តំណាង​អាជីវករ​និង​ពលរដ្ឋ​មាន​វិវាទ​ដី​នៅ​ខេត្ត​ព្រះសីហនុ​ដាក់​ញត្តិ​ជូន​លោក ហ៊ុន សែន

តំណាង​អាជីវករ និង​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​តាម​សហគមន៍​មួយ​ចំនួន នា​ខេត្ត​ព្រះសីហនុ បាន​ប្រមូល​ផ្តុំ​គ្នា​លើក​បដា​តវ៉ា និង​ដាក់​ញត្តិ​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​លើ​កង្វល់​ដែល​អាជ្ញាធរ​ខេត្ត​នេះ ដាក់​ឱសានវាទ​ឲ្យ​រុះរើ​តូប​លក់ដូរ និង​ស្នើ​កាត់​ឆ្វៀល​ដី​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់។ មន្ត្រី​សង្គម​ស៊ីវិល​ទាមទារ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​នៅ​តាម​សហគមន៍​នីមួយៗ ឲ្យ​បាន​ឆាប់ ព្រោះ​ទំនាស់​ខ្លះ​បាន​អូស​បន្លាយ​ជាង ២០​ឆ្នាំ​ទៅ​ហើយ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ទៀត។

តំណាង​អាជីវករ និង​ប្រជាពលរដ្ឋ​មាន​វិវាទ​ដីធ្លី​មក​ពី ៦​សហគមន៍ មាន​គ្នា​ប្រមាណ ៥០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​លើក​បដា​បង្ហាញ​ពី​កង្វល់ និង​មាន​រូបថត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា អ្នកស្រី ប៊ុន រ៉ានី ផង នៅ​ពីមុខ​គេហដ្ឋាន​លំហែ​កាយ​របស់​លោក នា​ឆ្នេរ​អូរឈើទាល កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​កុម្ភៈ នា​ខេត្ត​ព្រះសីហនុ។

ការ​ប្រមូល​ផ្ដុំ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​លោក​នាយករដ្ឋមន្ត្រី អញ្ជើញ​បើក​សម្ពោធ​អគារ​មន្ទីរពេទ្យ​បង្អែក​ថ្មី ខេត្ត​ព្រះសីហនុ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន មាន​ទីតាំង​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​គេហដ្ឋាន​លោក នា​ឆ្នេរ​អូរឈើទាល នៅ​ព្រឹក​ដដែល។

តំណាង​អាជីវករ​សហគមន៍​ឆ្នេរ​អូរឈើទាល ឬ​ឆ្នេរ​អតីត​ក្រុមហ៊ុន​អារីស្តុន លោកស្រី ភឿក សុខេន ផ្ដល់​សម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី ដោយ​បាន​លើកដៃ​សំពះ​សុំ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា អ្នកស្រី ប៊ុន រ៉ានី ឲ្យ​ជួយ​អន្តរាគមន៍​ឲ្យ​ពួកគាត់​អាច​បន្ត​សង់​តូប​លក់ដូរ​នៅ​តាម​ឆ្នេរសមុទ្រ និង​កែ​លម្អ​តូប​លក់ដូរ​ឲ្យ​មាន​ស្តង់ដារ ឬ​មាន​សោភ័ណភាព។

​លោកស្រី ភឿក សុខេន៖ «ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​សម្ដេច នាង​ខ្ញុំ​មិន​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល​ទេ ប៉ុន្តែ​ស្នើ​សុំ​សម្ដេច​ឲ្យ​មាន​គោលការណ៍ ទុក​ឆ្នេរ​ខ្លះ​ជូន​ពលរដ្ឋ​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត និង​បង់ពន្ធ​ចូល​រដ្ឋ ដើម្បី​បាន​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាមួយ​រដ្ឋាភិបាល»

ចំណែក​តំណាង​ពលរដ្ឋ​នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី​ចំនួន ៥​ផ្សេង​ទៀត បាន​រៀបរាប់​ថា អាជ្ញាធរ​អាច​កាត់​ឆ្វៀល​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់​ប្រើប្រាស់​ស្រប​ច្បាប់​ដូច​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ដែរ ដើម្បី​ឲ្យ​ពួកគាត់​ប្រកប​អាជីវកម្ម​បាន​ដូច​ដើម។

