គ្រូ​ស៊ីម៉ាក់ ​រំលឹក​​​​មូលហេតុ​​​ចាញ់​ស្វាយ​រៀង​​​សប្ដាហ៍​ដំបូង​

លោក កែវ ណារិន ​គ្រូ​បង្វឹក​របស់​ក្រុម​​មជ្ឈមណ្ឌល​កម្ចាត់​មីន (ស៊ីម៉ាក់) ​បាន​រំលឹក​រឿង​ចាញ់​ស្វាយរៀងកាល​ពី​ប្រកួត​ដំបូង ​ដោយ​លទ្ធផល ​៦-២ ​ថា​មក​ពី​កីឡាករ​ក្រុម​របស់​លោក​ហត់​ពេក ពោល​គឺ​ជិះ​ឡាន​ពី​ភ្នំពេញ​ទៅ​ដល់​ស្វាយ​រៀង​ភ្លាម ចូល​ប្រកួត​ភ្លាម​ទើប​បណ្ដាល​ឱ្យ​ចាញ់​ការ​ប្រកួត​បើក​ឆាក​ដំបូង។

 

គ្រូ​ស៊ីម៉ាក់ ​រំលឹក​​​​មូលហេតុ​​​ចាញ់​ស្វាយ​រៀង​​​សប្ដាហ៍​ដំបូង​លោក កែវ ណារិន ​គ្រូ​បង្វឹក​របស់​ក្រុម​​មជ្ឈមណ្ឌល​កម្ចាត់​មីន (ស៊ីម៉ាក់)

 

ក្រោយ​បំបាក់​ក្រុម​អាស៊ីអឺរ៉ុប ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ដោយ​លទ្ធផល ៥-១ ​គ្រូ​បង្វឹក កែវ ណារិន ​បាន​និយាយ​ហេតុផល​ធ្វើ​ឱ្យ​ក្រុម​របស់​លោក​ចាញ់​ស្វាយ​រៀង​ដោយ​មិន​អស់​ចិត្ត​ក្នុង​លទ្ធផល ៦-២ ​ថា​មក​ពី​កូន​ក្រុម​មិន​មាន​ពេល​សម្រាក​គ្រប់​គ្រាន់។ ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ដល់​ស្វាយ​រៀង​ភ្លាម ​ក៏​ត្រូវ​ប្រកួត​ភ្លាម ​មិន​មាន​ពេល​សម្រាក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ទម្រង់​លេង​ធ្លាក់​ចុះ ​មិន​អាច​ធ្វើ​អ្វី​ដូច​ការ​រំពឹក​ទុក​បាន។

 

“កីឡាករ​ស៊ីម៉ាក់​លេង​ស៊ី​ចង្វាក់​គ្នា​ល្អ ទើប​អាច​ឈ្នះ​អាស៊ីអឺរ៉ុប​បាន​។ ខ្ញុំ​ស្ដាយ​កាល​ប៉ះ​ស្វាយរៀង ​ដោយសារ​តែ​ផ្លូវ​​ឆ្ងាយ​ទៅ​ដល់​ភ្លាម​ហូបបាយ​ភ្លាម សម្រាក​បាន​១​ម៉ោង​កន្លះ​ធ្វើ​ឱ្យ​យើង​មិនមាន​កម្លាំង​គ្រប់​គ្រាន់​ទើប​បណ្ដាល​ឱ្យ​ចាញ់​ក្នុង​លទ្ធផល​ច្រើន​គ្រាប់”។ សម្ដី​លោក កែវ ណារិន ​គ្រូ​បង្គោល​របស់​ក្រុម​ស៊ីម៉ាក់។

 

ទន្ទឹម​គ្នា​នេះ​ដែរ គ្រូ​បង្វឹក​ខាង​លើ​ក៏​រំពឹង​ថា​ក្រុម​របស់​ខ្លួន​រដូវ​កាល​នេះ​នឹង​លេង​បាន​ល្អ​ជាង​រដូវ​កាល​មុន​ទៅ​ទៀត ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ច្រើន​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​របស់​ក្លឹប ក៏​ដូចជា​ការ​សហការ​គ្នា​បាន​យ៉ាង​ល្អ​របស់​កីឡាករ​ក្នុង​ក្រុម​ទាំង​ខ្មែរ​និង​បរទេស។

 

ឆ្លង​កាត់​២​ប្រកួត​មក​នេះ ​ក្រុម​ស៊ីម៉ាក់​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៥​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា ​ដោយ​ប្រកួត​ដំបូង​ចាញ់​ក្រុម​ស្វាយ​រៀង​ព្រះ​ខ័ន​រាជ ៦-២ ​ហើយ​សប្ដាហ៍​ទី​២​ឈ្នះ​ក្រុម​អាស៊ីអឺរ៉ុប​ដោយ​លទ្ធផល ៥-១ ​វិញ៕

 

គ្រូ​ស៊ីម៉ាក់ ​រំលឹក​​​​មូលហេតុ​​​ចាញ់​ស្វាយ​រៀង​​​សប្ដាហ៍​ដំបូង​

 

អត្ថបទ៖ មុន្នី រម្យ