Rolls-Royce បង្អួតរថយន្ត ស៊េរីថ្មីម៉ូដែល Black Badge

ឡុងដ៏៖ ក្រុមហ៊ុនរថយន្ត Rolls-Royce នៃចក្រភពអង់គ្លេស បានបង្ហាញរថយន្តស៊េរីថ្មី របស់ខ្លួន ដែលបានកែច្នៃចេញ ពីម៉ូដែល Ghost  និង ម៉ូដែល Wraith ឲ្យក្លាយជា Ghost Black Badge និង Wraith Black Badge ដោយសង្ឃឹមថា នឹងទាក់ទាញសម្រាប់ អតិថិជនវ័យក្មេងសម័យថ្មី ។

អគ្គនាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Rolls-Royce លោក Torsten Müller-Ötvös បានថ្លែងថា“ថ្ងៃនេះ ខ្ញុំសូមប្រកាសថា ក្រុមហ៊ុនរថយន្ត Rolls-Royce នឹងបង្កើតរថយន្តជាហូរហែសម្រាប់ក្រុមមនុស្សវ័យក្មេង ដែលមានភាពជឿជាក់លើខ្លួនឯង និងមានលក្ខណៈប្លែកពីមនុស្សដទៃ ដែលចូលចិត្តការ រស់នៅបែបទាន់សម័យ និងមានភាពក្លាហាន” ។រថយន្តស៊េរី Black Badge នឹងខុសប្លែកពីរថយន្ត Rolls-Royce មុនៗតាមរយៈការកែច្នៃលើនិមិត្តរូបសំខាន់ៗមួយចំនួន ។ ក្នុងនោះ ទេវរូបស្រី Spirit of Ecstasy បានប្រែក្លាយជានារី ពណ៌ខ្មៅភ្លឺរលោងចិញ្ចាច ដែលកំពុងតែបង្ហាញខ្លួននៅពេលរាត្រី ។ ចំណែកឯអក្សរ R ឌុប នៅពីមុខ ពីចំហៀង និងនៅផ្នែកខាងក្រោយ របស់ស៊េរី Black Badge បានប្រែទៅជាពណ៌ទឹកប្រាក់ នៅលើផ្ទៃខ្មៅវិញ ។ ចំណែកឯផ្នែកដែលមានពណ៌ក្រូម ដូចជាប៉ាណាខាងមុខ គូទរថយន្ត ប្រហោងកាងខាងក្រោម និងស៊ីម៉ាង បានប្រែជាពណ៌ក្រម៉ៅ ។  

ទន្ទឹមនឹងនោះ នាឡិកា Bespoke ដែលមានរូបឡូហ្គោ “អានន្ត” ក៏ត្រូវបានបំពាក់នៅលើរថយន្តស៊េរី Black Badge នេះដែរ ដែលនេះឡិកា នេះ ធ្លាប់មានរួចមកហើយ នៅលើរថយន្ត Phantom Drophead Waterspeed ដែលបានបង្កើតឡើងកាលពីឆ្នាំ ២០១៤ ។សម្រាប់រថយន្ត Ghost Black Badge វាជាការសំខាន់ដែល ត្រូវធានា ពីផាសុកភាពសម្រាប់ផ្នែកខាងក្រោយ ដោយអនុលោមទៅតាមពាក្យស្លោកដ៏ល្បីរបស់រថយន្ត Rolls-Royce គឺ “ជិះលើកម្រាលព្រំទិព្វ” ។ វិស្វកររថយន្ត Rolls-Royce បានប្រើប្រាស់នូវម៉ាស៊ីន V12 ចំណុះ6.6 លីត្រ ដើម្បីធ្វើឲ្យរថយន្ត Ghost Black Badge កាន់តែមានកម្លាំងខ្លាំងបន្តិច ។

ដោយគិតគូជាចម្បង លើសុវត្ថិភាពរបស់ម្ចាស់រថយន្ត និងអ្នកប្រើប្រាស់ដងផ្លូវផ្សេងទៀត ក្រុមហ៊ុនរថយន្ត Rolls-Royce ក៏បានកែលម្អប្រព័ន្ធហ្វ្រាំង សម្រាប់រថយន្ត Black Badge ទាំងពីរម៉ូដែលនេះផងដែរ ដោយក្នុងនោះពង្រីកអង្កត់ផ្ចិតនៃថាសហ្វ្រាំងមុខ ១ អ៊ិញបន្ថែមទៀត ដើម្បីឲ្យការចាប់ហ្វ្រាំងបានលឿន និងប្រសើរជាងមុន។ ការកែលម្អប្រព័ន្ធសុវត្ថិភាព ចុងក្រោយសម្រាប់រថយន្ត Black Badge គឺ បំពាក់ទៅដោយអំពូលភ្លើង LED ស្វ័យប្រវត្តិ ដោយធានាថា ភ្លឺច្បាស់ នៅពេលកំពុងបើកបរ នាពេលយប់ងងឹត៕

Rolls-Royce បង្អួតរថយន្ត ស៊េរីថ្មីម៉ូដែល Black Badge