​តំណាង​សហគមន៍​ស្ពានឆេះ លោកស្រី បឿន កង មាន​ទីតាំង​នៅ​ភូមិ​៦ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ក៏​សំណូមពរ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​រក​យុត្តិធម៌​លើ​ទំនាស់​ធ្លី​រ៉ាំរ៉ៃ​តាំង​ពី​ឆ្នាំ​២០០៧ មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ដំណោះស្រាយ។ តំណាង​រូប​នេះ​ឲ្យ​ដឹង​ថា ទំនាស់​ជាមួយ​ឈ្មួញ​មាន​អំណាច​នៅ​សហគមន៍​នេះ បាន​ឈាន​ដល់​តុលាការ និង​អាជ្ញាធរ ប្រើ​ហិង្សា​វាយ​បង្ក្រាប និង​ចាប់​ពលរដ្ឋ​ជាង ១០​នាក់​ដាក់​គុក​កន្លង​មក ហើយ​រហូត​មក​ដល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​ជាង ៤០​គ្រួសារ គ្មាន​ដី​សង់ផ្ទះ និង​បាន​មក​រស់នៅ​ក្រោម​ដំបូល​ខ្ទម​សង់​លើ​ថ្នល់​កៅស៊ូ​ជាប់​របង​ដី​ទំនាស់។

លោកស្រី បឿន កង៖ «សូម​សម្ដេច​ជួយ​រក​យុត្តិធម៌ និង​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ​ពួក​ខ្ញុំ​នៅ​សហគមន៍​ស្ពានឆេះ ដែង​រង​ការ​រំលោភ​បំពាន​ពី​ឈ្មួញ និង​មន្ត្រី​មាន​អំណាច។ ដី​ទីតាំង​នេះ ពលរដ្ឋ​ពួក​ខ្ញុំ​បាន​មក​រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៨៤ មក​ម្ល៉េះ ហើយ​ទើប​នៅ​ឆ្នាំ​២០០៧ ក៏​កើត​មាន​ទំនាស់ ហើយ​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​បាន​ប្រើ​ប្រព័ន្ធ​តុលាការ និង​កងកម្លាំង​ប្រដាប់​អាវុធ​បាញ់ និង​ចាប់​ពលរដ្ឋ​ក្នុង​សហគមន៍​នេះ​ចំនួន ១៣​នាក់​ដាក់គុក​ថែម​ទៀត។ សូម​សម្ដេច​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ពួក​ខ្ញុំ ឲ្យ​មាន​ដី​សង់​ផ្ទះ និង​ប្រកប​របរ​កសិកម្ម​ដូច​ដើម​វិញ»

តំណាង​ពលរដ្ឋ​នៅ​សហគមន៍​អណ្ដូងថ្ម លោកស្រី ហែន សម្បត្តិ ជា​ស្ត្រី​មេម៉ាយ និង​មាន​របរ​ដើរ​លក់​ថ្នាំ​បុរាណ​សម្រាប់​ចិញ្ចឹម​ជីវិត រស់​នៅ​ភូមិ​ត្រពាំងស្អុយ ឃុំ​អណ្ដូងថ្ម ស្រុក​ព្រៃនប់ មាន​ប្រសាសន៍​ថា ពលរដ្ឋ​ក្នុង​សហគមន៍​នេះ​មាន​ចំនួន​ជាង ៤០​គ្រួសារ ចង់​បាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ពួកគាត់​ដោយ​អនុគ្រោះ ព្រោះ​អាជ្ញាធរ​ចាប់​ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ខេត្ត​មិន​រវល់​អើពើ។

លោកស្រី ហែ​ន សម្បត្តិ ៖ «សូម​សំណូមពរ​ដល់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ និង​កាត់​ឆ្វៀល​ដី​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ដល់​ពួក​នាង​ខ្ញុំ​នៅ​សហគមន៍​អណ្ដូងថ្ម​ផង ព្រោះ​អាជ្ញាធរ​ខេត្ត​នេះ​មិន​រវល់​អើពើ​ទេ ហើយ​ដី​តំបន់​នេះ បាន​រង​ការ​រំលោភ​បំពាន​ពី​សំណាក់​អាជ្ញាធរ និង​ឈ្មួញ​ជា​បន្តបន្ទាប់»

​ចំណែក​ប្រធាន​សហគមន៍​ព្រែក​ត្របែក ថ្មធំ និង​អណ្ដូងទឹក មាន​ទីតាំង​នៅ​ភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់ លោក សេន ចន្ថា បាន​ឲ្យ​ដឹង​ដែរ​ថា សហគមន៍​នេះ​មាន​ពលរដ្ឋ​ជាង ១០០​គ្រួសារ កំពុង​រង​ការ​គំរាម​រាល់​ថ្ងៃ​ពី​សំណាក់​ក្រុមហ៊ុន​ចិន ឈ្មោះ យិះ ជៀ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​រយៈពេល ៩៩​ឆ្នាំ។

