ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ចំណូល​ចូលជាតិ​ក្នុង​ឆ្នាំ​២០១៥ ដែល​បាន​មក​ពី​ក្រសួង​រ៉ែ និង​ថាមពល ដោយ​គិតតែ​ចំណូល​រ៉ែ និង​ប្រេងកាត គឺ​មាន​ចំនួន​១៧​លាន​ដុល្លារ ត្រូវ​បាន​ចាក់​បញ្ចូល​ទៅ​ក្នុង​ថវិកាជាតិ ។ ភាព​ជោគជ័យ​នេះ ដោយសារ​តែ​យន្ដការ​ប្រមូល​បាន​ល្អ និង​បំបាត់​អនាធិបតេយ្យ​បាន តាម​រយៈ​គោលនយោបាយ​កំណែទម្រង់ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល ។

ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​បណ្ដាញ​ទូរទស្សន៍​ក្នុងស្រុក លោក ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​មាន​ប្រសាសន៍​ថា ៖ « បន្ទាប់​ពី​ក្រសួង​រ៉ែ និង​ថាមពល​បាន​ចាប់​បង្កើត​ថ្មី​កាលពី​ឆ្នាំ​២០១៤​មក យើង​បាន​ធ្វើ​កំណែទម្រង់​ថ្មី​ៗ ហើយ​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​មួយ​ដ៏​សំខាន់ គឺ​ការ​បង្ក្រាប​អាជីវកម្ម​រ៉ែ​អនាធិប​តេយ្យ និង​វិធានការ​ផ្សេង​ៗ​ជា​ច្រើន ហើយ​វិធានការ​ដែល​ដាក់​ចេញ​មុនគេ​ក្នុង​អំឡុង​ខែមេសា ឆ្នាំ​២០១៥ គឺជា​យុទ្ធនាការ « ឆ្មាំ​ទន្លេ​មួយ » ដែល​ក្នុង​នោះ ក្រសួង​បាន​ប្រកាសប្រាប់​អាជីវករ​ទាំងអស់​ដែល​ធ្លាប់​ធ្វើ​អាជីវកម្ម​ខ្សាច់​ថា ចាប់ពី​ពេល​នេះ​តទៅ ប្រសិនបើ​អស់លោក​ពុំ​មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​បូម​ខ្សាច់​ទេ សូមកុំ​ធ្វើ ។

មួយវិញទៀត ក្រសួង​នឹង​រៀបចំ​ចេញ​អាជ្ញាប័ណ្ណ​ជូន​ទៅ​តាម​ការ​សិក្សា​ច្បាស់លាស់ ជាក់ស្តែង តំបន់​ដែល​អាច​ផ្ដល់​អាជ្ញាប័ណ្ណ​ជូន យើង​នឹង​ចេញ​ជូន ហើយ​យើង​នឹង​មាន​វិធានការ​ផ្ដល់​អាជ្ញាប័ណ្ណ​ជូន​នេះ ដូច​ជា​អប់រំ​ណែនាំ​គាត់ និង​ប្រកាសប្រាប់​សាធារណជន​ទាំងអស់​ឲ្យ​ចូលរួម​ទាំងអស់​គ្នា ដោយ​យើង​បាន​បង្កើត​ជា​លេខ Hotline មួយ​គឺ ០៩៥ ៧២៧ ៧២៧ ដើម្បី​ឲ្យ​បងប្អូន​ដែល​ឃើញ​សកម្មភាព​បូម​ខ្សាច់ ឬ​ក៏​សង្ស័យ​មាន​សកម្មភាព​អនាធិបតេយ្យ អាច​រាយការណ៍​មក​បាន​គ្រប់​២៤​ម៉ោង » ។

