កុមារ​ជនជាតិភាគតិច​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​រៀន​ភាសា​កំណើត​ខ្លួន​

​ក្រចេះ​៖ ផែនការ​សកម្ម​ភាពជា​តិ​ស្តីពី​ការអប់រំ​ពហុ​ភាសា​ត្រូវ​បានប្រកាស​ផ្សព្វផ្សាយ​ដាក់​ឲ្យ​អនុវត្ត​នៅ​ថ្ងៃទី​១ ខែ​មិនា ក្នុង​សាល​មហោស្រព​ខេត្តក្រចេះ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា រួម​ជាមួយនឹង​អ្នកពាក់ព័ន្ធ​និង​ដៃគូ​នានា ដូចជា​តំណាង​រដ្ឋាភិបាល​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ សមាជិក​សហគមន៍ យូ​នី​សេ​ហ្វ អង្គការ​ឃែ​រ និង​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​យូ​នី​សេ​ហ្វ ផែនការ​សកម្ម​ភាពជា​តិ​នេះ​ផ្តល់នូវ​ផែនទី​បង្ហាញផ្លូវ​មួយ ដើម្បី​ពង្រីក​ការអប់រំ​ពហុ​ភាសា​ដល់​កុមារ​មកពី​សហគមន៍​ជនជាតិដើម​ភាគតិច​ក្នុងប្រទេស​កម្ពុជា​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត តាមរយៈ​ការផ្តល់​ឱកាស​ឲ្យ​ពួកគេ​អាច​រៀនសូត្រ​ដោយ​ប្រើ​ភាសា​កំណើត​របស់ខ្លួន ដើម្បី​ពង្រឹងគុណភាព​នៃ​ការរៀនសូត្ររ​របស់​ពួកគេ​។

​ផែនការ​នេះ រួមបញ្ចូល​នូវ​ការរៀបចំ​ផែនការ​សម្រាប់​បង្កើន​ចំនួន​សាលារៀន​បន្ថែម ការបណ្តុះបណ្តាល​គ្រូ​និង​ការរៀបចំ​ឯកសារ​បង្រៀន សម្រាប់​កម្មវិធី​អប់រំ​ពហុ​ភាសា នៅ​ខេត្ត​ប៉ែក​ឦសាន​នៃ​ប្រទេស​កម្ពុជា​ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និង​ព្រះវិហារ​។​
​លោក ហង់ ជួន ណា​រ៉ុ​ន បាន​មានប្រសាសន៍ថា​៖ «​កម្មវិធី​អប់រំ​ពហុ​ភាសា​មាន​សារៈសំខាន់ ក្នុងការ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព សម្រាប់​ការអប់រំ​ប្រកបដោយ​បរិ​យា​ប័ន្ន​ភាព សមធម៌ និង​គុណភាព នៅ​កម្ពុជា​»​។​

កុមារ​ជនជាតិភាគតិច​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​រៀន​ភាសា​កំណើត​ខ្លួន​

​លោក​បាន​បន្តទៀតថា កម្មវិធី​នេះ​ក៏​ជា​ស្ពាន​សម្រាប់​ភ្ជាប់​កុមារ​កម្ពុជា​ដែល​មិន​និយាយ​ភាសា​ខ្មែរ​នៅផ្ទះ និង​ផ្តល់​លទ្ធភាព​ឲ្យ​កុមារ​ជនជាតិដើម​ភាគតិច​ឲ្យ​បាន​រៀនសូត្រ​តាម​សាលារៀន​ប្រកបដោយ​ប្រសិទ្ធភាព និង​យល់​ពីអ្វី​ដែល​គ្រូ​របស់គេ​និយាយ ក្នុង​ថ្នាក់រៀន​។​

​លោក​រដ្ឋមន្ត្រី បាន​អះអាងថា បានស្នើ​សុំ​ទៅ​ក្រសួង​មុខងារសាធារណៈ និង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បញ្ចូល​ទី​គ្រូបង្រៀន​ជនជាតិភាគតិច​ទៅក្នុង​ក្របខណ្ឌ រួមទាំង​ការស្នើសុំ​គោលការណ៍​ដើម្បី​ដំឡើង​ប្រាក់បៀវត្សរ៍​។​

