ក្រសួងធនធានទឹក អំពាវនាវឲ្យ ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ខណៈសីតុណ្ហភាព ឡើងកម្ដៅខ្លាំង

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ខណៈសីតុណ្ហភាព ឡើងកម្ដៅខ្លាំងចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ ដែលសីតុណ្ហភាព អតិបរមាកម្តៅ កើនឡើងខ្លាំងជាង ថ្ងៃធម្មតាពី ២ ដល់ ៣អង្សាសេ។

យោងតាមទីភា្នក់ងារ សារព័ត៌មានកម្ពុជា(AKP) នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា “តំបន់ទំនាបកណ្ដាល មាន សីតុណ្ហភាពអតិបរមាចាប់ពី ៣៥ដល់៣៧អង្សាសេ  តំបន់ទាំងនេះពុំមានភ្លៀងកក់ខែនោះទេ។ ចំណែកនៅតំបន់មាត់សមុទ្រវិញ អាចមានភ្លៀងកក់ខែខ្លះៗ ចាប់ពីថ្ងៃទី៤ ដល់ ៧ ខែមីនា ឆ្នាំ២០១៦ចំណែក សីតុណ្ហភាពអតិបរមាមាន ៣៣ដល់៣៥អង្សាសេ”។ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែរក្សាសុខភាព និងប្រុងប្រយ័ត្ន គ្រប់ កាលៈ ទេសៈ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ធ្នូ  រាជរដ្ឋាភិបាល បានចេញសារាចរ ណែនាំមួយស្តីពី ការចាត់វិធានការ ថែរក្សា ទឹកទុក សម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃរបស់ប្រជាជន នៅតាតំបន់មួយ ដោយសារនៅឆ្នាំ២០១៦នេះ កម្ពុជា នឹងទទួលរងបាតុភូតធម្មជាតិក្តៅហួតហែង ហើយរដូវវស្សាអាចនឹងមកដល់ យឺតជាងធម្មតា។ ស្ថានភាពបែបនេះ នឹងកើតមានចាប់ពី ខែកុម្ភៈរហូត ដល់ចុងខែមិថុនា ឆ្នាំ២០១៦ ហើយអាចធ្វើឲ្យ កម្ពុជាប្រឈមនឹងកង្វះខាតទឹ កសម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃនៅតាមតំបន់មួយចំនួន ហើយរហូតដល់ ខែពាក់កណ្តាល ខែកក្កដា ឆ្នាំ២០១៦ ទើបបាតុភូតថ្មី La Nina (ត្រជាក់) មានឥទ្ធិលមកលើប្រទេសកម្ពុជាវិញ ហើយភ្លៀងក៏នឹងចាប់ផ្តើម ធ្លាក់នាពេល នោះផងដែរ៕

ក្រសួងធនធានទឹក អំពាវនាវឲ្យ ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ខណៈសីតុណ្ហភាព ឡើងកម្ដៅខ្លាំង