កម្ពុជាដើរតួនាទី ជាអ្នកដឹកនាំ សម្របសម្រួល ស្តង់ដារទីក្រុង ទេសចរណ៍ស្អាត អាស៊ាន

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបិទវេទិកាជាតិ «យុវជន និងទីក្រុងស្អាត» លើកទី១ និងពិធីអបអរ ទិវាជាតិ «ទីក្រុងស្អាត» លើកទី៤ នាព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៦ នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានបញ្ជាក់ថា នាពេលនេះ អាស៊ានបានជម្រុញ ឲ្យមានស្តង់ដារ ទីក្រុងទេសចរណ៍ ស្អាតអាស៊ាន ហើយកម្ពុជាគឺជា ប្រទេសដើរតួនាទី ដឹកនាំសម្របសម្រួល នូវការរៀបចំនេះ ។

លោក សុខ អាន បានបន្តថ្លែងថា “អាស៊ានទើបបាន ដាក់ចេញផែនការ យុទ្ធសាស្ត្រ អភិវឌ្ឍន៍ ទេសចរណ៍អាស៊ាន ឆ្នាំ២០១៦-២០២៥ ដោយតម្រូវឱ្យមាន ការយកចិត្តទុកដាក់ លើការអភិវឌ្ឍ ឈរលើគោលការណ៍ គ្រឹះសំខាន់ចំនួន០២ គឺការបង្កើននូវភាព ប្រកួតប្រជែង និងការធានា នូវនិរន្តរភាព និងបរិយាប័ន្ន នៃការអភិវឌ្ឍវិស័យ ទេសចរណ៍ ។

ផែនការយុទ្ធសាស្ត្រនេះគឺ សំដៅប្រែក្លាយ អាស៊ាន ជាគោលដៅទេសចរណ៍ រួមប្រកបដោយ ភាពទាក់ទាញ ភាពកក់ក្តៅ និងគុណភាពខ្ពស់ ដែលអាចផ្តល់ជូន ភ្ញៀវទេសចរនូវភាព សប្បាយរីករាយ ដ៏សម្បូរបែប ការចងចាំមិនអាច បំភ្លេចបាន ព្រមទាំងការដក់ចិត្ត ចង់មកលេងម្តងហើយ ម្តងទៀត។ ជាមួយគ្នានោះអាស៊ាន បានជំរុញឱ្យមានស្តង់ដា ទីក្រុងទេសចរណ៍ ស្អាតអាស៊ាន ដែលកម្ពុជា ជាប្រទេសដឹកនាំ សម្របសម្រួល នូវការរៀបចំ ស្តង់ដានេះឡើង”។

លោក សុខ អាន បានចាត់ទុកការរៀបចំ ទិវាជាតិទីក្រុងស្អាត ឆ្នាំ២០១៦ ក្រោមប្រធានបទ «ទីក្រុងខ្ញុំស្អាត សុខសុវត្ថិភាពល្អ ទេសចរណ៍មានកំណើន » នៅពេលនេះគឺជា ការបញ្ជាក់អំពី សារៈសំខាន់នៃភាព ជាម្ចាស់កាតព្វកិច្ច និងការទទួលខុសត្រូវ របស់ប្រជាពលរដ្ឋ គ្រប់រូប ក្នុងការចូលរួម បង្កើតនិងថែរក្សា ទីក្រុងឱ្យស្អាត និងបៃតង។

លោក ឧប្បនាយករដ្ឋមន្រ្តីបញ្ជាក់ទៀតថា សន្តិសុខ និងសុវត្ថិភាព គឺជាកត្តាសំខាន់ ក្នុងការធានាឱ្យ កម្ពុជារក្សាបានជា គោលដៅទេសចរណ៍ ដ៏ទាក់ទាញ។ប៉ុន្តែអ្វីដែលជា ការចាប់អារម្មណ៍នោះគឺ កត្តាយុវជនដែលបាន និងកំពុងដើរតួនាទី កាន់តែសំខាន់ក្នុង កិច្ចការជាច្រើន ជាពិសេស ការរួមចំណែក របស់យុវជនក្នុងបុព្វហេតុ នៃការលើកកម្ពស់ ទីក្រុងស្អាត។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវ ជំនឿយ៉ាងមុតមាំថា ចលនាប្រឡងប្រណាំង ទីក្រុងស្អាត នឹងរួមចំណែក ដល់ការពង្រឹង «អភិបាលកិច្ចល្អ» និងឆ្លុះបញ្ចាំងពីតម្លាភាព សមត្ថភាព និងប្រសិទ្ធភាពការងារ វិមជ្ឈការ និងវិសហមជ្ឈការ ដល់រដ្ឋបាលថ្នាក់ ក្រោមជាតិ របស់រាជរដ្ឋាភិបាល ហើយសង្ឃឹមថា គ្រប់ទីក្រុងទាំងអស់ ក្លាយជាគោលដៅ ទេសចរណ៍បៃតង ដ៏ទាក់ទាញ ដែលផ្តល់ភាព កក់ក្តៅសម្រាប់ភ្ញៀវ ទេសចរផង និងធានាបាននូវ សុខុមាលភាព របស់ប្រជាជន កម្ពុជាផងដែរ។

លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍បានថ្លែងជាថ្មីថា វិស័យទេសចរណ៍ ដែលត្រូបាន ចាត់ទុកជា មាសបៃតង បានចូលរួមទ្រទ្រង់ កំណើនសេដ្ឋកិច្ច- សង្គម បង្កើតការងារ និងកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជន ព្រមទាំងដើរតួនាទី យ៉ាងសំខាន់ ចូលរួមទ្រទ្រង់ ដល់ការធ្វើ សមាហរណកម្មតំបន់។ ជាក់ស្តែងនៅឆ្នាំ២០១៥ សម្រេចបានកំណើន ក្នុងអត្រា៦,១% ជាមួយនឹងការ មកដល់នៃទេសចរ អន្តរជាតិប្រមាណ ៤,៧៨លាននាក់ និងនាំប្រាក់ចំណូល ប្រមាណជាង ៣០០០លានដុល្លារ អាមេរិក ចាក់បញ្ចូលក្នុង សេដ្ឋកិច្ចជាតិ និងមានផលរំពឹង ទុកថានៅឆ្នាំ២០២០ ការមកដល់នៃ ភ្ញៀវទេសចរ អន្តរជាតិ អាចនឹងកើនឡើង ដល់ជាង៧,៥លាននាក់ និងនាំមកនូវចំណូល សរុបប្រមាណ ៥០០០លាន ដុល្លារ បង្កើតនូវឱកាស ការងារបានប្រមាណ ជិត១លាននាក់។ 

លោករដ្ឋមន្រ្តីអះអាងថា ដើម្បីត្រៀមទទួល ស្វាគមន៍កំណើន ឥតឈប់ឈរ នៃភ្ញៀវទេសចរ ប្រមាណ៧,៥លាននាក់ នៅឆ្នាំ២០២០ ជាយុទ្ធសាស្ត្រគឺ ត្រូវធ្វើយ៉ាងណា ឲ្យកម្ពុជាក្លាយជា គោលដៅទេសចរណ៍ ប្រកបដោយភាព ទាក់ទាញ និងកក់ក្តៅដល់ ភ្ញៀវទេសចរ តាមរយៈធ្វើឲ្យ កម្ពុជាក្លាយជា គោលដៅស្អាត និងបៃតង (Clean &Green)។

លោកបញ្ជាក់ទៀតថា ផ្តើមពីនោះចលនា ប្រឡងប្រណាំង ទីក្រុងស្អាត ដែលជាផ្នែក នៃការជំរុញ យុទ្ធនាការ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ត្រូវបានដាក់ចេញ ដោយរាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០១២ ព្រមជាមួយនឹង ការកំណត់ទិវា ជាតិទីក្រុងស្អាត រៀងរាល់ថ្ងៃទី២៧ ខែកុម្ភៈ នៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ស្មារតី និងការទទួលខុសត្រូវ របស់ភាគីពាក់ព័ន្ធ ក្នុងការអភិវឌ្ឍទីក្រុងស្អាត ប្រកបដោយ ភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅ និងសុខមាលភាព ដល់ភ្ញៀវទេសចរណ៍ ៕

កម្ពុជាដើរតួនាទី ជាអ្នកដឹកនាំ សម្របសម្រួល ស្តង់ដារទីក្រុង ទេសចរណ៍ស្អាត អាស៊ាន

កម្ពុជាដើរតួនាទី ជាអ្នកដឹកនាំ សម្របសម្រួល ស្តង់ដារទីក្រុង ទេសចរណ៍ស្អាត អាស៊ាន

កម្ពុជាដើរតួនាទី ជាអ្នកដឹកនាំ សម្របសម្រួល ស្តង់ដារទីក្រុង ទេសចរណ៍ស្អាត អាស៊ាន

កម្ពុជាដើរតួនាទី ជាអ្នកដឹកនាំ សម្របសម្រួល ស្តង់ដារទីក្រុង ទេសចរណ៍ស្អាត អាស៊ាន