រក​ឃើញ​ម្ចាស់​ជយ​លាភីក្នុងការ​ប្រកួត​កីឡា​ប៉េតង់​ពាន​រង្វាន់ សុខ អានហើយ

ការ​ប្រកួត​កីឡាប៉េតង់​ពាន​រង្វាន់ សុខ អាន លើក​ទី​៦ ប្រចាំ​ឆ្នាំ​២០១៦ ដែល​បាន​ដំណើរ​ការ​តាំង​ពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ​នោះ បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៩ ម្សិល​មិញ ហើយ​ក៏​ជា​ពេល​ដែលគណៈកម្មការ​បាន​ប្រកាស​ពី​ម្ចាស់មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ នៅ​លើ​វិញ្ញាសាទាំង​៩ ដើម្បី​ឲ្យ​ឡើង​ទទួល​​ប្រាក់​រង្វាន់​ ក្រោម​​អធិប​តីឯក​ឧត្តម​បណ្ឌិតសភា​ចារ្យ សុខ អាន ផង​ដែរ។

boo-001

តាម​របាយ​ការណ៍​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួតបាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​នៅ​ឆ្នាំ​២០១៦​នេះ មាន​អត្ត​ពលិក​ចូល​រួម​ចំនួន​២៧៨​នាក់ មក​ពី​ក្លិប-សមាគម​ចំនួន​២៦ នៅ​ទូ​ទាំង​​ប្រទេស​កម្ពុជា ហើយលទ្ធ​ផល​ដែល​ទទួល​បាន​គេ​វាយ​តម្លៃ​ថា ​កាន់​តែ​មាន​ភាព​ស្វិត​ស្វាញ និង​មាន​គុណ​ភាព​ខ្ពស់។ រីឯ​លោកឧបនាយក​រដ្ឋមន្រ្តី​ សុខ អាន ដែល​ជា​ប្រធាន​សហព័ន្ធ​ប៊ូល និង​ប៉េតង់​កម្ពុជា ​ក៏​បាន​​កោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ដល់​ចំពោះ​ក្រសួង​អប់រំ យុវជន​ និង​កីឡា NOCC និង សហព័ន្ធ​ប៊ូល និង​ប៉េតង់​កម្ពុជា ដែល​បាន​សហការ​គ្នា​យ៉ាង​ល្អ ក្នុង​​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដ៏​ធំ​នេះ​ ផង​ដែរ។

boo-002

សម្រាប់ការ​​ប្រកួត​នៅ​ឆ្នាំ​នេះ​មាន​៩វិញ្ញាសារ ហើយ​លទ្ធ​ផល​ដែល​ទទួល​បាន ហាក់​មាន​ការ​ផ្លាស់​ប្តូរ​ខ្លាំង ខណៈ​ក្រុម​ធ្លាប់​តែ​ខ្លាំង​មួយ​ចំនួន ត្រូវ​បាន​ធ្លាក់​ក្រោម​ស្នាដៃ​ក្រុម​ចំណូល​ថ្មី​នោះ ដោយ​ក្នុង​នោះ​ការ​ប្រកួត​​៣​នាក់​ទល់​៣​នាក់​ផ្នែក​បុរស​ពាន​ធំ លេខ​១​បាន​ទៅ​លើ​ក្រុម​អគ្គស្នងការនគរ​បាល​ជាតិ បន្ទាប់​ពី​ពួក​គេ​បាន​យក​ឈ្នះ​ក្រុមមក​ពី​ក្លិប​នាគ​រាជ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ ខណៈ​ក្រុមអគ្គភស្តុ​ភារហិរញ្ញវត្ថុ​ក្រសួង​ការពារ​ជាតិ ទទួល​បាន​លេខ​៣។ ចំណែក​​ការ​ប្រកួត​ពាន​សមាគម​៣​នាក់​ទល់​៣​នាក់ គឺ​ក្រុម​ដែល​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ ៣​នាក់​ទល់​៣​នាក់​ផ្នែក​បុរស​ពាន​ធំ លេខ​១​បាន​ទៅ​ក្រុម​គិរីវង្ស លេខ​២​ក្រុម​រដ្ឋាករ​ទឹក​ស្វយ័ត​ភ្នំពេញ និង​លេខ​៣ ក្រុម​យោធ​ភូមិ​ភាគ​ពិសេស។ រីឯ​ការ​ប្រកួត​៣​នាក់​ទល់​៣​នាក់​ផ្នែកនារី ក្រុម​អគ្គ​ស្នងការ​នគរ​បាល​ជាតិ បាន​យក​ឈ្នះ​ក្រុម​ក្រសួងមហាផ្ទៃ វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ទទួល​បាន​មេដាយ​មាស ឯ​ក្រុម​ទីស្តី​ការគណៈ​រដ្ឋមន្រ្តី ទទួល​បាន​លេខ​៣។

