លោក សាយ សំអាល់ អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូតស្វីស ចូលជួបសម្តែងការ គួរសម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦  លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាន អនុញ្ញាតឲ្យលោក Ivo SIEBER ឯកអគ្គរដ្ឋទូតស្វីស ប្រចាំនៅព្រះរាជាណាកម្ពុជា ដែលមាននិវេសន ដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ច សហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ។

លោករដ្ឋមន្រ្តីបានជម្រាបជូន ភ្ញៀវអំពីវឌ្ឍនភាពការងាររបស់ក្រសួងបរិស្ថាន ដោយបានរំលេចឱ្យឃើញ នូវលទ្ធផលនៃកំណែទម្រង់ ដែលបានមកពីការធ្វើទំនើបកម្មស្ថាប័ន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ឆ្លើយតបនឹងតម្រូវការចំពោះមុខរបស់សង្គមជាតិ។ លោកឯកអគ្គរដ្ឋទូតបានកោតសរសើរ ចំពោះសមិទ្ធ ផលនានា ដែលក្រសួងសម្រេចបានក្នុងរយៈកាលកន្លងមក ហើយឯកឧត្តមក៏បានបញ្ជាក់នូវជំហរគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងការធានាការពារធនធានធម្មជាតិ អភិរក្សជីវចម្រុះ និងការលើកស្ទួយជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិ តាមរយៈការបង្កើតមុខរបរកសិកម្ម ដើម្បីធានាបាននូវសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ។

ភាគីទាំងពីរបានឯកភាពជំរុញឱ្យ មានកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើកិច្ចគាំពារបរិស្ថាន ការគ្រប់ គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ។