ក្រសួងមហាផ្ទៃ​ប្រកាស​ចុះបញ្ជី​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​ប្រាប់​គេហទំព័រ CEN នៅ​ព្រឹក​ថ្ងៃទី​១ ខែមីនា នេះ​ឲ្យ​ដឹងថា គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ត្រូវបាន​ប្រកាស​ទទួល​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ជា​ផ្លូវការ ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នោ​ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ​។​
​  
 ​យោងតាម​ប្រកាស​ស្តីពី​ការចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្សនយោបាយ ចុះ​ថ្ងៃទី​២៤ ខែកុម្ភ ឆ្នាំ​២០១៦ របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ទទួលបាន​នៅ​ថ្ងៃទី​១ ខែមីនា ត្រង់​ប្រការ​១ បាន​ឲ្យ​ដឹងថា ត្រូវបាន​ចុះឈ្មោះ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ (​គ​.​ស​.​ស​.​ប​) ដែលមាន​អាសយដ្ឋាន​នៃ​ទីស្នាក់ការ​កណ្តាល​តាំងនៅ​ផ្ទះ​លេខ ២៦០B ផ្លូវ​១៦ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្នុង​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ​។​
​   
​សូមជម្រាបថា កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ លោក​ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បានដាក់​ពាក្យសុំ​ចុះបញ្ជី​គណបក្ស​នៅ​ក្រសួងមហាផ្ទៃ​។ ហើយ​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្រសួងមហាផ្ទៃ បានទទួល​ចុះឈ្មោះ​នៅក្នុង​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ​។​
​   
​គួរ​បញ្ជាក់ថា គណបក្ស​ដែល​ទើប​បង្កើត​ថ្មី មាន​ចំនួន​១០ រហូត​រហូតមកដល់​ពេលនេះ មានតែ​គណបក្ស​ចំនួន​២ គឺ​គណបក្ស​អំណាច​ខ្មែរ និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​ចុះបញ្ជី​គណបក្ស​នៅ​ក្រសួងមហាផ្ទៃ​៕​