អារ៉ាប៊ីសាអ៊ូឌីត ជាប្រទេសដែល ទិញសព្វាវុធ ច្រើនជាងគេ

បរទេស៖ អារ៉ាប៊ីសាអ៊ូឌីតបានប្រែក្លាយទៅជា ប្រទេសទិញសព្វាវុធ ច្រើនជាងគេបំផុត នៅលើពិភពលោក ដោយសារតែស្ថានភាព នៅតំបន់នោះកំពុង តែតានតឹង តម្រូវការឱ្យមានសព្វាវុធច្រើនសម្រាប់ ទប់ទល់ហេតុការណ៍អាក្រក់ ។ ចំណែក ឥណ្ឌាដែលជាប្រទេសជាប់ចំណាត់ថ្នាក់ ទី១ កន្លងមកពីការទិញ សព្វាវុធបរទេស ពេលនេះធ្លាក់មក លំដាប់ទី២វិញ ។

សារព័ត៌មានចិន បានផ្សព្វផ្សាយថា ដោយសារតែ ការព្រួយបារម្ភ និងមហិច្ឆិតា របស់អ៊ីរ៉ង់ ពីកម្មវិធីសព្វាវុធ បានធ្វើឱ្យស្ថានភាព ក្នុងតំបន់មជ្ឈិមបូព៌ា កាន់តែតានតឹង កើតឡើង ។ ទាំងនោះហើយជាចំណុច ជំរុញឱ្យ អារ៉ាប៊ីសាអ៊ូឌីត ឈានមុខឥណ្ឌា ក្លាយជាប្រទេសទិញសព្វាវុធច្រើនជាង គេបំផុតនៅលើពិភពលោក ។

ក្រុមហ៊ុនប្រឹក្សា IHS Jane´s ជា ក្រុមហ៊ុនផ្ដល់ប្រឹក្សា ពាណិជ្ជកម្មសព្វាវុធ នៅលើពិភពលោក បានបញ្ជាក់ថា ឆ្នាំ ២០១៤ ប្រាក់ចំណាយប្រទេសអារ៉ាប៊ីសា អ៊ូឌីត ទៅលើការទិញ សព្វាវុធកើនឡើង រហូតដល់ ៥៤ភាគរយ ស្មើ៦,៥ពាន់លាន ដុល្លារអាមេរិក ចំណែកឥណ្ឌាប្រាក់ ចំណាយសម្រាប់ទិញ សព្វាវុធមានតម្លៃ តែ៥,៨ពាន់លាន ដុល្លារប៉ុណ្ណោះ ។

ក្រុមហ៊ុនប្រឹក្សានេះព្យាករណ៍ថា ពឹងផ្អែកទៅលើ សព្វាវុធប្រគល់ ជូនតាមគម្រោង ការ ទិញសព្វាវុធ របស់អារ៉ាប៊ីសាអ៊ូឌីត នៅ ឆ្នាំ២០១៥ នឹងកើន៥២ភាគរយ ស្មើ៩,៨ ពាន់លានដុល្លារ ។សកម្មភាពខាងលើ មិនធ្លាប់កើត មានឡើយសម្រាប់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត ។ សកម្មភាពខាងលើបានបង្ហាញ យ៉ាងច្បាស់ពីវិវាទ កើតឡើងនៅតំបន់ មជ្ឈិមបូព៌ា។

អារ៉ាប៊ីសាអ៊ូឌីតជាប្រទេស សម្បូរប្រេងកាតបំផុត មានលទ្ធភាព គ្រប់គ្រាន់សម្រាប់បំពាក់ សព្វាវុធទំនើបៗ ការពារដែន អធិបតេយ្យរបស់ខ្លួន គេចផុត រាល់ការគំរាមកំហែង។ លោកដាវីដ ខត្រីដ មកពីមជ្ឈមណ្ឌល ស្រាវជ្រាវនយោបាយ សន្ដិភាពពិភព លោកបានបញ្ជាក់ថា ដោយព្រួយបារម្ភ ពីការផ្លាស់ប្ដូរទម្រង់ នយោបាយ ភូមិ សាស្ដ្រនៅតំបន់មជ្ឈិមបូព៌ា អារ៉ាប៊ីសា អ៊ូឌីត បានសម្រេចពង្រីក ឃ្លាំងអាវុធរបស់ខ្លួន ។ ក្នុងពេលជាមួយគ្នានេះ អាមេរិកក៏បានស្នើដល់ អារ៉ាប៊ីសាអ៊ូឌីត ចូលរួមក្នុងការ វាយប្រហារ ទៅលើក្រុម អ៊‌ិស្លាមបង្កើតរដ្ឋផងដែរ ។

