ឯក​​​អគ្គ​​​រដ្ឋ​​​ទូត​​​ចុះ​​​ទៅ​​​​​​កន្លែង​​​កើត​​​ហេតុ​​​នៃ​​​ការ​​​​​​ចាប់​​​រំលោភ​​​លើ​​​កោះ​​​ថៃ​​​

យោង​​​តាម​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​ឲ្យ​​​ដឹង​​​ថា ​​​ឯក​​​អគ្គ​​​រដ្ឋ​​​ទូត​​​ខ្មែរ​​​ប្រចាំ​​​ប្រទេស​​​ថៃ​​​បាន​​​​​ធ្វើ​​​ដំណើរ​​​តាម​​​​​​ឧទ្ធម្ភាគចក្រ​​​ទៅ​​​កាន់​​​កោះគុត​​​​​​កាល​​​ពី​​​ថ្ងៃ​​​ចន្ទ ដើម្បី​​​ស៊ើប​​​អង្កេត​​​​​​ករ​​​ណី​​​​​​ចាប់​​​រំលោភ​​​ស្ត្រី​​​ជនជាតិ​​​បារាំង​​​ម្នាក់​​​ និង​​​​​កូន​​​ស្រី​​​គាត់​​​ដោយ​​​អ្នក​​​នេសាទ​​​ជន​​​ជាតិ​​​ខ្មែរ​​​ចំនួន​​​៥​​​នាក់​​​​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​សៅរ៍ ហើយ​​​រំពឹង​​​ថា ​​​នឹងបញ្ជូន​​​​​​របាយការណ៍​​​​​​លម្អិត​​​​​​មក​​​ក្រសួង​​​ការ​​​បរទេស​​​​​​នៅ​​​ថ្ងៃ​​​នេះ។​​​​​​

សារព័ត៌មាន​​​ Associated Press បាន​​​រាយការណ៍​​​ថា បុរស​​​អ្នក​​​នេសាទ​​​ទាំង​​​ប្រាំ​​​នាក់​​​​​​ត្រូវ​​​នគរ​​​បាល​​​ចាប់​​​ខ្លួន​​​​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ បន្ទាប់​​​ពី​​​​​​វាយ​​​ប្រហារ​​​​​​​​​​​​ទេសចរ​​​​​​ជន​​​ជាតិ​​​បារាំង​​​បួន​​​នាក់​​​នឹង​​​កាំបិត​​​​​​នៅ​​​លើ​​​កោះ​​​រមណីយដ្ឋាន​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​ត្រាត​​​ភាគ​​​ខាង​​​កើត​​​ប្រទេស​​​ថៃ ហើយ​​​​​​ក៏​​​ចាប់​​​រំលោភ​​​​​​ស្ត្រី​​​ទេសចរ​​​ពីរ​​​នាក់។

​​​យោង​​​តាម​​​លោក ជុំ សុន្ទរី ឲ្យ​​​ដឹង​​​ថា ​​​តាម​​​បទ​​​បញ្ជា​​​​​​របស់​​​លោក ហោ ណាំហុង រដ្ឋ​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស ឯកអគ្គ​​​រដ្ឋ​​​ទូត លោកស្រី​​​ អ៊ាត សុភា​​​​​​ បាន​​​ធ្វើ​​​ដំណើរ​​​កាល​​​ពី​​​ថ្ងៃ​​​ចន្ទពី​​​ក្រុង​​​បាងកក​​​ទៅ​​​កាន់កោះ​​​គុត​​​ក្នុង​​​បេសកកម្ម​​​សែ្វង​​​រក​​​ការណ៍​​​ពិត​​​រយៈ​​​ពេល​​​មួយ​​​ថ្ងៃ​​​។​​​​​​

