ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ មន្ត្រី​ពន្ធដារ​​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​ពន្ធដារ​ចំនួន​៣០៣​រូប ​បាន​ធ្វើ​សច្ចាប្រណិធាន​​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​កាលពី​ព្រឹក​ថ្ងៃ​ទី​០១ មីនា ២០១៦ ដើម្បី​ទទួល​​បាន​នីតិ​សម្បទាន​ ជា​ភ្នាក់ងារនគរបាល​យុត្តិធម៌​ ក្រោម​អ​ធិប​តី​ភាព​លោក​កោ វ​ណ្ឌី ប្រធាន​ក្រុមប្រឹក្សា​សម្បថ​ និង​ជា​ប្រធាន​តុលាការ​ស្តីទី​​សាលាដំបូង​រាជធានី​ភ្នំពេញ ។

មន្ត្រី​ពន្ធដារ​ទាំងអស់​ បាន​សម្តែង​ទឹកចិត្ត​ស្មោះត្រង់​បម្រើជាតិ​ និង​មាតុភូមិ​ ដោយ​នាំ​គ្នា​អាន​​ប្រារព្ធ​វាទ​ ដែល​មាន​ខ្លឹមសារ​ថា បពិត្រ​អស់​ទេពា​រ័ក្ស អា​រុក្ខ​អារក្សអ្នកតា​ និង​បារមី​ដ៏​ស័ក្តិ​សិទ្ធិ​មាន​ព្រះ​អង្គ​ដ​ង្កើ​រ ព្រះ​អង្គ​ក្រពុំ​ឈូក ព្រះ​អង្គ​ស្វេតច្ឆត្រ ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម អ្នកតា​ឃ្លាំងមឿង អ្នកតា​ក្រហម​ក លោកតា​ដំបង​ដែក លោកតា​ដំបង​ក្រ​ញូ​ង លោកយាយ​ទេព ព្រះ​អង្គ​ព្រះ​វិហារ​សួគ៌ ព្រះ​អង្គ​ព្រះ​ជីវី​ធំ​វត្ត​បារាយណ៍ ព្រះ​អង្គ​វត្ត​ភ្នំ​ជាដើម​ខ្លែង​ សូម​យាង​អញ្ជើញ​មក​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​សម្បថ​ដ្បិ​ត​យើងខ្ញុំ​បាន​ចូលរួម​មក​សុំ​ធ្វើ​សម្បថ​សច្ចាប្រណិធាន​ ដើម្បី​បំពេញ​តួនាទី​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​នា​ពេល​នេះ ។

បើ​យើងខ្ញុំ​ប្រព្រឹត្ត​ល្អៀង​ឃ្លៀងឃ្លាត​ចាក​ច្បាប់​ មិន​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់ ​ដោយ​មាន​ចេតនា​ទុច្ចរិត ​សូម​អស់​ទេពា​រ័ក្ស អារក្ខ អា​រ័ក្ស អ្នកតា យាយ​ទេព​ និង​បារមី​ដ៏​ស​ក្ត័​សិទ្ធិ​ទាំងអស់​បំផ្លាញ​យើងខ្ញុំ​ឱ្យ​វិនាស​លាញ ឲ្យ​ស្លាប់​តៃហោង​យ៉ាង​វេទនា ដោយ​គ្រាប់​កាំភ្លើង រន្ទះបាញ់ ឡាន​ម៉ូ​តូ​បុក ខ្លាខាំ ពស់​ចឹក លុះ​អនាគតជាតិ​ឲ្យ​ព្រាត់​ប្រាស់និរាស​ឪពុក​ម្តាយ បងប្អូន កូនចៅ ឲ្យ​ក្រ​រហេម​រហាម ខ្សត់​ទ្រព្យ រង​ទុក្ខ​វេ​នា​អស់​ប្រាំ​រយ​ជាតិ ។

បើ​យើងខ្ញុំ​ប្រព្រឹត្ត​ល្អ​ទៀងត្រង់ ត្រឹមត្រូវ​តាម​គន្លង​ច្បាប់​យកចិត្តទុកដាក់​ប្រឹងប្រែង​អនុវត្ត​ការងារ​ដោយ​ស្មោះត្រង់​អស់ពី​ចិត្ត​ពី​ថ្លើម​សូម​អស់​ទេពា​រ័ក្ស អា​រុក្ខ​អារក្ស អ្នកតា យាយ​ទេព​ និង​បារមី​ដ៏​ស័​ក្ត​សិទ្ធិ​ក្នុង​លោក ​ជួយ​ឲ្យ​យើងខ្ញុំ​មាន​អាយុ​វែង​យ៉ឺនយូរ​ មាន​សេចក្តី​សុខដុមរមនា មាន​សុខភាព​ល្អ មានទ្រព្យ​សម្បត្តិ មាស ប្រាក់ កែវកង ពិទូរ្យ​សូរ្យកាន្ត សម្បូរ​ណ៍ ហូរហៀរ មាន​ញាតិ​ផៅ​គោរព​ស្រឡាញ់​រាប់អាន​ លុះ​អនាគតជាតិ​បាន​ជួប​តែ​សេចក្តី​ល្អ​មានទ្រព្យ​ស្តុកស្តម្ភ កិត្តិយស​ថ្លៃថ្នូរ ចម្រុងចម្រើន ថ្កុំថ្កើង​រុងរឿង សម​ដូច​សេចក្តី​បំណង​ប៉ងប្រាថ្នា​កុំបី​ខាន​ឡើយ ។

នៅ​ក្នុង​ឱកាស​សច្ចាប្រណិធាន​មន្ត្រី​ពន្ធដារ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក​កោ វ​ណ្ឌី ប្រធាន​ក្រុមប្រឹក្សា​សម្បថ​បាន​មាន​មតិ​ផ្តាំផ្ញើ​ថា តួនាទី​របស់​មន្ត្រី​ពន្ធដារ​ធំដុំ​ណាស់​ ក្នុង​ការ​អនុវត្ត​តួនាទី​ហើយ​យើង​ក៏​ត្រូវ​ដើរ​តាម​មន្ត្រី​នគរបាល​យុត្តិធម៌ យើង​ជា​ភ្នាក់ងារ​អីចឹង​យើង​នៅ​ក្រោម​មន្ត្រី​នគរបាល​យុត្តិធម៌ នគរបាល​យុត្តិធម៌​ ក៏​ដូច​ជា​ភ្នាក់ងារ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ឯក​យ្យ​ការ ។ ធ្វើការ​ត្រូវធ្វើ​ទៅ​តាម​ច្បាប់​ អ្វី​ដែល​មាន​ចែង​ក្នុង​ច្បាប់​យើង​ត្រូវធ្វើ​តាម យើង​មិន​អាច​ធ្វើ​អ្វី​ខុស​ពី​គម្លាត​នៃ​ផ្លូវច្បាប់​បាន​ទេ ​។ ច្បាប់ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​បាន​ចែង​ច្បាស់​ហើយ ។