លោក សេន ចន្ថា៖ «ដូចជា​ធ្វើស្រែ​ចម្ការ ឬ​ដាំ​ដំណាំ​ផ្សេងៗ និង​សង់​ផ្ទះ​ជាដើម​របស់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​នេះ គឺ​ត្រូវ​ក្រុមហ៊ុន យិះ ជៀ នេះ​បិទ​សិទ្ធិ​ដល់​ពួក​ខ្ញុំ​សប់​បែប​យ៉ាង​ទាំង​អស់។ ដូច្នេះ​ថ្ងៃ​នេះ​ខ្ញុំ​ឡើង​មក​ជួប​សម្ដេច ជួយ​កាត់​ឆ្វៀល​ដី​នៅ​មូលដ្ឋាន​នេះ ឲ្យ​ដាច់​ស្រឡះ​ពី​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន និង​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​អាច​ប្រើប្រាស់​ស្របច្បាប់»

​ស្រដៀង​គ្នា​ដែរ លោកស្រី អឿន ង៉ែត តំណាង​សហគមន៍​អន្លង់​បាតខ្ទះ ស្ថិត​ក្នុង​ភូមិ​អូរ​ត្រជាក់ចិត្ត ឃុំ​សំរ៉ុង ស្រុក​ព្រៃនប់ ជា​តំណាង​ឲ្យ​ពលរដ្ឋ​ជាង ៤០​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឋានសួគ៌។ ស្ត្រី​រូប​នេះ​បាន​លើកដៃ​សំពះ​សំណូមពរ​ប្រមុខ​ដឹកនាំ​ឲ្យ​ជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់​ដែល​កន្លង​មក​ត្រូវ​ក្រុមហ៊ុន​ឋានសួគ៌​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ដុត​កម្ទេច និង​ចាប់​ពលរដ្ឋ​ខ្លះ​ដាក់គុក​ដើម្បី​បង្ខំ​ឲ្យ​ចាក់​ចេញ​ពី​ទីតាំង​ធ្លាប់​រស់​នៅ។ លោកស្រី អឿន ង៉ែត ក៏​សំណូមពរ​ដល់​ប្រមុខ​ដឹកនាំ​ជួយ​អន្តរាគមន៍​ឲ្យ​ពលរដ្ឋ​ពួកគាត់​បាន​ចូល​ទៅ​សង់ផ្ទះ និង​ប្រកប​របរ​កសិកម្ម​ចិញ្ចឹម​ជីវិត​នៅ​លើ​ទីតាំង​ធ្លាប់​រស់​នៅ​ដូច​ដើម​វិញ ព្រោះ​រាល់​ថ្ងៃ​នេះ​ពួកគាត់​មិន​មាន​ដី​សង់​ផ្ទះ ឬ​ប្រកប​របរ​កសិកម្ម​ទេ ហើយ​បាន​ដើរ​ផ្ញើ​ខ្លួន​ដូច​សត្វ​ខ្ទួយ។

​លោកស្រី អឿន ង៉ែត៖ «សូម​សម្ដេច​ជួយ​កាត់​ឆ្វៀល​ដី​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ឋានសួគ៌ ឲ្យ​ពលរដ្ឋ​ពួក​ខ្ញុំ​ដោយ​អនុគ្រោះ​ផង ពីព្រោះ​ពួក​នាង​ខ្ញុំ​មាន​ជីវភាព​ក្រីក្រ និង​មាន​ប័ណ្ណ​ក្រីក្រ​ថែម​ទៀត ហេតុ​អ្វី​អាជ្ញាធរ​មិន​ជួយ​ដោះស្រាយ​ជូន​ពួកគាត់ ហើយ​ថែម​ទាំង​អាជ្ញាធរ​បាន​មក​ដុត​ផ្ទះ និង​រុះរើ​ផ្ទះ​ពួក​ខ្ញុំ​ចោល​គ្មាន​សល់។ ជាង​នេះ​ទៀត បាន​ចាប់​កូន​ប្រុស​ខ្ញុំ​ដាក់​គុក និង​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ដី​ធ្លាប់​សង់​ផ្ទះ និង​ប្រកប​របរ​កសិកម្ម​ថែម​ទៀត ហើយ​ពេល​នេះ​ពលរដ្ឋ​ពួក​ខ្ញុំ​គ្មាន​ដី​សង់​ផ្ទះ និង​ដី​ប្រកប​របរ​កសិកម្ម​ចិញ្ចឹម​ជីវិត​នោះ​ទេ»

