សហគមន៍​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​មិន​ទុក​ចិត្ត​រដ្ឋាភិបាល

សហគមន៍​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ បាន​បង្កើត​ផែនការ​សុំ​ដោះស្រាយ​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដោយ​ខ្លួន​ឯង ដើម្បី​ទាមទារ​សំណង​ផល​ប៉ះពាល់​ជាក់លាក់​មួយ​ផ្អែក​លើ​តម្លៃ​ទីផ្សារ​សេរី។ ការ​បង្កើត​ផែនការ​នេះ ព្រោះ​សហគមន៍​ពុំ​មាន​ជំនឿ​លើ​គោល​នយោបាយ​របស់​រដ្ឋាភិបាល ដែល​មិន​ទទួល​យក​ការ​ទាមទារ​របស់​ពួក​គាត់​ទាក់ទិន​សំណង​ផល​ប៉ះពាល់។

សហគមន៍​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ មក​ពី​ឃុំ​ក្បាលរមាស និង​ឃុំ​ស្រែគរ ដែល​មិន​ព្រម​ទទួល​យក​សំណង​ផល​ប៉ះពាល់​កន្លង​មក បាន​ប្ដូរ​ឥរិយាបថ​ទទួល​សំណង​ឡើង​វិញ។

ការ​សម្រេច​ចិត្ត​នេះ ដោយសារ​អ្នក​ភូមិ​ពុំ​មាន​សមត្ថភាព​តវ៉ា​ជាមួយ​រដ្ឋាភិបាល ឲ្យ​ពិចារណា​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​ឡើង​វិញ។ ទន្ទឹម​នឹង​នេះ អ្នក​ភូមិ​ខិតខំ​រក​មធ្យោបាយ​បន្ត​ប្រពៃណី​បន់​ស្រន់​អ្នក​តា​ក្រហម​ក ជួយ​ជ្រោមជ្រែង​សហគមន៍ ដើម្បី​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ការ​តវ៉ា​របស់​សហគមន៍ ទាក់ទិន​ការ​ទូទាត់​សំណង​ផល​ប៉ះពាល់។

ជនជាតិ​ដើម​ភាគ​តិច​ព្នង មក​ពី​ឃុំ​ក្បាលរមាស លោក សេត ញ៉ាល់ សម្ដែង​ការ​ខក​ចិត្ត​ថា ការ​បង្កើត​ទំនប់​វារីអគ្គិសនី កំពុង​បង្ក​ផល​លំបាក​ធ្ងន់ធ្ងរ​ដល់​ជីវិត​រស់នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច ដូចជា ការ​បាត់បង់​ប្រពៃណី​វប្បធម៌ ការ​បាត់បង់​ធនធាន​ធម្មជាតិ និង​ការ​ជម្លៀស​អ្នក​ភូមិ​ចេញ​ពី​លំនៅឋាន។ លោក​ទាមទារ​ឲ្យ​រដ្ឋាភិបាល យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​នូវ​ទុក្ខ​កង្វល់​របស់​ពួក​គាត់ ទាក់ទិន​ផល​ប៉ះពាល់៖ «នៅ​ឆ្នាំ​២០១៦ នេះ សង្ឃឹម​ថា​នឹង​បាន​ជួប​ជាមួយ​រដ្ឋាភិបាល សង្ឃឹម​ថា​នឹង​បាន​ជួប​ក្រុមហ៊ុន សង្ឃឹម​ថា​រដ្ឋាភិបាល និង​ក្រុមហ៊ុន យក​អនុសាសន៍​របស់​ប្រជាពលរដ្ឋ​ដែល​សម្រេច​ចិត្ត​ព្រម​គ្នា សង​គោល​នយោបាយ​សំណង​របស់​ប្រជាពលរដ្ឋ​ផ្ទាល់​ខ្លួន»

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ទំនប់​សេសាន ២០១៦ ៨៥៥
សហគមន៍​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ មក​ពី​ឃុំ​ចំនួន​បី គឺ​ឃុំ​ស្រែគរ ឃុំ​ក្បាលរមាស និង​ឃុំ​ភ្លុក ប្រារព្ធ​ពិធី​សែន​ព្រេន​ជាន់​អារក្ស​អ្នក​តា​ក្រហម​ក ប្រចាំ​ឆ្នាំ ដែល​ផ្ដោត​សំខាន់​លើ​សំណង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Men Sothyr

កាល​ពី​ថ្ងៃ​ទី​២៨ កុម្ភៈ សហគមន៍​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ជាង ៥០០​នាក់​មក​ពី​ឃុំ​ចំនួន​៣ គឺ​ឃុំ​ស្រែគរ ឃុំ​ក្បាលរមាស និង​ឃុំ​ភ្លុក ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង និង​មួយ​ចំនួន​តូច​មក​ពី​ខេត្ត​រតនគិរី បាន​ប្រារព្ធ​ពិធី​សែន​ព្រេន​ជាន់​អារក្ស​អ្នក​តា​ក្រហម​ក ប្រចាំ​ឆ្នាំ ដែល​ផ្ដោត​សំខាន់​លើ​សំណង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២។