លោក ជុំ សុន្ទរី បាន​​​មាន​​​ប្រសាសន៍​​​”​​​ឯកឧត្តម​​​បាន​​​ប្រាប់​​​ឯកអគ្គ​​​រដ្ឋ​​​ទូត​​​​​​ខ្មែរ​​​ប្រចាំ​​​ប្រទេស​​​ថៃ​​​ឲ្យ​​​ស៊ើប​​​អង្កេត​​​រឿង​​​នោះ ហើយ​​​ព្រឹក​​​មិញ គាត់​​​បាន​​​ធ្វើ​​​ដំណើរ​​​តាម​​​ឧទ្ធម្ភាគចក្រ​​​​​​ជា​​​មួយ​​​អាជ្ញា​​​ធម៌​​​ថៃ​​​”។ លោក​​​បាន​​​ពន្យល់​​​ថា ក្រសួង​​​ការ​​​បរទេស​​​បាន​​​ដឹង​​​អំពី​​​ករណី​​​រំលោភ​​​ពី​​​របាយការណ៍​​​ប្រព័ន្ធ​​​ផ្សព្វ​​​​​​​​​​​​ផ្សាយ​​​ថៃ​​​ប៉ុណ្ណោះ។

អ្នក​​​នាំពាក្យ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​​​​ព័ត៌មាន​​​ពិស្តារ​​​​​​ស្តី​​​ពី​​​ការ​​​ស៊ើប​​​អង្កេត​​​​​​របស់​​​លោកស្រី​​​ សុភា ទេ ប៉ុន្តែ​​​​​​លោក​​​ស្រី​​​​​​នឹង​​​បញ្ជូន​​​​​​របាយការណ៍​​​មក​​​ក្រសួង​​​នៅ​​​ព្រឹក​​​នេះ។

ដក​​​ស្រង់​​​សម្តី​​​​​​ស្នងការ​​​នគរ​​​បាល​​​ខេត្ត​​​ត្រាត លោក ណុបផារ៉ាត រិនតា​​​ផល កាសែត​​​បាងកក​​​ ប៉ុស្ត៍ បាន​​​រាយការណ៍​​​កាល​​​ពី​​​ថ្ងៃ​​​ចន្ទ​​​ថា បុរស​​​ទាំង​​​ប្រាំ​​​នាក់​​​​​​បាន​​​ធ្វើការ​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​ឈ្មោះ ចុក កាំម៉ុលវ៉ាន ដែល​​​ចត​​​​​​នៅ​​​កោះ​​​គុត​​​​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ដោយ​​​សារ​​​តែ​​​រលក​​​​​​សមុទ្ទ​​​ធំៗ​​​ពេក​​​។​​​​​​​​​

កាសែត​​​បាន​​​សរសេរ​​​ថា ក្រោយ​​​ពី​​​​​​ផឹក​​​ស្រា​​​ស្រវឹង​​​នៅ​​​លើ​​​ទូក អ្នក​​​នេសាទ​​​ជនជាតិ​​​ខ្មែរ​​​ទាំង​​​ប្រាំ​​​នាក់​​​​​​បាន​​​ពាក់​​​អាវ​​​ហែល​​​ទឹក​​​ ហើយ​​​ក៏​​​ហែល​​​​​​មក​​​រក​​​គោក ដើម្បី​​​​​​រក​​​​​​ទិញ​​​ស្រា​​​បន្ថែម​​​ទៀត​​​ បន្ទាប់​​​មក​​​ក៏​​​​​​បាន​​​ប្រទះ​​​នឹង​​​ទេសចរ​​​ជន​​​ជាតិ​​​បារាំង​​​។​​​ តាម​​​សេចក្តី​​​រាយ​​​ការណ៍​​​ បុរស​​​ជន​​​ជាតិ​​​បារាំង​​​ម្នាក់​​​​​​បាន​​​ប្រាប់​​​នគរ​​​បាល​​​ថា ក្រោយ​​​ពី​​​វាយ​​​ប្រហារ​​​ជន​​​ជាតិ​​​បារាំង​​​៤​​​នាក់​​​​​​នឹង​​​កាំបិត​​​ និង​​​​​​ដំបង​​​រួច​​​មក អ្ន​​​ក​​​នេសាទ​​​ក៏​​​បាន​​​​​​ចាប់​​​​​​រំលោភ​​​ស្ត្រី​​​​​​ម្នាក់​​​មា​​​ន​​​អាយុ​​​២៨​​​ឆ្នាំ និង​​​ម្នាក់​​​ទៀត​​​​​​អាយុ​​​៥៧​​​ឆ្នាំ ​​​រហូត​​​​​​ដល់​​​​​​​​​បុរស​​​ជន​​​ជាតិ​​​បារាំង​​​ម្នាក់​​​បានប្រាប់​​​ឲ្យ​​​ដឹង​​​អំពី​​​​​​គ្រោះ​​​ថ្នាក់​​​​​​​​​នៅ​​​​​​​​​​​​​​​ឯ​​​រមណីយដ្ឋាន​​​នោះ។​​​​​​​​​