ងាក​មក លោកស្រី ហង្ស ចិន្តា តំណាង​ពលរដ្ឋ ២៤​គ្រួសារ នៅ​សហគមន៍​កំពេញចាស់ ក្នុង​នៅ​សង្កាត់៣ ក្រុង​ព្រះសីហនុ ដែល​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាង ២០​ឆ្នាំ ទាមទារ​ឲ្យ​លោក ហ៊ុន សែន ជួយ​រក​យុត្តិធម៌​នៅ​ក្នុង​ដំណើរ​ចុះ​មក​សម្ពោធ​អាគារ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ នេះ​ដែរ។

តំណាង​រូប​នេះ​ក៏​ស្នើ​ដល់​ប្រមុខ​ដឹកនាំ​បញ្ជូន​មន្ត្រី​ស្អាតស្អំ​ចុះ​ស៊ើប​អង្កេត​លើ​ទំនាស់​ដីធ្លី​ជាមួយ​ឈ្មួញ​មាន​អំណាច ដោយ​មាន​ការ​ឃុបឃិត​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន​កន្លង​មក ដើម្បី​ផ្ដល់​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ពលរដ្ឋ​រងគ្រោះ​ទាំង ២៤​គ្រួសារ ហើយ​ដែល​កំពុង​សង់​ខ្ទម​ជ្រក​នៅ​ជាប់​របង​ដី​ជម្លោះ៖ «ចង់​ជួប​សម្ដេច ដើម្បី​ផ្ដល់​ព័ត៌មាន​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ពួក​ខ្ញុំ​ទាំង ២៤​គ្រួសារ នៅ​សហគមន៍​កំពេញចាស់ ដែល​រង​ទុក្ខ​ពី​កា​រំលោភ​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន​ជាង ២០​ឆ្នាំ​មក​ហើយ មិន​ទាន់​មាន​ដំណោះស្រាយ​ទេ។ រាល់​ការ​ដោះស្រាយ​របស់​អភិបាល​ខេត្ត​ព្រះសីហនុ បាន​ប្ដូរ​អ្នកដឹកនាំ​ច្រើន​អាណត្តិ​មក​ហើយ ប៉ុន្តែ​មិន​បាន​ជួយ​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​រងគ្រោះ​ពិតប្រាកដ​ឲ្យ​ពួក​ខ្ញុំ​ទេ។ ប៉ុន្តែ​ពេលនេះ​ពួក​នាង​ខ្ញុំ​មាន​ក្ដី​សង្ឃឹម​ទៅ​លើ​ការ​ដោះស្រាយ​របស់​សម្ដេច​អាច​ជួយ​ដល់​ពលរដ្ឋ​ពួក​ខ្ញុំ​នៅ​សហគមន៍​កំពេញចាស់ ឲ្យ​មាន​យុត្តិធម៌​ឡើង​វិញ»

ទោះ​យ៉ាង​ណា​ក៏ដោយ​ចុះ ភ្លាមៗ​នេះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​បែប​ណា​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​លើ​សំណូមពរ​ពលរដ្ឋ​របស់​ក្រុម​អាជីវករ និង​តំណាង​ពលរដ្ឋ​នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី​ទាំង​នោះ​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ។ ប៉ុន្តែ​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​មាន​ភារកិច្ច​មើល​ការ​ខុស​ត្រូវ ឬ​យាម​គេហដ្ឋាន​ជូន​ប្រមុខ​ដឹកនាំ និង​កង​អង្គរក្ស​របស់​លោក បាន​ចេញ​មក​ទទួល​យក​ញត្តិ​ពី​តំណាង​អាជីវករ និង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ដោយ​សន្យា​ថា នឹង​ដាក់​ជូន​ដល់​ដៃ​លោក​នាយករដ្ឋមន្ត្រី​ពិនិត្យ។

​ក្នុង​ញត្តិ​ដាក់​ជូន​ប្រមុខ​ដឹកនាំ​របស់​ក្រុម​អាជីវករ​លក់ដូរ​នៅ​ឆ្នេរ​អូរត្រេះ និង​ឆ្នេរ​អូរឈើទាល និង​ប្រជាពលរដ្ឋ នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី​ទាំង​នោះ មាន​ខ្លឹមសារ​ស្នើ​ដល់​ប្រមុខ​ដឹកនាំ​ជួយ​អន្តរាគមន៍​ឲ្យ​ក្រុម​អាជីវករ​អាច​បន្ត​សង់​តូប​លក់ដូរ ឬ​អាច​បន្ត​លក់ដូរ​នៅ​តាម​មាត់​សមុទ្រ និង​ស្នើ​សុំ​កាត់​ឆ្វៀល​ដី​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ពួកគាត់​ជាដើម។

