ចំនុច​៣​ដែល​អ្នក​ត្រូវ​ធ្វើ​ពេល​កូន​ធ្វើ​ខុស​

ចំនុច​៣​ដែល​អ្នក​ត្រូវ​ធ្វើ​ពេល​កូន​ធ្វើ​ខុស​

​មិន​ថា​ក្មេង ឬ​ចាស់ ការប្រព្រឹត្ត​ខុស​រមែងតែងតែ​កើតឡើង​ជា​និច្ច គ្រាន់តែ​តិច ហើយ​នឹង​ច្រើន​ប៉ុណ្ណោះ​។ បើ​និយាយ​ចំពោះ​កូន​ក្មេង​វិញ កំហុស​ពិត​ជា​សំខាន់​ណាស់ បើ​អ្នក​មិន​និយាយ ហើយ​បណ្តោយឲ្យ​គេ​ធ្វើ​ខុសត​ទៅទៀត នោះ​កូន​អ្នកនឹង​ចប់​។ ដូចនេះ​តើ​គួរតែ​ធ្វើ​អ្វី​ខ្លះ​នៅពេលដែល​កូន​ធ្វើ​ខុស​នោះ​?

​បិតមាត់​ជាមុន​
មាន​អ្នក​ម្តាយ​ជា​ច្រើន​នៅពេល​ដែល​កូន​ធ្វើ​ខុស តែងតែ​ហៅ​គេ​ឲ្យ​បិតមាត់​ជានិច្ច ហើយ​ស្តាប់​អ្នក​ស្តីបន្ទោស តាមពិត​ទៅ​អ្នក​ដែល​គួរតែ​បិតមាត់​នោះ​គឺ​អ្នក ព្រោះ​បើ​អ្នក​និយាយ​តែឯង ហើយ​ទុក​ឲ្យ​កូនស្តាប់ អ្នកនឹង​មិនដឹង​ថា​កូន​ធ្វើ​ខុស​អ្វី ឬ​កូន​ជា​អ្នក​ខុស ឬ​ត្រូវ​ឡើយ វា​ជា​ទង្វើ​មួយ​ដែល​មិន​គោរព​កូន​ឡើយ ដូចនេះ​អ្នក​គួរតែ​ឲ្យគេ​និយាយ​ពី​រឿង​ក្នុង​ចិត្ត​គេ​ប្រាប់​អ្នក ទើប​អ្នក​ដឹងថា​គួរតែ​ដោះស្រាយ​ដូចម្តេច​នៅពេល​ក្រោយ​។​

ត្រូវ​ពិភាក្សា​ជាមួយ​កូន​ពី​កំហុស​របស់​គេ​
នៅពេល​ដែល​កូន​ធ្វើ​ខុស អ្នក​មិន​ត្រូវ​ប្រើ​ទឹកមុខ​ម៉ត់ចត់ ឬ​កាច​ក្នុង​ការនិយាយ​ជា​មួយ​កូន​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​កូន​មាន​សម្ពាធ​ក្នុង​អារម្មណ៍ ដោយ​មាន​ភាពភ័យខ្លាច​ជាខ្លាំង ដូចនេះ​អ្នក​គួរតែ​និយាយ​អប់រំ​គេ​តាម​សម្រួល ទើប​កូន​ទទួលស្គាល់​កំហុស​គេ​ដោយ​មិន​មែន​អ្នក​ជា​អ្នក​បង្ខំ​ឡើយ ម្យ៉ាងទៀត​វា​ក៏​អាច​ធ្វើ​ឲ្យ​កូន​អ្នក​គ្មាន​សម្ពាធ​ផ្លូវចិត្ត​ដែរ​។​

មិន​ត្រូវ​ដាក់ទោស​កូន​
មាន​អ្នក​ម្តាយ​ភាគច្រើន​នៅពេល​ដែល​កូន​ខុស តែងតែ​ដាក់ទោស​គេ​ជា​និច្ច ដោយ​បញ្ជា​ឲ្យគេ​ធ្វើ​នេះ ធ្វើ​នោះ ឬ​មិនឲ្យ​គេលេង​នេះ​លេង​នោះ តាមពិត​ទៅ​អ្នក​គួរតែ​ទុកឲ្យ​គេ​កែ​កំហុស​របស់​គេ​ដោយ​ខ្លួនឯង ព្រោះ​បើ​អ្នក​ដាក់ទោស​កូន គេ​នឹង​អាច​ប្រព្រឹត្ត​ខុស​រឿង​នេះ​ទៀត ដោយសារ​តែ​ក្នុង​ចិត្ត​គេ​មិន​សុខចិត្ត​នូវ​ការដាក់ទោស​របស់​អ្នក ប៉ុន្តែ​បើ​គេ​ដឹង​ខុស​ហើយ​មិន​ព្រម​ធ្វើ​អ្វី​ដើម្បី​បញ្ជាក់​ថា​គេ​ខុស អ្នក​អាច​និយាយ​ទៅកាន់​គេ​ថា “​ម៉ាក់​សប្បាយចិត្ត​ណាស់​ដែល​កូន​ចេះដឹង​ពី​កំហុស​របស់​ខ្លួន ប៉ុន្តែ​តើ​កូន​គួរតែ​ធ្វើ​ដូចម្តេច​ទៀត​ទៅ​ក្រោយ​ពេល​ដឹង​កំហុស​រួចហើយនោះ​?” ប៉ុន្តែ​បើ​គេ​ដឹង​ទាំង​កំហុស ហើយ​ធ្វើ​អ្វី​មួយ​ដើម្បី​កែ អ្នក​ត្រូវ​តែ​និយាយ​សរសើរ​ថា​គេ​ជា​កូន​ក្មេង​ដែល​ល្អ​ណាស់​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។