កន្លងមក ប្រទេសនេះក៏បាន បញ្ជូនយន្ដហោះ ចម្បាំង F-16 ទៅវាយប្រហារ លើគោលដៅសំខាន់ៗ របស់ក្រុមIS នៅក្នុងប្រទេស អ៊ីរ៉ាក់ ជាការបើកផ្លូវឱ្យកម្លាំងទាហាន អ៊ីរ៉ាក់ វាយលុកដំណ្តើម ទីតាំងទាំងឡាយ មកគ្រប់គ្រងវិញ ។តាមការប្រកាសរបស់លោក ខត្រីដ បញ្ជាក់ថា អាមេរិកជាអ្នកទទួលផល ប្រយោជន៍ច្រើនជាងគេ បំផុតនៅក្នុងទី ផ្សារសព្វាវុធតំបន់ មជ្ឈិមបូព៌ាដោយ សារតំបន់មានវិវាទ ។ អាមេរិកបាន លក់សព្វាវុធដែលមានតម្លៃរហូតដល់ ៨,៤ពាន់លាន ដុល្លារ ដល់តំបន់ជម្ឈិម បូព៌ាក្នុងឆ្នាំ ២០១៤ ខ្ពស់ជាងកាលពីឆ្នាំ ២០១៣ ដែលមានតែ៦ពាន់លាន ដុល្លារ ប៉ុណ្ណោះ ។

អារ៉ាប៊ីសាអ៊ូឌីត និងប្រទេស អារ៉ាប់រួម កាលពីឆ្នាំ២០១៤ បានទិញ សព្វាវុធសរុប៨,៧ពាន់លាន ដុល្លារ លើសការលក់ទៅឱ្យប្រទេសនៅអឺរ៉ុប ខាងលិចទៅទៀត ។ លោកខត្រីដ បញ្ជាក់ទៀតថា ការទិញ សព្វាវុធជាយុទ្ធសាស្ដ្រមួយ ដើម្បីឱ្យបុគ្គល មួយចំនួនក្នុងជួរ រដ្ឋាភិបាលរបស់ អារ៉ាប៊ីសាអ៊ូឌីតរំលឹកអាមេរិកថា ប្រទេសនេះជា សម្ព័ន្ធមិត្ដដ៏សំខាន់ របស់អាមេរិក និងជាប្រទេសដែលមានសារប្រយោជន៍ បំផុតក្នុងតំបន់ជម្លោះ ។

តាមរបាយការណ៍ របស់ក្រុមប្រឹក្សាដដែល ក្រុមហ៊ុនបូអ៊ីង ក្រុមហ៊ុនឡុកខេតម៉ាទីន ក្រុមហ៊ុន Raytheon ជាក្រុមហ៊ុននាំ ចេញសព្វាវុធខ្លាំង ជាងគេបំផុតក្នុងឆ្នាំ ២០១៤ ។ អារ៉ាប៊ីសាអ៊ូឌីតក៏បាន បង្ហាញការព្រួយបារម្ភ នៃការក្រោកឈរឡើងពង្រីក ទឹកដីរបស់ក្រុម អ៊‌ិស្លាមបង្កើតរដ្ឋ ទាំង នោះហើយបានជំរុញ ឱ្យប្រទេសនេះបង្កើន កិច្ចសហប្រតិបត្ដិការ ជាមួយអាមេរិក។

កិច្ចព្រមព្រៀងជាមួយ អ៊ីរ៉ង់ក៏ជាមូល ហេតុដែលអារ៉ាប៊ីសាអ៊ូឌីត ត្រូវតែពង្រឹងការ ការពារខ្លួនឱ្យបាន ខ្លាំងក្លាបំផុត ។សម្រាប់ទីផ្សារសព្វាវុធនៅលើពិភព លោកទាំងមូលក្នុងឆ្នាំ ២០១៤ កើនឡើង ឆ្នាំទី៦បន្ដបន្ទាប់ ។ ការនាំចេញសព្វា វុធលើពិភពលោក កើនឡើងពី ៥៦ពាន់លាន ដុល្លារដល់៦៤,៤ពាន់លាន ដុល្លារ។ ក្នុងពេលនេះអាមេរិកនៅតែ ជាប្រទេស លក់សព្វាវុធច្រើន ជាងគេបំផុតដោយ ការលក់ចេញកើនឡើងដល់ទៅ ១៩ភាគរយ ចំណែករុស្ស៊ីឈរ លំដាប់ទី២ មាន៩ ភាគរយ ។