ទាក់ទិន​បញ្ហា​នេះ កាលពី​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​កុម្ភៈ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​នេះ​នឹង​ចុះ​អនុវត្ត​ផែនការ​អភិវឌ្ឍ​ឆ្នេរសមុទ្រ ឲ្យ​ស្របតាម​សារាចរ​លេខ ០១ របស់​រាជរដ្ឋាភិបាល ស្តី​អំពី​ការ​កែ​លម្អ​ឆ្នេរសមុទ្រ​ឲ្យ​មាន​សោភណភាព​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍។ ជាង​នេះ លោក យន្ត មីន ក៏​ស្នើ​ដល់​ក្រុម​អាជីវករ​លក់ដូរ​នៅ​តាម​ឆ្នេរ​ឲ្យ​ចូលរួម​អភិវឌ្ឍ​ឆ្នេរ​បាន​រលូន​ជាមួយ​រាជរដ្ឋាភិបាល ព្រោះ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​មាន​សំណង់​រឹងមាំ​សង់​នៅ​ជាប់​ឆ្នេរ​សមុទ្រ​នោះ​ទេ។

ចំណែក​ការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​តាម​សហគមន៍​នានា​វិញ លោក យន្ត មីន បញ្ជាក់​ថា ទំនាស់​ដីធ្លី​ដែល​ស្ថិត​ក្នុង​ដៃ​តុលាការ គឺ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មិន​មាន​សិទ្ធិ​លូកដៃ​ជួយ​អន្តរាគមន៍​ជូន​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​បើ​ទំនាស់​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ ឬ​ការងារ​ចុះ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ អាជ្ញាធរ​កំពុង​បង្កើន​សកម្មភាព ឬ​បញ្ជូន​មន្ត្រី​ចុះ​វាស់ដី​ឈាន​ដល់​ផ្ដល់​ប្លង់​កម្មសិទ្ធិ​នៅ​តាម​សហគមន៍​នីមួយៗ​ជា​បណ្តើរៗ​រួច​ហើយ។

លោក ប៊ួន ណារិទ្ធិ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ ដែល​តាម​អង្កេត​ការ​ប្រមូល​ផ្តុំ​គ្នា​លើក​បដា​តវ៉ា និង​ដាក់​ញត្តិ​ជូន​ប្រមុខ​ដឹកនាំ​ដល់​មុខ​គេហដ្ឋាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឆ្នេរអូរឈើទាល ផ្ដល់​អនុសាសន៍​ថា រដ្ឋាភិបាល​ត្រូវ​មាន​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ឲ្យ​ច្បាស់លាស់ និង​ជួយ​វែក​មុខ​មន្ត្រី​ពុករលួយ​ដែល​ឃុបឃិត​ធ្វើ​បាប​ប្រជាពលរដ្ឋ​យក​មក​ផ្ដន្ទាទោស។

​លោក ប៊ួន ណារិទ្ធិ៖ «ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ និង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​តាម​សហគមន៍​ទាំង​អស់​នា​ខេត្ត​ព្រះសីហនុ គឺ​សង្ឃឹម​ទៅ​លើ​តែ​សម្ដេច​នាយករដ្ឋមន្ត្រី​តែ​មួយ​គត់ ដែល​លោក​អាច​ជម្នះ ឬ​ហ៊ាន​អា​កាត់​នូវ​បញ្ហា​ផ្សេងៗ ហើយ​នឹង​អាច​ដោះស្រាយ​រាល់​វិវាទ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស»

​របាយការណ៍​អង្គការ​លីកាដូ បាន​បង្ហាញ​ថា ខេត្ត​ព្រះសីហនុ មាន​ប្រជាពលរដ្ឋ​ជាង ២០​សហគមន៍​មាន​វិវាទ​ដីធ្លី ហើយ​អាជ្ញាធរ​ខេត្ត​នេះ មិន​ទាន់​មាន​ដំណោះស្រាយ​ទេ។ ទំនាស់​ខ្លះ​បាន​អូស​បន្លាយ​ពេល​ចន្លោះ​ពី ៥​ឆ្នាំ ទៅ​ដល់ ១៥​ឆ្នាំ ឬ​ច្រើន​ជាង​នេះ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​ទទួល​បាន​យុត្តិធម៌​ពិត​ប្រាកដ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។