ក្រុមហ៊ុន​រថយន្ត Rolls-Royce បង្ហាញ​រថយន្ត​ស៊េរី Black Badge សម្រាប់​ម៉ូ​ដែល Ghost និង Wraith

: ​ក្រុមហ៊ុន​ផលិត​រថយន្ត Rolls-Royce របស់​អង់គ្លេស បានប្រកាស​រថយន្ត​ដែល​ច្នៃ​ថ្មី​គឺ ស៊េរី Black Badge សម្រាប់​រថយន្ត​ពីរ​ម៉ូ​ដែល គឺ Ghost និង Wraith ដោយ​បង្កើតបានជា​រថយន្ត Ghost Black Badge និង​Wraith Black Badge ។​

​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រថយន្ត Rolls-Royce លោក Torsten Müller-Ötvös បាន​ថ្លែងថា​៖ “​ថ្ងៃនេះ ខ្ញុំ​សូម​ប្រកាសថា ក្រុមហ៊ុន​រថយន្ត Rolls-Royce នឹង​បង្កើត​រថយន្ត​ជា​ហូរហែ​សម្រាប់​ក្រុមមនុស្ស​វ័យក្មេង ដែលមាន​ភាពជឿជាក់​លើ​ខ្លួនឯង និង​មាន​លក្ខណៈ​ប្លែក​ពី​មនុស្ស​ដទៃ ដែល​ចូលចិត្ត​ការរស់នៅ​បែប​ទាន់សម័យ និង​មាន​ភាពក្លាហាន​” ។​

​លោក​បាន​ថ្លែង​ទៀតថា​៖ “​ក្នុង​កិច្ចសហការ​ដែល​ពុំ​ធ្លាប់មាន​ជាមួយនឹង​អតិថិជន​ថ្មី​ទាំងអស់នេះ ក្រុមហ៊ុន​រថយន្ត Rolls-Royce មាន​ភាពជឿជាក់​ក្នុងការ​បង្កើត​ស៊េរី​រថយន្ត Black Badge ដែល​បញ្ចូល​នូវ​ភាព​ប្រណីត និង​បច្ចេកវិទ្យា​វិស្វកម្ម​ចុងក្រោយ ។ បើ​និយាយ​ពី​បច្ចេកទេស និង​សោភ័ណភាព Black Badge គឺជា​លក្ខណៈ​មួយបែប​ទៀត​នៃ​រថយន្ត Rolls-Royce Wraith និង Ghost៖ ពោល​គឺមាន​សណ្ឋាន​ស្រគាំ​ជាង​មុន មាន​ភាពជឿជាក់ មាន​កម្លាំង​ខ្លាំង និង​ទាមទារ​ច្រើន ។ តាមរយៈ​រថយន្ត​ស៊េរី Black Badge នេះ យើង​បាន​បង្កើត​វត្តមាន​ពិសេស​បំផុត​សម្រាប់​វិស័យ​រថយន្ត​មហា​ប្រណីត ។ នេះ​ជា​ពេលវេលា​ផ្លាស់ប្ដូរ​ពិតៗ​សម្រាប់​ម៉ាក​យីហោ​របស់​យើង​” ។​

​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា ខ្លួន​បានធ្វើ​ការកែប្រែ​លើ​និមិត្តរូប​សំខាន់ៗ​នៃ​រថយន្ត​របស់ខ្លួន ។​នៅលើ​ផ្ទៃ​ខាងក្រៅ ទាំង​ម៉ូ​ដែល Ghost Black Badge និង Wraith Black Badge នឹងត្រូវ​ធ្វើការ​ផ្លាស់ប្ដូ​រ​ស្រដៀង​គ្នា ។​