កាសែត​​​បាង​​​កក ប៉ុស្ត៍​​​ បាន​​​បង្ហាញ​​​អត្តសញ្ញាណ​​​ជន​​​សង្ស័យ​​​បី​​​នាក់​​​មាន​​​ឈ្មោះ​​​ថា យីម អាយុ​​​២៥​​​ឆ្នាំ ផៃ អាយុ​​​២២​​​ឆ្នាំ​​​ និង​​​ចឺន អាយុ​​​២៥​​​ឆ្នាំ ដែល​​​ត្រូវ​​​នគរ​​​បាល​​​​​​ចាប់​​​ខ្លួន​​​​​​ពេល​​​កំពុង​​​លាក់​​​ខ្លួន​​​​​​ក្នុង​​​ព្រៃ​​​​​​នៅ​​​លើ​​​កោះ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៥​​​ព្រឹក​​​ ចំណែក​​​ឯ​​​ជន​​​សង្ស័យ​​​ពីរ​​​នាក់​​​ទៀត​​​​​​ឈ្មោះ ធី និង​​​ប៊ុត ម៉ាន ទាំងពីរ​​​នាក់​​​មាន​​​អាយុ​​​២០​​​ឆ្នាំ ត្រូវ​​​នគរ​​​បាល​​​ចាប់​​​ខ្លួន​​​​​​ពេល​​​ព្យាយាម​​​​​​ឆ្លង​​​ចូល​​​ប្រទេស​​​កម្ពុជា​​​វិញ​​​នៅ​​​ឯ​​​ច្រក​​​ព្រំដែន​​​​​​ចាំយាម ដែល​​​បាន​​​ចាក​​​ចេញ​​​ពី​​​ទូក​​​នេសាទ​​​​​​​​​​​​មក​​​​​​គោក​​​។ កាសែត​​​បាន​​​សរសរ​​​ថា ក្នុង​​​ពេល​​​ធ្វើត្រាប់​​​ឡើង​​​វិញ​​​កាល​​​ពី​​​ថ្ងៃ​​​ចន្ទ អ្នក​​​នេសាទ​​​បាន​​​បង្ហាញ​​​ប្រាប់​​​នគរ​​​បាល​​​​​​ថា​​​ពួក​​​គេ​​​បាន​​​បែង​​​ចែក​​​គ្នា​​​ជា​​​ពីរ​​​ក្រុម​​​ ​​​វាយ​​​ប្រហារ ហើយ​​​ក៏​​​​​​ចាប់​​​រំលោភ​​​ស្ត្រី​​​ពីរ​​​នាក់​​​ដាច់​​​ដោយ​​​ឡែក​​​ពីរ​​​គ្នា។ កាសែត​​​បាន​​​សរសេរ​​​បន្ត​​​ថា ទោះ​​​បី​​​ជា​​​​​​មាន​​​វត្ត​​​មាន​​​​​​នគរ​​​បាល និង​​​សន្តិសុខ​​​ផ្សេង​​​ទៀត​​​​​​ក៏​​​ដោយ ក៏​​​​​​មាន​​​អ្នក​​​ស្រុក​​​ម្នាក់​​​ដែល​​​ផ្ទុះ​​​កំហឹង​​​បាន​​​ដាល់​​​​​​ត្រូវ​​​ជន​​​សង្ស័យ​​​ម្នាក់។

ក្នុង​​​អត្ថបទ​​​មួយ​​​ផ្សាយ​​​កាល​​​ពី​​​យប់​​​​​​មិញ សារព័ត៌មាន អេភី បាន​​​រាយការណ៍​​​ថា នគរ​​​បាល​​​ថៃ​​​បាន​​​ចោទ​​​ពួក​​​គេ​​​ពី​​​បទ​​​រំលោភ និង​​​រួម​​​គំនិត​​​​​​ប្រព្រឹត្ត​​​ការ​​​វាយ​​​ប្រហារ​​​ ហើយ​​​ពួកគេ​​​ក៏​​​បាន​​​សារភាព​​​ថា​​​បាន​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ដែរ​​​។

អត្ថបទ​​​ក៏​​​រៀប​​​រាប់​​​អំពី​​​​​​របួស​​​​​​របស់​​​ជន​​​រងគ្រោះ ពោលគឺ​​​ស្ត្រី​​​ជា​​​ម្តាយ​​​ កូន​​​ស្រី សាច់ញាតិប្រុស និង​​​មិត្ត​​​ភក្តិដែល​​​​​​បាន​​​ចូល​​​​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​ក្នុង​​​ខេត្ត​​​ត្រាត​​​នៅ​​​យប់​​​ថ្ងៃ​​​វាយ​​​ប្រហារ​​​នោះ។ ដក​​​ស្រង់​​​សម្តី​​​មន្ត្រី​​​មន្ទីរ​​​ពេទ្យ​​​ សារព័ត៌មាន​​​សរសេរ​​​ថា មាន​​​ម្នាក់​​​របួស​​​បាក់​​​ក្តោង​​​ច្រមុះ និង​​​ម្នាក់​​​ទៀត​​​​​​បាក់​​​ដៃ​​​ម្ខាង។​​​ សារព័ត៌មាន​​​សរសេរ​​​ថា សមាជិក​​​ទី​​​៣​​​នៃ​​​​​​ទេសចរ​​​​​​កំពុង​​​ទទួល​​​រង​​​ការ​​​ហូរ​​​ឈាម​​​ខួរ​​​ក្បាល​​​​​​ដោយ​​​សារ​​​តែ​​​ការ​​​វាយ​​​ចំក្បាល។​​​​​​

កាល​​​ពី​​​ខែ​​​កញ្ញា ឆ្នាំ​​​២០១៤ មាន​​​ទេសចរ​​​ជន​​​ជាតិ​​​អង់គ្លេស​​​ពីរ​​​នាក់​​​​​​ត្រូវ​​​គេ​​​ធ្វើ​​​ឃាត​​​យ៉ាង​​​ឃោរឃៅ​​​ ពេល​​​កំពុង​​​ដើរ​​​លំហែ​​​តាម​​​ឆ្នេរ​​​ខ្សាច់​​​​​​នៅ​​​លើ​​​​​​កោះ​​​ថៃ​​​មួយ​​​ទៀត​​​​​​គឺ កោះ​​​តាវ​​​។ មាន​​​ទេសចរ​​​ម្នាក់​​​គឺ​​​ឈ្មោះ ហាន់ណា វិដឺរីត អាយុ​​​២៣​​​ឆ្នាំក៏​​​​​​ត្រូវ​​​គេ​​​រំលោភ​​​​​​ដែរ។ ក្នុង​​​ពេល​​​ដែល​​​​​​បុគ្គលិក​​​បារ​​​​​​ជន​​​ជាតិ​​​ភូមា​​​ពីរ​​​នាក់​​​​​​ត្រូវ​​​តុលាការ​​​ផ្តន្ទាទោស​​​​​​ពី​​​បទ​​​ឧក្រិដ្ឋ​​​កម្ម​​​​​​ក្នុង​​​ខែ​​​ធ្នូ ហើយ​​​ក៏​​​កាត់​​​ទោស​​​ប្រហារ​​​ជីវិត​​​នោះ​​​ ក្រុម​​​សិទ្ធិ​​​មនុស្ស​​​អន្តរជាតិ​​​​​​បាន​​​រិះ​​​គន់​​​ចំពោះ​​​សាល​​​ក្រម​​​នោះ ដោយ​​​​​​មាន​​​ការ​​​ចោទ​​​ប្រកាន់​​​ថា ចម្លើយសារ​​​ភាព​​​របស់​​​ពួកគេ​​​​​​​​​ទទួល​​​បាន​​​ដោយ​​​សារ​​​តែ​​​ធ្វើ​​​ទារុណ​​​កម្ម៕​​​រើន​​​​​​

 

 

The post ឯក​​​អគ្គ​​​រដ្ឋ​​​ទូត​​​ចុះ​​​ទៅ​​​​​​កន្លែង​​​កើត​​​ហេតុ​​​នៃ​​​ការ​​​​​​ចាប់​​​រំលោភ​​​លើ​​​កោះ​​​ថៃ​​​ appeared first on ខេមបូឌា ដេលី.