ដោយឡែក​ទីប្រឹក្សា​នៃ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន លោក​កត់​សម្គាល់​ថា ភាព​មិន​ច្បាស់លាស់​នៃ​ការ​ផ្តល់​សំណង​របស់​រដ្ឋាភិបាល គឺ​ជា​សញ្ញា​បង្ហាញ​ពី​ក្តី​បារម្ភ​របស់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់ ពុំ​មាន​ជំនឿ​ចិត្ត​ចំពោះ​គោល​នយោបាយ​របស់​រដ្ឋាភិបាល។ លោក​សង្កត់​ធ្ងន់​ថា គោល​នយោបាយ​សំណង​កន្លង​ទៅ​មិន​បាន​ជជែក​ពិភាក្សា​ជាមួយ​សហគមន៍ គឺ​សម្រេច​តែ​រដ្ឋាភិបាល។ លោក​ថា កន្លង​មក​ការ​ទាមទារ​របស់​សហគមន៍​ទាក់ទិន​សំណង​ផល​ប៉ះពាល់ រដ្ឋាភិបាល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ឡើយ៖ «ខាង​ក្រុមហ៊ុន និង​ខាង​គណៈកម្មការ​ខេត្ត យក​គោល​នយោបាយ​សំណង​យក​មក​ផ្សព្វផ្សាយ​ជូន​គាត់ តែ​គោល​នយោបាយ​សំណង​មិន​ត្រូវ​បាន​ទទួល។ ខ្លះ​ក៏​ទទួល​ទៅ ទទួល​ដោយ​មិន​ដឹង​ខ្លួន ឬ​ក៏​ទទួល​ដោយ​មិន​មាន​ភាព​ច្បាស់លាស់។ បច្ចុប្បន្ន គាត់​មូល​មតិ​គ្នា​បង្កើត​ឡើង​សំណើ​មួយ​ដ៏​ជាក់លាក់​របស់​គាត់។ គាត់​បាន​បង្កើត​តម្លៃ​ទីផ្សារ​ផល​ដំណាំ ឬ​ផ្ទះ​របស់​គាត់»

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ មាន​ប្រសាសន៍​ថា កន្លង​មក សហគមន៍​មិន​ព្រម​ទទួល​យក​សំណង​ផល​ប៉ះពាល់​ក្នុង​ឃុំ​ស្រែគរ មាន​ជាង ២៤០​គ្រួសារ បាន​ប្ដូរ​ឥរិយាបថ​ព្រម​ទទួល​យក​សំណង ក៏ប៉ុន្តែ​សហគមន៍​មាន ៣​លក្ខខណ្ឌ រួម​មាន ការ​ផ្តល់​សំណង​ជាក់លាក់ ការ​ផ្តល់​សំណង​លក្ខណៈ​គ្រួសារ​ដែល​បែក​ចេញ និង​ការ​ផ្តល់​សំណង​ឲ្យ​ស្មើ​ភាព​នូវ​ដី​ផ្នូរ​កប់​សព​ជា​លក្ខណៈ​គ្រួសារ។ លោក​បញ្ជាក់​ថា ជុំវិញ​ការ​ទាមទារ​របស់​សហគមន៍ អាជ្ញាធរ​ឃុំ​បាន​ធ្វើ​របាយការណ៍​ដាក់​ជូន​អាជ្ញាធរ​ស្រុក និង​ខេត្ត​រួច​រាល់​ហើយ តែ​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប៖ «ចង់​បាន​ជជែក​សាថ្មី​ទៀត​ទាក់ទង​សំណង​នោះ​ទៀត។ ជជែក​បី​ចំណុច​នោះ ទី​១ សំណង​ឲ្យ​ជាក់លាក់ ទី​២ ផ្នូរ​ដូនតា​នោះ​ឲ្យ​សង​ជា​បុគ្គល សង​តាម​គ្រួសារ»

លោក មៀច មាន ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​សហគមន៍​រង​ផល​ប៉ះពាល់​មួយ​ចំនួន ទទួល​យក​សំណង​ផល​ប៉ះពាល់​ដោយ​មិន​ដឹង​ខ្លួន ឬ​ភាព​មិន​ច្បាស់លាស់ ហើយ​ខ្លះ​ក៏​មិន​ព្រម​ទទួល​យក​សំណង។ លោក​ថា ភាព​មិន​ច្បាស់លាស់​នៃ​គោល​នយោបាយ​ដោះស្រាយ​ផល​ប៉ះពាល់​របស់​រដ្ឋាភិបាល មិន​ទទួល​យក​ការ​ទាមទារ​របស់​សហគមន៍​រង​ផល​ប៉ះពាល់ បណ្ដាល​ឲ្យ​ពួក​គាត់​នៅ​តែ​ព្រួយ​បារម្ភ។ លោក​រំពឹង​ថា រដ្ឋាភិបាល​នឹង​ពិចារណា​សំណើ​របស់​ពលរដ្ឋ ដើម្បី​បញ្ចប់​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​នេះ។

កន្លង​ទៅ​នៅ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​យក​សំណង​មាន​ចំនួន​ជាង ២៤០​គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ ៥៧០​គ្រួសារ។ ដោយឡែក​នៅ​ឃុំ​ក្បាលរមាស មាន​ពលរដ្ឋ ៥៤​គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ ១៤០​គ្រួសារ​ដែល​មិន​យល់ព្រម​ចាក​ចេញ។ បច្ចុប្បន្ន គម្រោង​សាងសង់​ទន្លេ​សេសាន​ក្រោម​២ នេះ សម្រេច​បាន​ជាង ៥០​ភាគរយ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។