ក្រៅពីនេះ ប្រទេសបារាំង អង់គ្លេស អ៊ីតាលី អ៊ីស្រាអែល អេស្ប៉ាញ ចិន កាណាដា ក៏ជាប្រទេស ទទួលបាន ផលចំណេញ យ៉ាងច្រើន ក្នុងការលក់ សព្វា វុធរបស់ខ្លួន ។ ក្រុមហ៊ុនផលិត សព្វាវុធនៅលើ ពិភពលោក កំពុងត្រូវប៉ាន់ យ៉ាងខ្លាំងដោយសារតែ ស្ថានភាពនយោបាយ នៅលើពិភពលោកជួបនូវបញ្ហា ស្មុគ្រស្មាញ និងអំពើហិង្សា វិវាទដែនអធិបតេយ្យ កាន់តែកើនឡើង ខ្ពស់ពីមួយថ្ងៃទៅ មួយថ្ងៃ ។ វិវាទនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ជាកត្ដាជំរុញឱ្យ ប្រទេសក្នុងតំបន់ ត្រូវចំណាយប្រាក់ យ៉ាងច្រើនទិញសព្វាវុធ សម្រាប់ការពារ ដែនអធិបតេយ្យរបស់ខ្លួន ក្នុងនោះមានប្រទេសវៀតណាម ជាដើម ។

ចំណែកប្រទេសឥណ្ឌា ដែលជាប់ចំណាត់ថ្នាក់ ប្រទេសទិញសព្វាវុធច្រើន ជាងគេក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៣ ដោយសារតែ ប្រទេសសត្រូវ ឥណ្ឌាដូច ជាប៉ាគីស្ថាន និងចិនបានបង្កើន សកម្មភាពទិញ អាវុធទំនើបៗ ដែលអាចបំពាក់ ក្បាលគ្រាប់បរមាណូ ។ មួយវិញទៀត ឥណ្ឌា និងប៉ាគីស្ថាន ចិន សុទ្ធសឹងតែ មានជម្លោះតាមបណ្ដោយព្រំដែនមិន ទាន់ដោះស្រាយកំណត់ ព្រំដែនជាក់លាក់ នៅឡើយ ។

វិវាទទាំងនោះបានបង្កឱ្យ ទាហាន ព្រំដែនប្រទេស ទាំងពីរប៉ះទង្គិច គ្នាជាច្រើនលើកក្នុងមួយឆ្នាំ ។អ្នកវិភាគមួយចំនួនក៏បានលើកឡើង ដោយថ្កោលទោស ទៅលើអាមេរិក ប្រទេសមហាអំណាច មួយចំនួនទៀតជា អ្នកបង្កឱ្យមានអសន្ដិសុខ នៅតំបន់មួយចំនួន ដើម្បីសម្រេចគោលដៅ ក្នុងការ លក់សព្វាវុធរបស់ខ្លួន ។

នៅពេលនេះ គោលនយោបាយ លក់សព្វាវុធរបស់ អាមេរិកទទួលបានជោគជ័យ ពេលដែលប្រទេស តំបន់មជ្ឈិមបូព៌ា ទិញសព្វាវុធ ច្រើនជាងគេបំផុត ។ ទាំងនោះ ដោយ សារតែមានក្រុម អ៊‌ិស្លាមបង្កើតរដ្ឋ អុកឡុក គំរាមកំហែងប្រទេស ជាច្រើន ។ ចំណុចទាំងនោះទើប ក្រុមប្រទេស អាមេ រិកចាត់ទុកថា ក្រុមអ៊‌ិស្លាមបង្កើតជា កម្លាំងសម្ងាត់អាមេរិកសម្រាប់អុកឡុក ធ្វើឱ្យទីផ្សារសព្វាវុធ អាមេរិកដែលជា ប្រភពចំណូលសំខាន់ កាន់តែមានរីក ចម្រើន៕

អារ៉ាប៊ីសាអ៊ូឌីត ជាប្រទេសដែល ទិញសព្វាវុធ ច្រើនជាងគេ