ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ជាប់​ឃុំឃាំង​តាំងពី​ដើម​ខែមករា​មក ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន​នៅ​ព្រ​លាន​យន្តហោះ​ពេល​រូបគេ​ត្រៀម​ចាក​ចេញពី​កូរ៉េ​ខាងជើង ក្រោយ​ការ​ស្នាក់​អាស្រ័យ​ជា​អ្នកទេសចរ និស្សិត​អា​មេ​រិ​ក​ម្នាក់​កាលពី​ថ្ងៃ​ទី​២៩ កុម្ភៈ បាន​សារភាព​ទោស​កំហុស ដើម្បី​ស្នើ​សុំ​ការ​ដោះ​លែង​រូបគេ ។

ក្នុង​ការ​សារភាព​និស្សិត OTTO WARMBIER អាយុ​២១​ឆ្នាំ និយាយ​ថា រូបគេ​ប៉ុនប៉ង​ទាញ​យក​ចេញ​បដា​ឃោសនា​មួយ​ដាក់​នៅ​ជាន់​ទី​២ សម្រាប់​បុគ្គលិក​នៃ​សណ្ឋាគារ YANGGAKDO ជា​សណ្ឋាគារ​មួយ​ក្នុង​ចំណោម​សណ្ឋាគារ​ដែល​ទទួលភ្ញៀវ​បរទេស​នៅ​ទីក្រុង​ព្យុ​ង​យ៉ាង ។

និស្សិត​សាកល​វិទ្យា​វៀរ​ជី​នៀ​រូប​នេះ​និយាយ​ថា «​ពិត​ហើយ​ខ្ញុំ​ប្រព្រឹត្ត​កំហុសឆ្គង​យ៉ាង​អាក្រក់​មួយ​នៃ​ជីវិត​របស់ខ្ញុំ តែ​សូម​សន្តោស​ដល់​រូប​ខ្ញុំ​ផង​ចុះ​» ។

ពួក​អ្នក​ជាប់​ឃុំឃាំង​ជា​ជនបរទេស​ជា​ច្រើន​នៅ​កូរ៉េ​ខាងជើង​កាលពីមុន​ៗ​នេះ​និយាយ បន្ទាប់​ពី​ចាក​ចេញពី​ដែនដី​ប្រទេស​នោះ​រួច​ហើយ​ថា ការ​សារភាព​របស់​ពួក​គេ​ធ្វើ​ឡើង​ក្រោម​ការ​ចាប់បង្ខំ ។

ក្នុង​អត្ថបទ​មួយ​ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េ​ខាងជើង KCNA រៀបរាប់​ថា និស្សិត WARMBIER ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ប្រព្រឹត្ត​អំពើ​ប្រទូស្ត​រ៉ា​យ​នេះ ដោយ​សមាជិក​ម្នាក់​នៃ​ព្រះ​វិហារ​កាតូលិក​មួយ​នៅ​រដ្ឋ​អូ​ហៃ​យ៉ូ ជា​ថ្នូរ​នឹង​ការ​សន្យា​ផ្តល់​ឱ្យ​រូបគេ​នូវ​រថយន្ត​មួយ​គ្រឿង​តម្លៃ​១០.០០០​ដុល្លារ ។ KCNA ចោទប្រកាន់​ម្យ៉ាងទៀត​ថា និស្សិត​រូប​នេះ​ជា​សមាជិក​សមាគមនិស្សិត​សាកលវិទ្យាល័យ​វៀរ​ជី​នៀ​ជា​សមាគម Z មាន​ទំនាក់ទំនង​ជាមួយ CIA ។ ក៏​ប៉ុន្តែ​សមាគម​នេះ​បាន​បដិសេធ​ថា មិន​ស្គាល់​យុវជន​រូប​នេះ ហើយ​ខ្លួន​គ្មាន​ទំនាក់ទំនង​អ្វី​ជាមួយ CIA ឡើយ ។

ទីភ្នាក់ងារ​ទេសចរណ៍​ជា​ច្រើន​បាន​រៀបចំ​ដំណើរ​កម្សាន្ត​នៅ​កូរ៉េ​ខាងជើង​ជា​ប្រទេស​បិទ​ជិត​មួយ​នៃ​ពិភពលោក ។ និស្សិត WARMBIER ស្ថិត​ក្នុង​ក្រុម​ដែល​ទៅ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​សាកល​នៅ​រដ្ឋធានី​កូរ៉េ​ខាងជើង​តាម​រយៈ​ទីភ្នាក់ងារ​ទេសចរណ៍ YOUNG PIONEER TOURS ជាទី​ភ្នាក់ងារទេសចរណ៍​មួយ​គ្រប់គ្រង​ដោយ​មនុស្សលោក​ខាងលិច ហើយ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ី​អាន ប្រទេស​ចិន ៕