តាម​រយៈ​ការ​បង្កើត​លេខ Hotline ដើម្បី​ទទួល​ព័ត៌មាន​នេះ កន្លង​មក ក្រសួង​បាន​ចុះ​ចាប់​ជនខិលខូច​ដែល​រកស៊ី​ទ្រង់ទ្រាយ​ធំ​ចំនួន​១៦​នាក់​បាន​បញ្ជូន​ទៅ​តុលាការ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​នគរបាល​យុត្តិធម៌ និង​កងរាជអាវុធហត្ថ ។

ទោះបី​យ៉ាងណា ការ​បង្ក្រាប​នេះ​គឺ​មាន បញ្ហា​ប្រឈម និង​ឧបសគ្គ​ជា​ច្រើន ដែល​ក្រសួង​រ៉ែ និង​ថាមពល បាន​ជួប​ប្រទះ និង​ដោះស្រាយ​។

លោក​រដ្ឋលេខាធិការ ឌិ​ត ទីណា បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ « ការ​បង្ក្រាប​ការ​បូម​ខ្សាច់​អនាធិបតេយ្យ​តែងតែ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ចៀស​មិន​រួច​ទេ អ្នកខ្លះ​ចូល​ចិត្ត​ប្រឈម​បែប​ខ្លាំង​ផ្ទាល់​តែ​ម្ដង អ្នកមួយ​ចំនួន​ប្រឈម​បែប​របៀប​ទន់ និង​អ្នកមួយ​ចំនួន​ទៀត​ធ្វើ​ខ្លាំង​លាយ​ទន់ ។ ប៉ុន្តែ​អ្វី​ដែល​ក្រសួង​ជ្រើសរើស​មក​ដោះស្រាយ គឺ​វិធីសាស្ត្រ « ទន់​លាយ​រឹង » មាន​ន័យ​ថា ពី​ដំបូង​ឡើយ យើង​ធ្វើ​ត្រជាក់​ជាមួយ​ពួក​គាត់ ដោយ​ធ្វើការ​ពន្យល់​ឲ្យ​បាន​ច្បាស់លាស់​សិន នៅ​ពេល​ដែល​ជ្រួតជ្រាប​អស់ហើយ អ្នក​ដែល​នៅ​តែ​ល្មើស ទើប​យើង​ចាប់ផ្ដើម​ធ្វើ​វិធានការ​រឹង ហើយ​រហូត​ឈាន​ទៅ​ចាប់​ពួក​គាត់​បញ្ជូន​ទៅ​តុលាការ ជាដើម » ។

ដោយឡែក ចំណូល​បាន​មក​ពី​អាជីវកម្ម​រ៉ែ​ទាំងនេះ គឺ​ធ្វើ​ទៅ​តាម​តម្លាភាព មាន​ន័យ​ថា រាល់​ការ​បង់​ចូល គឺ​មាន​បញ្ជី​ច្បាស់លាស់​។ ក្រសួង​ធ្វើការ​ប្រមូល​ថវិកា​ទៅ​តាម​ច្បាប់ ដែល​បាន​ប្រកាស​ជា​អន្តរក្រសួង ស្ដី​អំពី​ការ​យក​សេវា​សាធារណៈ​មួយ​ចំនួន ។ ដោយឡែក ការ​ប្រកាស​បង់​សួយ​សារ និង​ចំណូល​រដ្ឋ​មួយ​ចំនួន​ទៀត គឺ​ធ្វើ​ទៅ​តាម​ប្រកាស​អន្តរក្រសួង​ដូច​គ្នា ។ នេះ​បើ​តាម​លោក​រដ្ឋលេខាធិការ ។

