លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពន្យល់​ពី​អត្ថន័យ​នៃ​ពាក្យ​ថាប​ដិ​វត្ដ​ន៍​ពណ៌​

​នៅ​ដើម​សប្តាហ៍​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ពន្យល់​ពីអ្វី​ទៅ​ដែល​ហៅថា ប​ដិ​វត្ដ​ន៍​ពណ៌​? ទន្ទឹមនឹង​ពន្យល់​ពាក្យ បដិវត្តន៍​ពណ៌ លោក សម រង្ស៊ី ក៏បាន​រំលឹក​ដែរ​ថា និស្សិត​ឈ្មោះ គង់ រ៉ៃ​យ៉ា អាយុ ២៥ ឆ្នាំ ត្រូវបាន​អាជ្ញាធរ​ចាប់​ដាក់ពន្ធនាគារ រយៈពេល ៦ ខែ​ហើយ ហើយនឹង​ត្រូវគេ​កាត់ទោស នៅ​ថ្ងៃ ១៥ មីនា ឆ្នាំ​២០១៦ ខាងមុខនេះ ពីបទ​ញុះញង់ ក្រោយពី​យុវជន​នេះ បាន​បញ្ចេញមតិ តាម​ហ្វេ​ស​ប៊ុ​ក ពី​លទ្ធភាព បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា តាម​ការពិត ការលើកឡើង​ពី បដិវត្តន៍​ពណ៌ ណាមួយ មិនមែនជា​កំហុស​អ្វី​ឡើយ ហើយក៏​មិនត្រូវ​មានទោស​អ្វី​ដែរ ពីព្រោះ បដិវត្តន៍​ពណ៌ ទាំងឡាយ ដែល​បាន​កើតមានឡើង​ក្នុង​ពិភពលោក ក្នុង​រយៈពេល ៣០ ឆ្នាំ​កន្លងមកនេះ គឺ​សុទ្ធតែជា​ការផ្លាស់ប្តូ​រន​យោ​បាយ ដោយ​សន្តិវិធី​ទាំងអស់ ដោយ​គ្មាន​អំពើហិង្សា​អ្វី​ឡើយ ហើយដោយ​គ្មាន​ការ​ញុះញង់​ពី​នរណា​ឡើយ​។

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បន្តថា ព្រឹត្តិការណ៍​ទាំងអស់នោះ គឺ​កើតចេញពី​ទឹកចិត្ត​ប្រជាពលរដ្ឋ​ទាំងមូល ដែល​ស្រឡាញ់​សេរីភាព យុត្តិធម៌ និង​លទ្ធិប្រជាធិបតេយ្យ​។ ឧទាហរណ៍ ៖ បដិវត្តន៍​ពណ៌​លឿង នៅ​ប្រទេស​ហ្វីលីពីន កាលពី​ឆ្នាំ ១៩៨៦ បដិវត្តន៍​ពណ៌​ផ្កា​កុលាប នៅ​ប្រទេស​ហ្ស​ក​ហ្ស៊ី កាលពី​ឆ្នាំ ២០០៣ បដិវត្តន៍​ពណ៌​ទឹកក្រូច នៅ​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ឆ្នាំ ២០០៤ និង ប​ដិ​វត្ដ​ន៍​ពណ៌​រមៀត ដឹកនាំ​ដោយ​ព្រះសង្ឃ នៅ​ប្រទេស​ភូមា កាលពី​ឆ្នាំ ២០០៧​។ លោក សម រង្ស៊ី បាន​បន្ថែមថា តាម​ការពិត​ដែរ និស្សិត​មួយរូប​ឈ្មោះ គង់ រ៉ៃ​យ៉ា នេះ គ្រាន់តែ​បាន​សម្តែង​អំពី​ទឹកចិត្ត របស់​យុវជន​ខ្មែរ​រាប់លាន​នាក់ និង​របស់​ពលរដ្ឋ​ខ្មែរ​ទាំងមូល​។​

គួរ​បញ្ជាក់ថា បើទោះជា​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្សជំទាស់​ធំជាងគេ​នៅ​កម្ពុជា​នៅតែ​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ការដឹក​នាំនៅ​កម្ពុជា​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាន់ខ្ជាប់​គ្រប់​កាលៈទេសៈ​នូវ​ការផ្លាស់ប្តូរ​ដោយ​អហិង្សា សន្តិវិធី ចៀសវាង​ការបែកបាក់​ជាតិ ពោលគឺ​ការផ្លាស់ប្តូរ​តាមរយៈ​ការបោះឆ្នោត​តាមបែប​លទ្ធិប្រជាធិបតេយ្យ​។ ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា​គណបក្ស​ស​ង្គ្រោះ​ជាតិ​នឹង​រៀបចំ​ការអភិវឌ្ឍ​ពិតប្រាកដ​លើ​គ្រប់​វិស័យ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោយពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ការបោះឆ្នោត​ដឹកនាំ​ប្រទេស​៕

12809654_1052507591472640_3516548797494236102_n 12791030_1052507378139328_5907155795917617916_n 12798884_1052509108139155_4689780350421733810_n 12799461_1052507518139314_4472511865178411767_n 12805656_1052509194805813_4703140135165357509_n​    ​