​ផែនការ​សកម្ម​ភាពជា​តិ​នេះ​អនុវត្ត​រហូតដល់​ចុងឆ្នាំ​២០១៨ និង​មាន​គោលបំណង​បង្កើន​ចំនួន​សាលា​ម​ត្តេ​យ្យ​អប់រំ ពហុ​ភាសា​ឲ្យ​បាន ៨៨​ភាគរយ (​ឬ ៦៤ សា​លាម​ត្តេ​យ្យ​) និង​សាលាបឋមសិក្សា​ពហុ​ភាសា​ឲ្យ​បាន ១០០ ភាគរយ (​ឬ ១០៨ សាលាបឋមសិក្សា​)​។​

​លោកស្រី ដេ​បូរ៉ា កូ​មី​នី ប្រធាន​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា​មានប្រសាសន៍ថា​៖ « ជំហាន​សំខាន់​បន្ទាប់​គឺ​ត្រូវ​ធានា​យ៉ាងណា​ថា​រាជរដ្ឋាភិបាល​ធ្វើការ​វិភាជន៍​ថវិកា​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ពង្រីក​កម្មវិធី​អប់រំ​ពហុ​ភាសា​នេះ​ប្រកបដោយ​ចីរភាព​។ ស្របពេល​ដែល​ការ​គ្របដណ្តប់​នៃ​កម្មវិធី​នេះ​មិនទាន់​សមស្រប​ទៅតាម​ទំហំ​នៃ​តម្រូវការ​នៃ​ការអប់រំ​ពហុ​ភាសា​ដោយសារ​ធនធាន​មានកំណត់ ការដាក់ចេញ​នូវ​ផែនការ​ជាតិ​នេះ គឺជា​ការបោះ​ជំហាន​ទៅមុខ​ដ៏​សំខាន់​មួយ ដើម្បី​ឈានទៅ​ពង្រីក​ការអប់រំ​ប្រភេទ​នេះ​បន្ថែមទៀត​»​។​

កុមារ​ជនជាតិភាគតិច​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​រៀន​ភាសា​កំណើត​ខ្លួន​

​ជាមួយនឹង​ការគាំទ្រ​ពី​យូ​នី​សេ​ហ្វ និង​អង្គការ​ឃែ​រ បច្ចុប្បន្ននេះ​កម្មវិធី​អប់រំ​ពហុ​ភាសា​ត្រូវបាន​អនុវត្ត​ក្នុង​ខេត្ត​ចំនួន​៥ សម្រាប់​សិស្ស​ម​ត្តេ​យ្យ​សិក្សា និង​ក្នុង​ខេត្ត​ចំនួន​៤ សម្រាប់​សិស្ស​នៅ​បឋមសិក្សា​។ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ មាន​កុមារ​ជាង ៥៥០០​នាក់ កំពុង​រៀនសូត្រ​នៅតាម​សា​លាម​ត្តេ​យ្យ និង​សាលាបឋមសិក្សា ដែល​អនុវត្ត​កម្មវិធី​អប់រំ​ពហុ​ភាសា ដោយ​ប្រើប្រាស់​ភាសា​ជនជាតិដើម​ភាគតិច​ចំនួន​៥​គឺ ព្រៅ ទំពួន គ្រឹ​ង កា​វ៉ែត និង​ព្នង​។ កន្លងមក មាន​គ្រូបង្រៀន​ចំនួន ១៥០​នាក់ បានទទួល​ការបណ្តុះបណ្តាល​ពេញលេញ​អំពី​ការអប់រំ​ពហុ​ភាសា​។​

​លោកស្រី ចូ​អាន ហ៊ែ្វ​លី ប្រធាន​អង្គការ​ឃែ​រ​ប្រចាំ​ប្រទេស​កម្ពុជា បាន​គូសបញ្ជាក់ថា កម្ពុជា​ជា​ប្រទេស​ទីមួយ​ក្នុង​តំបន់ ដែល​បានប្រកាស​ផ្សព្វផ្សាយ​ដាក់​ឲ្យ​អនុវត្ត​ផែនការ​សកម្មភាព​ស្តីពី​ការអប់រំ​ពហុ​ភាសា​បែបនេះ​។ លោកស្រី​បាន​មានប្រសាសន៍ថា​៖ «​ការប្រកាស​ដាក់​ឲ្យ​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ នេះ គឺជា​ឧទាហរណ៍​ដ៏​វិសេសវិសាល​មួយ បង្ហាញ​ពី​អត្ថប្រយោជន៍​នៃ​ភាពជា​ដៃគូ​រយៈពេល​វែង​»៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​