ក្រសួងមហាផ្ទៃ អំពាវនាវ ឲ្យប្រជាពលរដ្ឋ គ្រប់អាយុទៅធ្វើ អត្តសញ្ញាណប័ណ្ណ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ដែលគ្រប់អាយុ ១៥ឆ្នាំ ទៅធ្វើអត្តសញ្ញាណប័ណ្ណ គំរូថ្មី នៅតាម ស្ថានីយ៍ចល័ត នៃភូមិ-ឃុំ-សង្កាត់ ដែលខ្លួន រស់នៅ ឬនៅអធិការដ្ឋាន នគរបាលក្រុង ស្រុក ខណ្ឌតាម ការជូនដំណឹង របស់អាជ្ញាធរ មានសមត្ថកិច្ចឲ្យបានគ្រប់គ្នា។

យោងតាមសេចក្ដី ប្រកាសព័ត៌មាន ក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ គំរូថ្មី ជាឯកសារ គតិយុត្តិ ដ៏ សំខាន់ ចាំបាច់មួយ ក្នុងការធានាដល់ការលើក កម្ពស់សិទ្ធិសេរីភាព ផលប្រយោជន៍ និងកាតព្វកិច្ចនានាក្នុងសង្គម ជាពិសេសការអនុវត្តន៏ សិទ្ធិខាង នយោបាយ ក្នុង ដំណើរការបោះឆ្នោត ទាំងមូលដ្ឋាននិងជាតិ។

ប្រភពដដែលបន្តថា “ក្រសួងមហាផ្ទៃ សូមធ្វើការអំពាវនាវ ទទូចដល់ប្រជាពលរដ្ឋ ខ្មែរទាំង ពីរភេទ ដែលមានអាយុ ចាប់ពី១៥ឆ្នាំឡើង មិនទាន់មាន អត្តសញ្ញាណ ប័ណ្ណ សញ្ជាតិគំរូថ្មី មេត្តាអញ្ជើញទៅបំពេញ បែបបទសុំផ្ដល់ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មី នៅតាមស្ថានីយ៍ចល័ត នៃភូមិ- ឃុំ- សង្កាត់ដែល ខ្លួនរស់នៅ ឬ នៅអធិការដ្ឋាន នគរបាលក្រុង ស្រុក ខណ្ឌ តាមការជូនដំណឹង របស់អាជ្ញាធរ មានសមត្ថកិច្ចឲ្យបានគ្រប់ៗគ្នា”។

គួរបញ្ជាក់ថា មកដល់ពេលនេះ មានប្រជាពលរដ្ឋប្រមាណ ៧,២លាននាក់ បានធ្វើអត្តសញ្ញាណប័ណ្ណ គំរូថ្មី ក្នុងផែនការចំនួន ១០,៩លាននាក់៕

ក្រសួងមហាផ្ទៃ អំពាវនាវ ឲ្យប្រជាពលរដ្ឋ គ្រប់អាយុទៅធ្វើ អត្តសញ្ញាណប័ណ្ណ