ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រៃវែង ៖ ប្រតិភូ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ដែល​ដឹកនាំ​ដោយ​លោក ត្រាំ អ៊ី​វ​តឹក រដ្ឋមន្ត្រីក្រសួង​សាធារណៈ និង​ដឹក​ជញ្ជូន កាលពី​ព្រឹក​ថ្ងៃ​ទី​១ មីនា បាន​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​ទីតាំង​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​ក្បែ​រង្វង់​មូល​ផ្លូវ​ឡើង​ស្ពាន​អ្នក​លឿង ក្នុងភូមិ​១ ឃុំ​ព្រែក​ខ្សាយ (​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង សំរាប់​ធ្វើ​ជា​ស្ថានីយ​ថ្លឹង​រថយន្ត ។

ក្នុង​សកម្មភាព​នេះ គេ​ឃើញ​មានការ​ចូលរួម​ពី​សំណាក់​លោក​អភិបាលរង​ខេត្តព្រៃវែង​, អភិបាលរង​ខេត្តកណ្តាល​, ប្រធាន​មន្ទីរ​សាធារណៈ​ខេត្តកណ្តាល​, ខេត្តព្រៃវែង​, ខេត្តស្វាយរៀង និង​ប្រតិភូ​មក​ពី​ក្រសួង​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ ។

ជួប​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន ក្នុង​ពេល​ចុះ​ពិនិត្យ​នេះ លោក​រដ្ឋមន្ត្រី ត្រាំ អ៊ី​វ​តឹក បានឱ្យ​ដឹង​ថា តាម​ពិត​រឿង​ស្ថានីយ​ថ្លឹង​ទម្ងន់​រថយន្ត​នេះ ក្រសួង​មាន​គម្រោង​ដាក់​នៅ​ចំណុច​ផ្លូវ​ឡើង​ស្ពាន​អ្នក​លឿង​នេះ​រួច​ជា​ស្រេច​ទៅ​ហើយ ប៉ុន្តែ​មួយ​រយៈ​មកនេះ មានការ​យឺតយ៉ាវ មិន​ទាន់​បាន​រៀបចំ​ដាក់ គឺ​ដោយសារ​តែ​ខាង​ក្រុមហ៊ុន​ជប៉ុន ធ្វើការ​របស់​គេ​មិន​ទាន់​ចប់​រួចរាល់ ។ ប៉ុន្តែ​ពេល​នេះ ដោយ​សារ​តែ​មាន​ហេតុការណ៍​រថយន្ត​ធុន​ធំ​ដឹក​លើស​ទម្ងន់​បើក​ឡើង​ស្ពាន ធ្វើ​ឱ្យ​ខូច​ស្ពាន​បែប​នេះ ទើប​ក្រសួង​សម្រេច​ចុះ​រៀបចំ​ដាក់​ស្ថានីយ​ថ្លឹង​ទម្ងន់​នេះ​តែ​ម្តង គឺ​លែង​ចាំ​អី​ទៀត​ហើយ ។

ទាក់ទង​ទៅ​នឹង​រឿង​ដាក់​ជញ្ជីង​នេះ​ដែរ ក្រុម​អ្នក​សារព័ត៌​មានបាន​ចោទ​សំនួរ​ទៅ​លោក​រដ្ឋមន្ត្រី​ដែរ​ថា ការ​ដាក់​ជញ្ជីង​នៅ​ចំណុច​ផ្លូវ​ឡើង​ស្ពាន​អ្នក​លឿង​នេះ គឺ​អាច​ទប់ស្កាត់​បាន តែ​ក្រុម​រថយន្ត ដែល​មាន​បំណង​បើក​ឆ្លងស្ពាន​ទៅ​ខេត្តកណ្តាល ឬ​ទៅ​ភ្នំពេញ​ប៉ុណ្ណោះ ប៉ុន្តែ​សំរាប់​រថយន្ត​យី​ឌុ​ប​ធំ​ៗ​រាប់​សិប​គ្រឿង ដែល​ដឹក​លើស​ទម្ងន់​ធ្វើ​ដំណើរ​ពី​ខេត្ត​ផ្សេង​ៗ ចូល​មក​ខេត្តព្រៃវែង​តាម​ផ្លូវជាតិ​លេខ​១១ និង​កាត់​តាម​ស្រុក​បាភ្នំ​ឡើង​មក​លើ​ផ្លូវជាតិ​១​វិញ គឺ​ពុំ​មាន​ជញ្ជីង​ចាប់​ថ្លឹង និង​ទប់ស្កាត់​ទេ តើ​លោក​គិត​យ៉ាងម៉េច?

សំណួរ​នេះ ​ត្រូវ​បាន​លោក​រដ្ឋមន្ត្រី ត្រាំ អ៊ី​វ​តឹង ឆ្លើយ​យ៉ាង​ខ្លី​ថា ការ​ដាក់​ជញ្ជីង​នេះ គឺ​ដាក់​ដើម្បី​តែ​ការពារ​ស្ពាន​អ្នក​លឿង​ប៉ុណ្ណោះ ចំណែក​រឿង​ផ្លូវ​ចាំ​ដោះស្រាយ​តាម​ក្រោយ ។

ទាក់ទង​ទៅ​នឹង​រឿង​រថយន្ត​យី​ឌុ​ប​ធំ​ៗ ដឹក​លើស​ទម្ងន់ ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​នេះ ត្រូវ​បាន​សាធារណៈ​មតិ​ខ្លះ លើក​ឡើង​ថា ក្រុម​រថយន្ត​ទាំងនោះ​ដឹក​លើស​ទម្ងន់​បាន គឹ​ដោយសារ​តែ​គេ​កែ​ច្នៃ​ទ្រុង​បន្ថែម​បាន ដោយ​រថយន្ត​ខ្លះ​ទ្រុង​កំណើត​របស់​វា​កម្ពស់​តែ​ជាង​១​ម៉ែត្រ​ទេ ប៉ុន្តែ​គេ​បន្ថែម​រហូត​ដល់​ជិត​៣​ម៉ែត្រ និង​ត​គូទ​ក្រោយ​បន្ថែម​ទៀត មើលទៅ​ធំ​សម្បើម​ខ្លាំង​ណាស់ ។

ករណី​នេះ គេ​បាន​លើក​ឡើង​ថា បើ​ក្រសួង​សាធារណៈការ ឬ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត ធ្វើការ​គ្រប់គ្រង​រឿង​រថយន្ត
ត​ទ្រុង​នេះ​បាន គឺ​ពិតជា​មិន​មាន​រថយន្ត​ដឹក​លើស​ទម្ងន់​រហូត​ដល់​រាប់​សិប​តោន​ទៀត​ឡើយ ។