ​យ៉ាងច្បាស់​ថា​ក្នុង​ខេត្តសៀមរាប ដែលជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​កំពុង​កើតមាន​ល្បែងស៊ីសង​និង​បទល្មើស​ផ្សេងៗ​យ៉ាង​ពេញបន្ទុក​។ អាច​និយាយបានថា លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ផ្ដល់​ភាពកក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​បរទេស​នោះទេ​៕

c6775152-b635-44dd-b086-70b41aa99c72 KA-29-02-2016-12-2