មន្ត្រីនគរបាល​ក្រុង​បាត់ដំបង អំពាវនាវ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស៊ើបអង្កេត​រឿងអាស្រូវ​របស់លោក​អធិការ យឹម វិចិត្រ

មន្ត្រីនគរបាល​ដែល​បម្រើ​ការងារ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង បាន​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង​ជាបន្ទាន់​។ ដោយហេតុថា​ប្រមាណ​១​ឆ្នាំ​កន្លងទៅនេះ លោក យឹម វិចិត្រ ប្រព្រឹត្ត​អំពើពុករលួយ​តាម​គ្រប់​រូបភាព​រហូត​ដល់​ស៊ីដាច់​ម៉ូតូ​ជនសង្ស័យ ហើយ​ដោះលែង​ជនសង្ស័យ​ទៀតផង​។ ជាងនេះទៅទៀត​លោក យឹម វិចិត្រ បង្ក្រាប​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហើយ​ចាប់យក​ឈើ​ទៅ​ទុក​ធ្វើ​ផ្ទះ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។

​ថ្មីៗ​នេះ​មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង បាន​លាតត្រដាង​ជា​បន្តបន្ទាប់​នូវ​រឿងអាស្រូវ​ពុករលួយ​របស់លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង ដើម្បី​ឲ្យ​លោក ស ថេត ជា​ស្នងការ​នគរបាល​ខេត្ត បានដឹង​និង​ចាត់វិធានការ​តាម​ស្ថានភាព​ជាក់ស្តែង​។ ប៉ុន្តែ​ទំនង​លោក ស ថេត ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ពី​លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង ទើប​បណ្ដោយ​ឲ្យ​លោក យឹម វិចិត្រ ធ្វើ​អ្វីៗ​យ៉ាង​គឃ្លើន​។ ជាក់ស្តែង​លោក យឹម វិចិត្រ បាន​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​រាលដាល​យ៉ាង​អនាធិបតេយ្យ​ដូចជា ភ្នាល់​ទឹកភ្លៀង កន្ទុយលេខ បៀ​អាប៉ោង និង​ហ្គេម​តាម​ប្រព័ន្ធ​អន​ឡាញ​ជាដើម​។ ប្រភពពី​មន្ត្រីនគរបាល​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹង​ទៀតថា លោក យឹម វិចិត្រ បាន​ប្រើប្រាស់​មនុស្ស​ស្និទ្ធ​នឹង​ខ្លួន​ឲ្យ​ដើរ​ប្រមូល​លុយ​តាម​បន​ល្បែង​មក​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​ដោយ​មិន​គិតគូរ​ពី​ការពង្រឹង​សន្តិសុខ​សង្គម​នោះទេ​។

រឿងអាស្រូវ​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​ទៅលើ​លោក យឹម វិចិត្រ នោះ​គឺ​ករណី​រក្សាទុក​ការ​កាត​អេ​ធី​អឹម​របស់​មន្ត្រីនគរបាល​ប្រមាណ​ជាង​១០​នាក់ ដែល​មិន​មក​ធ្វើ​ការងារ​ដើម្បី​បើក​ប្រាក់ខែ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ ប្រសិនបើ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចង់ដឹង​ការពិត គឺ​គ្រាន់តែ​ស៊ើបសួរ​ទៅ​មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ប្រាកដជា​បានដឹង​គ្រប់​រឿងរ៉ាវ​ពុករលួយ​របស់លោក យឹម វិចិត្រ ជាមិនខាន​។ ដោយសារតែ​អំពើពុករលួយ​នោះ​ហើយ ទើប​លោក យឹម វិចិត្រ ផ្លាស់​ពី​ស្រុក​ថ្មគោល មក​ធ្វើជា​អធិការនគរបាល​ក្រុង​បាត់ដំបង​ប្រមាណ​១​ឆ្នាំ​សោះ បែរជា​សល់​លុយ​ទិញ​ផ្ទះ​២​ល្វែង​នៅក្នុង​បុរី​រំចេក​។ ដូច្នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​លោក យឹម វិចិត្រ ប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួកនិយម​យ៉ាង​ក្រអឺតក្រទម​តទៅទៀត​៕

១៥លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ 12784758_1528683037427273_916902528_nលោក យឹម វិចិត្រ អធិការនគរបាលក្រុងបាត់ដំបង