boo-003

ចំពោះ​ការ​ប្រកួត​៣​នាក់​ទល់៣​នាក់​ចម្រុះ​ផ្នែក​យុវជន និង​យុវនារី ក្រុម​ក្រសួង​មហាផ្ទៃ បាន​ឈ្នះ​មេដាយមាស ក្រោយ​ឈ្នះ​ក្រុម​យោធភូមិ​ភាគ​ពិសេស ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ខណៈ​ក្រុម​អគ្គភស្តុភា​ហិរញ្ញវត្ថុ​ក្រសួង​ការពារ​ជាតិ ទទួល​បាន​លេខ​៣។ រីឯ​៣នាក់​ទល់​៣នាក់​ផ្នែក​វ័យចាស់ ក្រុម​ទីស្តី​ការគណៈ​រដ្ឋមន្រ្តី ទទួលបាន​​លេខ​១ ក្រុម​នាគព័ន្ធ ជាប់​លេខ​២ និង​ក្រុម​ឃោសនាព័ន្ធ​មាន បាន​លេខ​៣។ យ៉ាងណា​មិញ យុវនារី ស្រ៊ាង សុរ៉ាឃីម របស់​ទីស្តី​ការគណៈ​រដ្ឋមន្រ្តី បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក​ក្នុង​ការ​​ប្រកួត​វាយ​យក​ពិន្ទុ​ផ្នែក​យុវនារី(អាយុ​ក្រោម​១៧​ឆ្នាំ) ខណៈ​លេខ​៣​បាន​ទៅ ហៀង វិជ្ជនី ក្លិប​ក្រសួងមហាផ្ទៃ ឯ​ ពៅ ច័ន្ទសុភក្រ្តា មក​ពី​សាលា​អន្តរជាតិ​វេស្ទលែនដ៍ ជាប់​លេខ​៣។ រីឯ​វាយ​យក​ពិន្ទុ​ផ្នែក​យុវជន កីឡាករ ភាព វ៉ាឃីម មក​ពី​មន្ទីរអយក​ខេត្តកណ្តាល ​បាន​ឈ្នះ​មេដាយ​មាស ខណៈ​ម្ចាស់​ជើង​ឯក​អាស៊ី មួង ទិត្យម៉ាណែត បាន​ត្រឹម​មេដាយ​ប្រាក់ ឯ​មេដាយ​សំរឹទ្ធ​បាន​ទៅ ស៊ុម លីវិសាល។ ​

boo-004

ចំណកវិញ្ញសា​១​នាក់​ទល់​១​នាក់ផ្នែក​យុវនារី ពៅ ច័ន្ទសុភក្រ្តា បាន​យក​ឈ្នះ អ៊ុំ ពុតទីយ៉ា របស់​ក្លិប​នាគ​រាជ វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ខណៈ ហេង ច័ន្ទសុគន្ធា បាន​លេខ​៣។ រីឯផ្នែក​យុវជន ហេង ស៊ីណាត ​ក្លិប​ទីស្តីការគណៈ​រដ្ឋមន្រ្តី បាន​យក​ឈ្នះ ភាព វ៉ាឃីម ដើម្បី​ឈ្នះ​មេដាយមាស ខណៈ​មេដាយ​សំរឹទ្ធ​បាន​ទៅ ស៊ីវ សុផានីត្រា របស់​ក្លិប​នាគ​រាជ៕

boo-005

boo-006

boo-007

boo-008