​ការផ្លាស់ប្ដូរ​ចាប់ផ្ដើម​ជាមួយនឹង “​ទេវរូប​ស្ត្រី​ហោះហើរ​” ដែល​មិន​ត្រឹមតែ​ផ្លាស់ប្ដូរ​ការ​រចនា សណ្ឋាន និង​វត្ថុធាតុដើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ផ្លាស់ប្ដូរ​ពណ៌​ផងដែរ ដើម្បី​តំណាង​ឲ្យ​ការស្រលាញ់​ចូលចិត្ត​ភាព​ង​ងឺ​ត  ។ ទេវរូប​ស្រី​នោះ​ប្រែក្លាយជា​នារី ពណ៌​ខ្មៅ​ភ្លឺរលោង​ចិញ្ចាច ដែល​កំពុងតែ​បង្ហាញខ្លួន​នៅពេល​រាត្រី ។ ការផ្លាស់ប្ដូរ​ក៏បាន​អនុវត្ត​លើ​និមិត្តរូប​ផ្សេងទៀត​នៃ​ម៉ូ​ដែល Ghost Black Badge និង Wraith Black Badge ផងដែរ ។ អក្សរ R ឌុប នៅ​ពីមុខ ពី​ចំហៀង និង​នៅ​ផ្នែក​ខាងក្រោយ របស់​ស៊េរី Black Badge បាន​ប្រែ​ទៅជា​ពណ៌​ទឹកប្រាក់ នៅលើ​ផ្ទៃ​ខ្មៅ​វិញ ។ ចំណែកឯ​ផ្នែក​ដែលមាន​ពណ៌​ក្រូម ដូចជា​ប៉ា​ណា​ខាងមុខ គូទ​រថយន្ត ប្រហោង​កាង​ខាងក្រោម និង​ស៊ី​ម៉ាង បាន​ប្រែជា​ពណ៌​ក្រ​ម៉ៅ ។ 

​រថយន្ត​ស៊េរី Black Badge នឹង​តម្រូវ​ឲ្យ​ការផលិត​រថយន្ត​ពណ៌​ខ្មៅ កាន់តែ​ក្រាស់​ដិត​មួយកម្រិត​ទៀត ។ ថ្នាំ និង​វ៉ែ​នី ជាច្រើន​ស្រទាប់ សម្រាប់​ការបង្កើត​រថយន្ត​ស៊េរី Black Badge ពណ៌​ខ្មៅ នឹងត្រូវ​ដុសខាត់​ដោយ​ដៃ​ជាច្រើនលើក​ច្រើនសា ហើយ​នេះ​ជា​ដំណើរការ​ដុសខាត់​ពណ៌​ដែល​ប្រើប្រាស់​ពេលវេលា និង​ផ្ចិតផ្ចង់​បំផុត ។ លទ្ធផល​ដែល​ទទួលបាន​គឺ ពណ៌​ខ្មៅ ដែល​ដិត និង​ហាប់ ខ្លាំងជាងគេ​បំផុត បើ​ធៀប​នឹង​ពណ៌​ខ្មៅ​ធម្មតា​សម្រាប់​ផ្ទៃ​រថយន្ត​ទូទៅ ។

​ទោះជា​យ៉ាងណា ដោយសារតែ​រថយន្ត​ច្នៃ​កុម្ម៉ង់​បែប Bespoke គឺជា​រថយន្ត Rolls-Royce ដូច្នេះហើយ អតិថិជន​អាច​កុម្ម៉ង់​ជ្រើស​រើសយក​ពណ៌​ដែល​ពួកគាត់​ចង់បាន សម្រាប់​ផ្ទៃ​ខាងក្រៅ និង​ពណ៌​ស្បែក​ខាងក្នុង សម្រាប់​រថយន្ត​ម៉ូ​ដែល Ghost Black Badge និង Wraith Black Badge របស់គាត់ ។

​ផ្នែក​ខាងក្នុង​ស៊េរី Black Badge គឺមាន​បំពាក់​នូវ​បរិក្ខា​ប្រណីត​បែប​អវកាស និង​សញ្ញា​បង្ហាញ​ពី​សមត្ថភាព​ឥត​ដែន​កំណត់ ។​

