ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រៃវែង ៖ ប៉ូលិស​ចរាចរណ៍​ស្រុក​លើក​ដែក ខេត្ត​កណ្តាល បាន​ចាប់​រថយន្ត​ដឹក​ត្រី​១​គ្រឿង យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ឃុំ​ព្រែក​ទន្លាប់ ។ ការ​ចាប់​ឃាត់​ទុក​រថយន្ត​ដឹក​ត្រី​ដែល​មាន​ស្លាក​លេខ កំពង់ចាម 3A-0264 នេះ ត្រូវ​បាន​លោក​វរ​សេនីយ៍​ត្រី អាំធូ អធិការ​រង​ស្រុក​លើក​ដែក ទទួល​ផែន​ចរា​ចរណ៍​ផ្លូវ​គោក បាន​ឱ្យ​ដឹង​កាល​ពី​រសៀល​ថ្ងៃទី​២៩ កុម្ភៈ ២០១៦ នេះថា រថយន្ត​ដឹក​ត្រី​ខាង​លើ​នេះ ត្រូវ​បាន​កម្លាំង​របស់​លោក​ឃាត់​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៨ កុម្ភៈ ២០១៦។

ការ​ចាប់​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​រថយន្ត​ធ្វើ​ចរា​ចរណ៍​ឆ្លង​កាត់​ស្ពាន​អ្នក​លឿង​ពី​កើត​ទៅ​លិច លុះ​​មក​ដល់​ចំណុច​កណ្តាល​ស្ពាន រថយន្ត​នោះ​ហាក់​មាន​បញ្ហា​ដោយ​បាន​បើក​ចុះ​យ៉ាង​ស្បឺតៗ ពី​ចំណុច​​ចំណោទ​​បាន​ប្រហែល​២០​ម៉ែត្រ ស្រាប់​តែ​រថយន្ត​នោះ​ដាច់​ហ្វ្រាំង​ជាន់​លែង​ស៊ី ឯ​ល្បឿន​រថយន្ត​ចេះតែ​លឿន​ទៅៗ ឃើញ​សភាព​ដូច្នោះ​អ្នក​បើក​បាន​បញ្ជា​ឱ្យ​ព្រូ​យក​កំណល់​ឈើ​បួន​ជ្រុង ហើយ​លោត​ចុះពី​លើ​រថយន្ត ដើម្បី​យក​កំណល់​ទៅ​កល់​កង់​រថយន្ត​ផ្នែក​ខាង​ក្រោយ​ឱ្យ​ជាប់ កុំ​ឱ្យ​រថយន្ត​ទៅ​មុខ​ទៀត ។ ដោយ​សារ​ភ័យពេក​ ព្រូ​បាន​ដាក់​កំណល់​ចូល​បណ្តោយ​​ចន្លោះ​កណ្តាល​នៃ​កង់​រថយន្ត​ទាំង​២ (មាន​ន័យ​ថា កំណល់​ដែល​ព្រូ​យក​ទៅ​កល់​កង់​រថយន្ត​នោះ ពេល​ដាក់​កល់​ទទឹង​កង់​រថយន្ត បែរ​ជា​កំណល់​ចូល​ទៅ​នៅ​ចន្លោះ​កណ្តាល​នៃ​កង់​រថយន្ត​ទាំង​២ ចូល​បណ្តោយ​កង់​ទៅ​វិញ) ពេល​ឈើ​កំណល់​ចូល​ទៅ​កប់​លិច​ជាប់​ទៅ​នឹង​ចន្លោះ​នៃ​កង់​រថយន្ត​​ហើយ កង់​រថយន្ត​ក៏​លែង​វិល​ខ្លាំង ។ ប៉ុន្តែ​ជ្រុង​ឈើ​កំណល់​បាន​​បង្ក​ឱ្យ​មាន​ការ​កូត​ថ្នល់​កៅស៊ូ​នៅ​លើ​ស្ពាន​ដែល​មាន​ជម្រៅ​ប្រហែល​កន្លះ​សង់​ទីម៉ែត្រ ទទឹង​១​សង់​ទី​ម៉ែត្រ ឯបណ្តោយ​ប្រវែង​ប្រហែល​៣០​ម៉ែត្រ​ប៉ុណ្ណោះ អស់​មួយ​ខ្យល់​នៃ​ល្បឿន ទើប​រថយន្ត​ឈប់​ទៅ​មុខ​លែង​រួច ។ ដោយ​ខ្លាច​មាន​បញ្ហា​ កម្លាំង​របស់​លោក​ដែល​ឈរ​ជើង​នៅ​ទី​នោះ ក៏​បាន​ឃាត់​រថយន្ត​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ឃុំ​ព្រែក​ទន្លាប់ ដើម្បី​ទុក​ឱ្យ​ភាគី​ជប៉ុន ឬ​អ្នក​ឯក​ទេស​ គេទៅ​ពិនិត្យ​មើល​កន្លែង​ដែល​រថយន្ត​ធ្វើ​ឱ្យ​កូត​កៅស៊ូ​ថ្នល់​នោះថា តើ​មាន​ផល​​ប៉ះ​ពាល់​យ៉ាង​ម៉េច​ខ្លះ ។

លោក​ក៏​បាន​អញ្ជើញ​ម្ចាស់​រថយន្ត​ឈ្មោះ​ចឹប សុខជា ឱ្យ​មក​ដោះ​ស្រាយ​ជា​មួយ​ភាគី​ជប៉ុន តែ​រហូត​មក​ដល់​ពេល​នេះ ទាំង​ភាគី​ជប៉ុន ទាំង​ម្ចាស់​រថយន្ត​ពុំ​ទាន់​បាន​ជួប ដើម្បី​ដោះ​ស្រាយ​យ៉ាងណា​នៅ​ឡើយ​ទេ ។ ចំណែក​ត្រី​ដែល​ម្ចាស់​រថយន្ត​បាន​នាំ​យក​មក​ពី​ប្រទេស​វៀតណាម​ចូល​តាម​ច្រក​ព្រំ​ដែន​បន្ទាយ​ចក្រី ត្រី​មិន​ដឹង​ប្រភេទ​ត្រីអ្វី? ហើយ​ប៉ុន្មាន​តោន​ក៏​លោក​ពុំ​ដឹង​ដែរ លោក​គ្រាន់​តែ​អះអាង​ថា មិន​លើស​ចំណុះ​ទេ ។ ហើយ​លោក​បាន​ធ្វើ​កំណត់​ហេតុ​ប្រគល់​ត្រី​ទៅ​ឱ្យ​ម្ចាស់​គេ​វិញ ទុក​តែ​រថយន្ត​ប៉ុណ្ណោះ ៕