លោក​រដ្ឋលេខាធិការ​បញ្ជាក់​ថា ៖ « ឆ្នាំ​២០១៥ ក្រសួង​បាន​ធ្វើ​កំណែទម្រង់​មួយ​ដ៏​សំខាន់​ក្នុង​ការ​ប្រមូល​សួយ​សារ គឺ​ការ​ប្រមូល​សួយ​សារ​មុន ដែល​កន្លង​មក គឺ​ចាំ​អាជីវករ​ធ្វើ​អាជីវកម្ម​ចប់​ពី​១​ទៅ​២​ខែ ទើប​យើង​ទៅ​សួរ​គាត់​ថា បាន​ប៉ុន្មាន អស់​ប៉ុន្មាន ឬ​ក៏​ចុះ​ទៅ​វាស់​រណ្ដៅ​ដី​ជាក់ស្ដែង រួច​ហើយ​ទើប​ក្រសួង​វាយតម្លៃ​សួយ​សារ​គិត​ពី​គាត់ ។ ប៉ុន្តែ​ឥឡូវ គឺ​គាត់​ត្រូវ​ប្រាប់​មុន​ថា ក្នុងឆ្នាំនេះ ពួក​គាត់​មាន​គម្រោង​ធ្វើ​ប៉ុន្មាន​ក្នុង​ខែ​នេះ ឬ​ត្រីមាស​នេះ ហើយ​គាត់​បង់​ចូល​មក​មុន ។ បន្ទាប់​មក នៅ​ចុងខែ ឬ​ចុង​ត្រីមាស ក្រសួង​នឹង​ចុះ​ទៅ​ពិនិត្យ​ម្ដងទៀត​ដើម្បី​ឲ្យ​ប្រាកដ​ថា អ្វី​ដែល​គាត់​បង់​មុន​នោះ វា​ខ្វះ​ឬ​លើស ដើម្បី​ទូទាត់​ម្ដងទៀត អុ​ី​ចឹ​ង​ចំណូល​រដ្ឋ​គឺ​មិន​បាត់់​ទេ មិន​ត្រឹមតែ​មិន​បាត់បង់​ហើយ​ថែម​ទាំង​កើនឡើង​ទៀត​ផង ដោយសារ​តែ​យើង​មាន​សួយ​សារ និង​អត្ថប្រយោជន៍បន្ថែម » ។

ចំណែក​ថវិកា​ដែល​ទទួល​បាន​ពី​អាជីវកម្ម ចូល​ទៅ​រដ្ឋ​នេះ គឺ​រដ្ឋ​យក​ទៅ​បែងចែក​តាម​គម្រោង​ថវិកា​ប្រចាំឆ្នាំ​តាម​វិស័យ​នីមួយ​ៗ ដូច​ជា ជួយ​សេវា​សាធារណៈ​ជាដើម ដែល​ជា​យន្តការ​មួយ​ជួយ​ទៅ​ដល់​ប្រជាជន​រស់នៅ​តាម​សហគមន៍​វិញ ។

ទោះបី​យ៉ាងណា ការ​បង្ក្រាប​ការ​បូម​ខ្សាច់​អនាធិបតេយ្យ​នេះ ក្រសួង​មិន​អាច​និយាយ​ថា ឈាន​ដល់​បញ្ចប់​សកម្មភាព​បាន​១០០%​នោះ​ទេ ដោយសារ​តែ​អ្នក​ខិលខូច​មួយ​ចំនួន​នៅ​តែ​លួច​ធ្វើ​សកម្មភាព ក្នុង​ករណី​ក្រសួង​មានការ​ធ្វេសប្រហែស ដូច្នេះ ក្រសួង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ជួយ​សហការ​គ្នា ដើម្បី​ទប់ស្កាត់​សកម្មភាព​បែប​អនាធិបតេយ្យ​នេះ ។

គួរ​រំឭក​ថា កាលពី​ពេល​ថ្មី​ៗ​នេះ លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម បាន​ចុះ​ទៅ​ពិនិត្យ​មើល​ការ​អនុវត្ត​គម្រោង​រ៉ែ​មួយ​ចំនួន​នៅ​ខេត្តរតនគិរី គឺ​ឃើញ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​គេ​អនុវត្ត​បាន​ត្រឹមត្រូវ និង​មាន​អ្នកមួយ​ចំនួន​ក៏​មិន​ត្រឹមត្រូវ​ដែរ ហើយ​ក្រសួង​កំពុង​តែ​បន្ដ​បង្ក្រាប និង​សូម​ចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ៕