បញ្ហា​ជញ្ជីង​ថ្លឹង​រថយន្ត ថ្លឹង​លុយ គឺជា​មូលហេតុ​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ខូច​ស្ពាន​

​រឿងរ៉ាវ​រថយន្ត​យី​ឌុប​ដឹក​អង្ករ​ទម្ងន់​ជាង​៧០​តោន​ធ្វើ​ឲ្យ​ខូច​ស្ពាន​អ្នក​លឿង​(​ត្សឹ​បា​សា​) កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ធ្វើ​ឲ្យ​មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​និង​អចល័ត​នៅ​ទូទាំងប្រទេស ដែល​គិតគូរ​តែ​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។ ទោះជា​យ៉ាងណា​មុខមាត់​អ្នក​បំផ្លាញ​ស្ពាន​អ្នក​លឿង គឺ​អ្នកស្រី ម៉ែន ចាន់​បុប្ផា និង​ប្ដី​ឈ្មោះ ឃឹម រុម្ម​នី ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ​រួចទៅហើយ ដូច្នេះ​សង្ឃឹមថា​សមត្ថកិច្ច​ពាក់​ព័ន្ធ​នឹង​ចាត់វិធានការ​តាមច្បាប់​ជាមិនខាន​។ ចំណែក​អ្នកបើករថយន្ត​ដឹកទំនិញ​ម្នាក់ទៀត​ដែល​ធ្វើ​ឲ្យ​ខូច​ស្ពាន​អ្នក​លឿង​កាលពី​យប់​ថ្ងៃទី​២៨ ខែកុម្ភៈ ក៏ត្រូវ​ប្រឈម​នឹង​ចំណាត់ការ​ផ្លូវច្បាប់​ដូចគ្នា​ផងដែរ​។

​ទាក់ទង​រឿងរ៉ាវ​ជញ្ជីង​ថ្លឹង​រថយន្ត​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា លោក លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ទទួលបន្ទុក​ជញ្ជីង​ថ្លឹង​រថយន្ត ក៏ដូចជា​លោក ប៉ែន បូរាណ អគ្គនាយក​ជញ្ជីង​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​។ ដោយហេតុថា កន្លងមក​កាលដែល​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅតាម​បណ្ដា​ផ្លូវជាតិ និង​តាម​បណ្ដា​ខេត្ត​នានា​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​បើកដៃ​ពី​មេដឹកនាំ​ខាងលើ​ផងដែរ​។ ប្រភពពី​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ធ្លាប់បាន​បង្ហើប​ឲ្យ​ដឹង​នាពេល​កន្លងមក​ថា លោក លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន អាច​ប្រមូល​លុយ​បាន​ច្រើន​ម៉ឺន​ដុល្លារ​ក្នុង​មួយខែៗ​ពី​ជញ្ជីង​ថ្លឹង​រថយន្ត​។

កន្លងមក​មជ្ឈដ្ឋាន​នានា​និង​ក្រុម​ឈ្មួញ ព្រមទាំង​ក្រុមហ៊ុន​រកស៊ី​ដឹកជញ្ជូន​ទំនិញ​និង​កសិផល​ជាដើម បានដាក់​រហស្សនាម​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​របស់​ក្រសួង​សាធារណការ​និង​មន្ទីរ​សាធារណការ​តាម​បណ្ដា​ខេត្ត​នានា​ថា ជា​ក្រុម​ជញ្ជីង​ថ្លឹង​លុយ​។ ដោយហេតុថា ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​ចល័ត​និង​អចល័ត​មិន​គិតគូរ​ត្រួតពិនិត្យ​ករណី​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ដែល​អាចធ្វើ​ឲ្យ​ខូច​ផ្លូវ​ឬ​បាក់​ស្ពាន​នោះទេ ហើយ​ពួកគេ​គិតតែ​ពី​រឿង​រាប់​ក្បាល​រថយន្ត​យកលុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ចង់​ឈ្មួញ​ដឹកទំនិញ​តាម​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​រាប់សិប​តោន​ធ្វើ​ឲ្យ​ខូច​ផ្លូវ​បាក់​ស្ពាន​ក៏​ពួកគេ​មិន​គិត​ដែរ គឺ​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ដឹកទំនិញ​បង់លុយ​តាម​ការកំណត់​តែម្តង​។

ទោះជា​យ៉ាងណា​ក្រោយពេល​រថយន្ត​ដឹក​អង្ករ​ជាង​៧០​តោន​ធ្វើ​ឲ្យ​ខូច​ស្ពាន​អ្នក​លឿង និង​រថយន្ត​ដឹក​ដំឡូង​មី​ធ្វើ​ឲ្យ​បាក់​ស្ពាន​ក្នុងស្រុក​ឆ្លូង ខេត្តក្រចេះ​រួចមក ស្រាប់តែ​គេ​ឃើញ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​តាម​បណ្ដា​ខេត្ត​នានា​និង​លើផ្លូវ​ជាតិ​នានា ចាប់ផ្ដើម​ដាក់​ជញ្ជីង​ថ្លឹង​រថយន្ត​តាម​លក្ខណៈ​បច្ចេកទេស​ឡើងវិញ​។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា​សកម្មភាព​បែបនេះ​មិនអាច​ស្ថិតស្ថេរ​យូរអង្វែង​បានទេ ហើយ​នៅ​ទីបំផុត​ក្រុម​ជញ្ជីង​ថឹ្ល​ង​រថយន្ត​ទាំង​ចល័ត​និង​អចល័ត ចាប់ផ្ដើម​ថ្លឹង​លុយ​ដូច​មុន​ជាមិនខាន ព្រោះ​រាល់​បទបញ្ជា​របស់លោក ហ៊ុន សែន មិនដែល​ត្រូវបាន​ថ្នាក់ក្រោម​យកចិត្តទុកដាក់​អនុវត្តន៍​ជាប្រចាំ​នោះទេ​។ អ្វីដែល​គេ​រង់​ចាំមើល​នោះ គឺ​វិធានការ​ទៅលើ​ឈ្មួញ​និង​មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើ​ឲ្យ​ខូច​ស្ពាន​អ្នក​លឿង ដើម្បី​ជាការ​ព្រមាន​ដល់​ឈ្មួញ​និង​មន្ត្រី​ដទៃទៀត​ផងដែរ​៕

12795570_918180841634306_7322057900654695463_n 12718118_10153854215255211_121576150236527796_n 12801198_10153854215205211_6218661216456954302_n 12495243_10153854215345211_7087184713198827085_n a-car-over1-500x375 1915290_1802022190025283_4375107173902732326_n