ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ៖ ​តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​មុន​នេះ​បន្តិច​បាន​ឱ្យ​ដឹង​ថា ​មាន​ករណី​​​ឆ្លង​ចរន្ត​អគ្គិសនី​​​បណ្តាល​​ឱ្យ​ទុស្សេ​​ឆេះ​បង្គោលខ្សែ​​ភ្លើង​​យ៉ាង​សន្ធោ​សន្ធៅ​​​បង្ក​ការ​ភ្ញាក់​ផ្អើល​ទាំង​កណ្តាល​ថ្ងៃ​ត្រង់​ថ្ងៃទី​​១ មីនា ២០១៦ ​​ត្រង់​ចំណុច​បង្គោល​ភ្លើង​លេខ​៣០១ និង​លេខ​៣០៥​A ទល់​​មុខ​ភោជ​នីយដ្ឋាន​ជប៉ុន​​​មួយ​កន្លែង​ ផ្ទះ​លេខ​​៣៦ ​កែង​ផ្លូវ​លេខ​៤២២​​និង​លេខ​៦៣​ ​ស្ថិត​នៅ​ខាង​ក្រោយ​​ព្រឹទ្ធសភា ​សង្កាត់​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការ​មន ។​

ប្រភព​​​បាន​បន្ត​ថា ​ករណី​​​ឆ្លង​ចរន្ត​អគ្គិសនី​​​បណ្តាល​​ឱ្យ​ទុស្សេ​​ឆេះ​បង្គោលខ្សែ​​ភ្លើង​​​ខាង​លើ​នេះ ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​​​​របស់​ស្នង​ការ​​​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ ​ចំនួន​២​គ្រឿង​​​ជួយ​អន្តរាគមន៍​​បាញ់​ទឹក​ពន្លត់​​អស់​ទឹក​ទាំង​២​រថយន្ត​ទើប​រលត់​ មិន​បង្ក​​ឱ្យ​មាន​គ្រោះ​ថ្នាក់​ ឬ​​រាល​ដាល​ដល់​លំនៅ​ឋាន​​ប្រជា​​ពល​រដ្ឋ​​ជិត​ខាងឡើយ​ ៕