អត្ថបទអង្គការ ៖ ក្រុមហ៊ុនថ្នាំជក់ មួយចំនួននិង អ្នកពាក់ព័ន្ធផ្សេងទៀត កំពុងប្រើប្រាស់តារាៗ ស្រស់សោភា ផ្សាយពាណិជ្ជកម្ម បារីខុសច្បាប់

ភ្នំពេញ ៖ ច្បាប់ស្ដីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់ ត្រូវបានអនុម័ត តាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥។ នៅក្នុងច្បាប់នេះបានចែងពីបញ្ហាសំខាន់ៗ ស្ដីពីការត្រួតពិនិត្យថ្នាំជក់ជាអាទិ៍ ការបោះពុម្ពសារព្រមានសុខភាព ជារូបភាពលើកញ្ចប់បារី ការចែកចាយនិងទីកន្លែង លក់ផលិតផលថ្នាំជក់ និងការហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធី ដោយឧស្សាហករថ្នាំជក់។

ចាប់ពីមាត្រា១១ដល់១៣ នៃច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ បានចែងយ៉ាងច្បាស់ថា ការផ្សាយ ពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ ការឧត្ថម្ភកម្មវិធីដោយ ឧស្សាហករថ្នាំជក់ គ្រប់ទម្រង់ត្រូវ ហាមឃាត់។ តែរយៈកាលកន្លងមករាប់ចាប់តាំងពីពេលមានច្បាប់ រហូតមកទល់ពេលនេះ ក្រុមហ៊ុនថ្នាំជក់និងអ្នកពាក់ព័ន្ធ ផ្សេងៗទៀតបានរួមដៃគ្នាធ្វើការផ្សព្វផ្សាយលក់ និង ផ្សាយពាណិជ្ជកម្មបារី ដោយល្មើសទៅនឹងច្បាប់ ស្ដីពីការត្រួតពិនិត្យថ្នាំជក់នេះដោយគ្មានកោតក្រែង។

ជាឧទាហរណ៍ជាក់ស្ដែងនៅ តាមក្លឹបរាត្រីមួយចំនួន នៅតាមរាជធានីនិងខេត្តដូចជា ភ្នំពេញ បាត់ដំបង សៀមរាប និង ព្រះសីហនុ បានសហការជាមួយក្រុមហ៊ុន បារីម៉ាក MEVIUS បាននិងកំពុងរៀបចំធ្វើការ ផ្សព្វផ្សាយលក់និង ផ្សាយពាណិជ្ជកម្មបារីម៉ាកនេះ ដោយជួលតារាមួយចំនួនផ្សព្វផ្សាយ ផងដែរ ដើម្បីទាក់ទាញពលរដ្ឋ ជាពិសេសយុវជននិងស្រី្ត។

តើការល្មើសទៅនឹងច្បាប់នេះមានន័យយ៉ាងដូចម្ដេច? ចម្លើយគឺក្រុមហ៊ុនថ្នាំជក់ និង អ្នកពាក់ព័ន្ធនឹងបទល្មើស នេះមានចេតនាបំពានច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាដែលបានឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រ។

គួររំលឹកថាមុនពេលមានច្បាប់នេះកម្ពុជាក៏មានអនុក្រឹត្យស្ដីពីវិធានការហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និង ការឧបត្ថម្ភកម្មវិធីរបស់ ឧស្សាហករថ្នាំ ជក់ដែរ ។ តែក្រុមហ៊ុនថ្នាំជក់នៅតែប្រព្រឹត្ត បំពានតាំងពីពេលនោះរហូតដល់បច្ចុប្បន្ន។ ម៉្យាងទៀតសាលារាជធានីភ្នំពេញ ក៏ធ្លាប់បានព្រមាន ទៅក្រុមហ៊ុន ថ្នាំជក់ទាំងនោះរួមទាំងអ្នកពាក់ព័ន្ធដូចជាម្ចាស់ផលិតកម្ម និង សមាគមសិល្បករកម្ពុជាផងដែរ កុំអោយបន្ត ផ្សាយពាណិជ្ជកម្មបារីទៀត។ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺតារាមួយចំនួននៅតែត្រូវបានប្រើប្រាស់ ដោយក្រុមហ៊ុនថ្នាំជក់និងភាគីពាក់ព័ន្ធ ឲ្យផ្សាយពាណិជ្ជកម្មបារីដោយ បំពានច្បាប់ដដែលជាដដែល។

បើឧស្សាហ៍កម្មថ្នាំជក់នៅកម្ពុជានៅតែផ្សាយពាណិជកម្មបារីដោយបំពានច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់បែននេះ ប្រទេសកម្ពុជាអាចនឹងពិបាកក្នុងការ សម្រេចបានជោគជ័យក្នុងការកាត់បន្ថយ អត្រាអ្នកស្លាប់ប្រមាណ ជាង១០០០០នាក់ជារៀងរាល់ឆ្នាំនៅកម្ពុជាយើង៕

 

អត្ថបទអង្គការ ៖ ក្រុមហ៊ុនថ្នាំជក់ មួយចំនួននិង អ្នកពាក់ព័ន្ធផ្សេងទៀត កំពុងប្រើប្រាស់តារាៗ ស្រស់សោភា ផ្សាយពាណិជ្ជកម្ម បារីខុសច្បាប់

អត្ថបទអង្គការ ៖ ក្រុមហ៊ុនថ្នាំជក់ មួយចំនួននិង អ្នកពាក់ព័ន្ធផ្សេងទៀត កំពុងប្រើប្រាស់តារាៗ ស្រស់សោភា ផ្សាយពាណិជ្ជកម្ម បារីខុសច្បាប់