ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ បុរស​ជា​មន្ត្រី​នគរបាល​ខេត្ត​ ពាក់​ស័ក្តិ​៤​កន្លះ​ម្នាក់ បាន​រង​របួសធ្ងន់​បាក់ឆ្អឹង​កំភួនដៃ និង​ដាច់​ម្រាមដៃ​មួយ បន្ទាប់​ពី​ត្រូវ​​ក្រុម​ក្មេង​ទំនើង​ស្រវឹងស្រា​៣​នាក់​ព្រួត​គ្នា​វាយ និង​កាប់​ដោយ​ចោទ​ថា ជន​រង​គ្រោះ​បាន​ជេរ​ពួក​គេ ដែល​ហេតុការណ៍​នេះ កើត​ឡើង​កាលពី​ម៉ោង​០៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ កុម្ភៈ ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈ​ជន​រង​គ្រោះ​ឈប់​ម៉ូតូ​មើល​កង់​បែក ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់ គឺជា​មុខសញ្ញា​ចោរលួច​កាត់​ខ្សែភ្លើង​នៅ​ពេល​យប់ និង​ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ឆ្នាំ​២០១៥ ១-​ឈ្មោះ​វង្ស ពិសិដ្ឋ អាយុ​៣២​ឆ្នាំ ២-​ឈ្មោះ​ផូ សុខ​រតនា អាយុ​៣១​ឆ្នាំ (​ជា​ម្ចាស់​កាំបិត​បុ័ងតោ​) និង​៣-​ឈ្មោះ​រស់ ផ​ល្លី អាយុ​២៣​ឆ្នាំ ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ វត្ថុ​តាង​ដកហូត​បាន​មានកាំបិត​បុ័ងតោ​១ និង​ម៉ូតូ​ហុងដា​ឌ្រី​ម​០១៥​មួយ​គ្រឿង ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​កែវ ណា​រុន អាយុ​៥៣​ឆ្នាំ ពាក់​ស័ក្តិ​៤​កន្លះ ជា​មន្ត្រី​នៅ​ក្នុង​ការិ​យាល័យ​ការពារ និង​អន្តរាគមន​ន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​យ៉ា​ម៉ា​ហា​ស៊ី​ប៊ី​រូស ជាមួយ​មន្ត្រី​នគរបាល​ជា​កូនចៅ​ម្នាក់​ទៀត ដើរ​ល្បាត​ពេល​យប់ ។ លុះ​មក​ដល់​ផ្លូវ​ចូល​ម៉ាស៊ីន​ទឹកកក ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា​ម៉ូតូ ក៏​បាន​បែក​កង់ គាត់​ក៏​ឈប់ ចំណែក​កូនចៅ​គាត់​បាន​ដើរទៅ​មុខ​រក​កន្លែង​ប៉ះ​ម៉ូតូ ។ នៅ​ពេល​គាត់​កំពុង​អង្គុយ​មើល​ម៉ូតូ​បែក​កង់ ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង ជិះ​គ្នា​៣​នាក់​បើក​ពី​ត្បូង​ទៅ​ជើង វ៉ា​គាត់​ផុត​ទៅ​ហើយ តែ​បន្តិច​ក្រោយមក ក៏​ត្រឡប់​មក​វិញ រួច​ឈប់​ម៉ូតូ​ចុះ​ដើរ​សំដៅ​មក​គាត់ ហើយ​ស្រែកសួរ​ថា អាណា​ជេរ​ម្រ៉ា​យ​អញ  ។

ភ្លាម​នោះ​គាត់ ក៏​បាន​ដក​អាវុធ​ខ្លី​កា​៥៤​ពី​ចង្កេះ មក​កំញើញ​ការពារ​ខ្លួន តែ​ក្រុម​ក្មេង​ទំនើង ជា​ជន​ដៃដល់​ទាំង​៣​នាក់ មិន​បាន​ញញើត​ទេ ក៏​បាន​នាំ​គ្នា​ព្រួត​វាយ​និង​កាប់​មក​លើ​រូប​គាត់​តែ​ម្តង បណ្តាល​ឱ្យ​របួស​បាក់ឆ្អឹង​កំភួនដៃ​ឆ្វេង និង​ដាច់​ម្រាមដៃ​ស្តាំ​មួយ នៅ​ពេល​គាត់​យកដៃ​រង ។

ទោះបីជា​យ៉ាងណា ​​ពេល​​កំពុង​កើតហេតុ​ នគរបាលម្នាក់​ដែល​ជា​​កូនចៅ​​​ដែល​ដើរ​ខាង​មុខ បានស្ទុះ​មក​ជួយ​ ជាមួយ​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ ​នាំ​គ្នា​ព្រួត​ចាប់​និង​វាយ​ជន​ទាំង​៣​នាក់វិញ​ ​មុនចាប់​​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល​ខេត្ត​ចាត់ការ​​បន្ត​។