អ៊ុំ សេរីរ័ត្ន ​ថា​បឹង​កេត ​ជា​ឧបសគ្គ​ធំ​សម្រាប់​ទ័ព​លើក​ពាន​ឆ្នាំ​នេះ

អ្នក​ចាំ​ទី​ដៃ​ស្អិត អ៊ុំ សេរីរ័ត្ន ​មាន​សង្ឃឹម​៧០​% ​ក្នុង​ការ​ប្រជែង​យក​ពាន​រង្វាន់​លីគ​កំពូល Metfone Cambodian League 2016 ​នេះ​បាន ដោយ​រូបគេ​គិត​ថា​មាន​តែ​ក្រុម​បឹង​កេត​អង្គរ​មួយ​គត់ ​ដែល​ជា​ឧបសគ្គ​ធំ​សម្រាប់​ក្រុម​ក្រសួង​ការពារ​ជាតិ។

 

អ៊ុំ សេរីរ័ត្ន ​ថា​បឹង​កេត ​ជា​ឧបសគ្គ​ធំ​សម្រាប់​ទ័ព​លើក​ពាន​ឆ្នាំ​នេះ

 

បន្ទាប់​ពី​ឈ្នះ ​២​ ប្រកួត​ជាប់​គ្នា​ក្នុង​រយៈ​ពេល​២​សប្ដាហ៍​មក​នេះ ​ក្រុម​ក្រសួង​ការពារ​ជាតិ​ហាក់​ដូចជា​បាន​បង្ហាញ​ភាព​រឹងមាំ​របស់​ខ្លួន ​សម្រាប់​ប្រជែង​យក​ចំណាត់​ថ្នាក់​លេខ ​១ ​ពី​ក្រុម​ដទៃ​ទៀត ដូចជា ​បឹង​កេត​អង្គរ ​និង​ស្វាយ​រៀង​ព្រះ​ខ័នរាជ ​ជា​ដើម។ ដោយ​មាន​កីឡាករ​ថ្មី​ជនជាតិ​បរទេស​​ ២​នាក់ ​ដែល​មាន​សមត្ថភាព​ល្អ​គួរ​ឱ្យ​កត់សម្គាល់ ​អ្នក​ចាំ​ទី​ដែល​ប្រិយមិត្ត​បាន​ស្គាល់​ច្បាស់​ថា​ ឈ្មោះ សេរីរ័ត្ន ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា ​រូបគេ​ពេញ​ចិត្ត​ទម្រង់​លេង​របស់​ក្រុម​នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​ក៏​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដែរ សម្រាប់​ប្រកួត​ជាមួយ​ក្រុម​ដទៃ​ទៀត។

 

“សម្រាប់​ខ្ញុំ មាន​សង្ឃឹម​ដល់​ទៅ ​៧០​% ​ថា​ក្រុម​ក្រសួង​ការពារ​ជាតិ​មាន​សមត្ថភាព​អាច​លើក​ពាន​បាន។ ក្រុម​ដែល​ខ្ញុំ​គិត​ថា​ជា​គូ​ប្រជែង​ធំ ​និង​មាន​ខ្សែ​ប្រយុទ្ធ​មុត​ល្អ គឺ​បឹង​កេត​អង្គរ ព្រោះ​ពួកគេ​ជា​ខ្លាំង​តាំង​ពី​រដូវ​កាល​មុន។ ខ្ញុំ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ក្នុង​ការ​ការពារ​សំណាញ់​ទី​របស់​ខ្ញុំ ទោះ​ជា​ប៉ះ​ជាមួយ​ក្រុម​ណា​ក៏​ដោយ”។ សម្ដី អ៊ុំ សេរីរ័ត្ន។

 

២​ប្រកួត​កន្លង​មក ក្រុម​ក្រសួង​ការពារ​ជាតិ​បាន​យក​ឈ្នះ​ក្រុម​ប៉ូលិស ៤-១ ​និង​ឈ្នះ​ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់ ​ភ្នំពេញ​ក្រោន​ដោយ​លទ្ធផល ១- ០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕

 

អត្ថបទ៖ មុន្នី រម្យ