​ចំណុច​សំខាន់​នៃ​កាប៊ីន​ផ្នែក​ខាងមុខ​នៃ​រថយន្ត​ស៊េរី Black Badge គឺ​ផ្ទៃ​ដែល​ធ្វើ​ពីស​សៃ​កាបូន ផ្សំ​នឹង​អាលុយមីញ៉ូម ដែលមាន​គុណភាព​លំដាប់​អវកាស ហើយ​សមាសធាតុ​នេះ​មានតែ​នៅលើ​ផ្ទៃ​យន្តហោះ​បំបាំងកាយ​ប៉ុណ្ណោះ ។​

​នាឡិកា Black Badge បង្កើត​ថ្មី ដែលមាន​ទ្រនិច​ព៌​ណ​ទឹកក្រូច ហើយ​មុខ​នាឡិកា គឺ​លម្អ​ទៅដោយ​ឡូហ្គោ “​អាន​ន្ត​” ដែល​ធ្លាប់មាន​រួចមកហើយ​នៅលើ​រថយន្ត Phantom Drophead Waterspeed ដែល​បាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០១៤ ។​

​ការសម្រិតសម្រាំង​ចុងក្រោយ​? គឺ​ពន្លឺ​ចេញពី​ភ្លើង​ផ្កាយ​នៅលើ​ផ្ទៃ​ដំបូល​រថយន្ត​ពណ៌​ខ្មៅ​ដែល​ចាំង​ផ្លាត​មកលើ​ផ្ទៃ​ខាងក្នុង​ផ្នែក​ខាងមុខ ដោយសារ​ផ្ទៃ​តា​ប្លូ​រថយន្ត ហើយ​ពន្លឺ​នេះហើយ​ដែល​បង្កើតបានជា​បរិយាកាស​បែប​ងងឹត ។​

​ដោយ​គិតគូ​ជា​ចម្បង​លើ​សុវត្ថិភាព​របស់​ម្ចាស់​រថយន្ត និង​អ្នកប្រើប្រាស់​ដងផ្លូវ​ផ្សេងទៀត ក្រុមហ៊ុន​រថយន្ត Rolls-Royce ក៏បាន​កែលម្អ​ប្រព័ន្ធ​ហ្វ្រាំង​សម្រាប់​រថយន្ត Black Badge ទាំងពីរ​ម៉ូ​ដែល​នេះ​ផងដែរ ដោយ​ក្នុងនោះ​ពង្រីក​អង្កត់ផ្ចិត​នៃ​ថាស​ហ្វ្រាំង​មុខ ១ អ៊ិ​ញ​បន្ថែមទៀត ដើម្បី​ឲ្យ​ការចាប់​ហ្វ្រាំង​បាន​លឿន និង​ប្រសើរ​ជាង​មុន​។ ការកែលម្អ​ប្រព័ន្ធ​សុវត្ថិភាព​ចុងក្រោយ​សម្រាប់​រថយន្ត Black Badge គឺ បំពាក់​ទៅដោយ​អំពូល​ភ្លើង LED ស្វ័យប្រវត្តិ ដោយ​ធានាថា ភ្លឺ​ច្បាស់ នៅពេល​កំពុង​បើកបរ​នាពេល​យប់​ងងឹត ៕

ក្រុមហ៊ុន​រថយន្ត Rolls-Royce បង្ហាញ​រថយន្ត​ស៊េរី Black Badge សម្រាប់​ម៉ូ​ដែល Ghost និង Wraith

ក្រុមហ៊ុន​រថយន្ត Rolls-Royce បង្ហាញ​រថយន្ត​ស៊េរី Black Badge សម្រាប់​ម៉ូ​ដែល Ghost និង Wraith

ក្រុមហ៊ុន​រថយន្ត Rolls-Royce បង្ហាញ​រថយន្ត​ស៊េរី Black Badge សម្រាប់​ម៉ូ​ដែល Ghost និង Wraith

ក្រុមហ៊ុន​រថយន្ត Rolls-Royce បង្ហាញ​រថយន្ត​ស៊េរី Black Badge សម្រាប់​ម៉ូ​ដែល Ghost និង Wraith