រឿងរ៉ាវ​ទាក់ទង​ទៅនឹង​ការឆេះ​គំនរ​ឈើ​របស់​ក្រុមហ៊ុន​ហ្គ្រី​ន​ខន​ទ្រី នៅ​ខេត្តព្រះវិហារ​

កាលពី​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​រាលដាល​ដល់​គំនរ​ឈើ​របស់​ក្រុមហ៊ុន​ហ្គ្រី​ន​ខន​ទ្រី​ជេ​.​អេស​.​ស៊ី នៅ​ភូមិ​ស្រយង់​ខាងត្បូង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ ហើយ​មានការ​សង្ស័យថា​អាចមាន​អ្នក​លួច​ដុត​។ ក៏ប៉ុន្តែ​សមត្ថកិច្ច​នគរបាល​ខេត្តព្រះវិហារ បាន​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ ហើយ​បញ្ជាក់ថា បណ្ដាលមកពី​ភ្លើង​ឆេះ​ព្រៃ​។ ទោះជា​យ៉ាងណា​បញ្ហា​នេះ​ត្រូវបាន​មជ្ឈដ្ឋាន​នានា​សង្ស័យថា ប្រហែល​អ្នកមាន​ចេតនា​ដុតបំផ្លាញ​ឈើ ធ្វើជា​ដុត​ព្រៃ​ដើម្បី​ឲ្យ​រាលដាល​ដល់​គំនរ​ឈើ​តែម្តង​។

​ប្រភពពី​ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ហ្គ្រី​ន​ខន​ទ្រី គឺជា​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​បាន​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជា​យូរ​មកហើយ មិន​ដែលមាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ត្រួតពិនិត្យ​នោះទេ​។ គេ​សង្ស័យថា ម្ចាស់​ក្រុមហ៊ុន​នេះ​មានអំណាច​ខ្លាំង​ទើប​អាច​កាប់​ឈើ​ក្នុង​ឃុំ​ស្រយង់ ស្រុក​គូលែន ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​យ៉ាង​រលូន​ក្រោម​លែ​សដី​សម្បទាន​សេដ្ឋកិច្ច​។ រហូតដល់​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ ទើប​មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​រាលដាល​ដល់​គំនរ​ឈើ​ជាច្រើន​រយ​ម៉ែត្រគូប និង​ឈើ​កំណាត់​ជាច្រើន​ដុំ​នៅក្នុង​ឃ្លាំង​របស់​ក្រុមហ៊ុន​ហ្គ្រី​ន​ខន​ទ្រី​តែម្តង​។ បន្ទាប់ពីនោះ​ទើប​លោក ស៊ី គី​រី ស្នងការ​នគរបាល​ខេត្តព្រះវិហារ បាន​ចាត់​ឲ្យ​កម្លាំង​របស់ខ្លួន​ទៅពិនិត្យ​ដល់​កន្លែងកើតហេតុ ហើយ​អះអាងថា​ករណី​ភ្លើង​ឆេះ​គំនរ​ឈើ​ស្តុក​ទុក​ក្នុង​ឃ្លាំង​របស់​ក្រុមហ៊ុន​ហ្គ្រី​ន​ខន​ទ្រី បណ្ដាលមកពី​ភ្លើង​ឆេះ​ព្រៃ​។

តាម​ព័ត៌មាន​ពី​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ស្រុក​គូលែន ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ភ្លើង​ឆេះ​កាលពី​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ នោះបាន​បំផ្លាញ​ឈើ​ស្តុក​ទុក​ក្នុង​ឃ្លាំង​របស់​ក្រុមហ៊ុន​ហ្គ្រី​ន​ខន​ទ្រី នៅ​ភូមិ​ស្រយង់​ខាងត្បូង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ អស់​ប្រមាណ​៤​ម៉ែត្រគូប​។ មជ្ឈដ្ឋាន​មួយចំនួន​បាន​អំពាវនាវ​ឲ្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាត់វិធានការ​ស៊ើបអង្កេត​អំពី​ប្រភព​ឈើ​របស់​ក្រុមហ៊ុន​ហ្គ្រី​ន​ខន​ទ្រី​ផងដែរ​។ ការស៊ើបអង្កេត​គឺ​ដើម្បី​បញ្ជាក់ថា ឈើ​ទាំងនោះ​ជា​ឈើ​ស្របច្បាប់​ឬ​ខុសច្បាប់​ព្រោះ​កន្លងមក​ក្រុមហ៊ុន​ហ្គ្រី​ន​ខន​ទ្រី តែងតែ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​ចេញពី​ស្រុក​គូលែន ខេត្តព្រះវិហារ ដោយ​ពុំមាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​៕

Vihea-1លោក ស៊ី គីរី ស្នងការនគរបាលខេត្តព្រះវិហារ  a12cbd3f-d284-4f86-bd7b-074dc5ee6a48