ហូរ​ឈាម​ច្រមុះ ប្រការ​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ​?

ហូរ​ឈាម​ច្រមុះ ប្រការ​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ​?

​មូលហេតុ​
​មូលហេតុ​ចម្បង ដែល​ធ្វើឲ្យ​អ្នក ហូរ​ឈាម​ច្រមុះ គឺ​ដោយសារតែ ការឆ្លង​មេរោគ​នៅ​ស៊ីនុស ជំងឺ​គ្រុន​ផ្តាសាយធំ ការប្រើប្រាស់​ថ្នាំ​លើស​កម្រិត ការប្រើ​ថ្នាំ​បាញ់​ច្រមុះ​ច្រើនពេក ជំងឺ​គ្រាប់​ឈាម (​ដូចជា ជំងឺមហារីក​គ្រាប់​ឈាម​) ជំងឺ​សួត ជំងឺ​ឈាម​មិន​ងាយ​កក និង​ការប៉ះទង្គិច​ចំ​ច្រមុះ ឬ​ផ្ទៃមុខ​។​

​រោគសញ្ញា​
​រោគសញ្ញា គឺ​ងាយ​សម្គាល់ ហើយ​អ្នកជំងឺ​នឹង​ដឹង​ដោយ​ខ្លួន ពីព្រោះ​តែ​មាន​ការ​ហូរឈាម ចេញពី​ច្រមុះ​ផ្ទាល់​តែម្តង​។

​ការព្យាបាល​
​ជម្រើស​ទី​មួយ គឺ​ការសង្គ្រោះ​បឋម ដែល​មានន័យថា អ្នកជំងឺ​ត្រូវ​ជួយ​ខ្លួនឯង​ភ្លាមៗ ហើយ​ត្រូវ​ហៅ​អ្នក​ដ៏​ទៃ​ឲ្យជួយ តាម​ដែល​អាច​ធ្វើទៅបាន​។ អ្នកជំងឺ​គួរតែ​ច្របាច់ ឬ​ខ្ទប់​ក្តោងច្រមុះ​ឲ្យ​ជាប់​ហើយ​អង្គុយ​ចុះ​។ កុំ​ងើយ​ក្បាល​ឡើងលើ ពីព្រោះ​តែ​វា​អាច ធ្វើឲ្យ​ឈាម​ហូរ​ចូល ទៅក្នុង​បំពង់ក ឬ​បំពង់ខ្យល់​របស់​អ្នក ដែល​ជា​ហេតុ​ធ្វើឲ្យ​អ្នក​ឈ្លក់​បាន​។ ចូរ​កុំ​ប្រើ​ទឹកកក ដើម្បី​ស្អំ ពីព្រោះ​វា​មិន​អាច​ជួយ អ្នក​បាន​នោះឡើយ​។ បើ​អាច អ្នក​គួរតែ​ផ្តល់​សំណើម ដល់​បរិយាកាស ដើម្បី​អ្នក​ងាយស្រួល (​បើក​ម៉ាស៊ីន​ផ្តល់​សំណើម​) ពីព្រោះ វា​ក៏​អាចជួយ​សម្រួល បញ្ហា​ឈាម​ច្រមុះ​បាន​ផងដែរ​។ ក្រោយ ១០ នាទី បើ​មិន​ធូរ អ្នក​ត្រូវ​ទៅពិនិត្យ ជាមួយ​គ្រូពេទ្យ​ភ្លាម ប៉ុន្តែ បើ​វា​បាន​ទៅ​វិញ អ្នក​អាច​សម្រួល​អារម្មណ៍ ហើយ​មិនចាំបាច់ ទៅ​ពេទ្យ​ក៏​បាន​ដែរ តែ​ត្រូវ​តាមដាន​ថា​តើ វា​មាន​កើតឡើង​សារ​ជា​ថ្មី​ដែរឬទេ​។​

​វិធីសាស្ត្រ​ការពារ​
​ចូរ​បន្ថែម​ផ្លែឈើ​មាន​ជាតិ​ជូរ ទៅ​ក្នុង​របប​អាហារ​របស់​អ្នក​។ ផ្លែឈើ​ជូរៗ មាន​ផ្ទុក​សារធាតុ bioflavonoids ដែល​អាច​ជួយ​ការពារ សរសៃឈាម​ពី​ដាច់​រលាត់ ហើយ​វា​នឹង​បន្ថយ ឱកាស​នៃ​ការ​ហូរ​ឈាម​ច្រមុះ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។